រាជធានីភ្នំពេញ៖ ដោយមានការគាំទ្រយ៉ាងខ្លាំងលើកម្មវិធី “គូបូតា ធ្វើអោយការងារកសិកម្មប្រសើរឡើង នាំមកជូន ជើងឯកប្រដាល់លេខ ១ គូបូតា” កាលពីថ្ងៃទី ៧ មេសា ២០១៧ កន្លងទៅនេះ ក្រុមហ៊ុន គូបូតា (ខេមបូឌា) បានរៀបចំសន្និសីទកាសែតមួយនៅស្ថានីយទូរទស្សន៍បាយ័ន ក្រោមអធិបតីភាពរបស់តំណាងក្រុមហ៊ុន គូបូតា (ខេមបូឌា) សហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថានីយទូរទស្សន៍បាយ័ន ដើម្បីប្រកាសពីការឧបត្ថម្ភទាំងស្រុងរបស់ខ្លួនក្នុងកម្មវិធីប្រដាល់ក្បាច់គុនបុរាណខ្មែរ “គូបូតា ធ្វើអោយការងារកសិកម្មប្រសើរឡើង នាំមកជូន ជើងឯកប្រដាល់លេខ ១ គូបូតា” ដ៏ថ្មីមួយនេះ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កិច្ចសហការដ៏ស្អិតរមួតជាបន្តបន្ទាប់រវាងក្រុមហ៊ុន គូបូតា (កម្ពុជា) សហព័ន្ធកីឡាប្រដាល់កម្ពុជា និងស្ថានីយទូរទស្សន៍បាយ័ន តែងនាំមកជូនអ្នកស្នេហាវិស័យកីឡាប្រដាល់នូវការប្រកួតដ៏ស្វិតស្វាញ ជាក់ស្តែងនៅពេលនេះកម្មវិធីប្រដាល់ “គូបូតា ធ្វើអោយការងារកសិកម្មប្រសើរឡើង នាំមកជូន ជើងឯកប្រដាល់លេខ ១ គូបូតា” ក៏បាននាំមកនូវកំពូលកីឡាករជើងខ្លាំងខ្មែរ-ថៃចំនួន ៨ រូបដើម្បីប្រកួតដណ្តើមខ្សែក្រវាត់នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។ អ្នកសេ្នហាកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរទាំងអស់ អាចទស្សនាការប្រកួតនេះរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៧ យប់ ដល់ម៉ោង ៩ យប់ ដោយមានការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ន ចាប់ពីថ្ងៃទី ៧ មេសា ២០១៧ នេះតទៅ។ កំពូលកីឡាករខ្មែរ-ថៃទាំង ៨ រូបរួមមាន៖ ផាន់ គ្រាន់ សេង ស្រឿន ចាន់ ប៊ុនលាភ ធន់ ចាន់តាក់ ផេត ង៉ាម (ថៃ) ផេតឆាត់ឆ័យ (ថៃ) យ៉តខោវ៉ាង (ថៃ) និង ឌេនយ៉ាក់សូ(ថៃ)។

នៅក្នុងសន្និសីទសារព័ត៌មាននេះក៏មាន ការថ្លែងសុន្ទរកថាពីតំណាងក្រុមហ៊ុន គូបូតា ស្ថានីយទូរទស្សន៍បាយ័ន និងសហព័ន្ធកីឡាប្រដាល់កម្ពុជាផងដែរ។

អ្វីដែលពិសេស ក្នុងសន្និសីទសារព័ត៌មាននោះគឺមានប្រកួតអន្តរជាតិគូរទីមួយដែលនឹងធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញ និងជក់ចិត្តជាមួយនឹងវត្តមានរបស់អ្នកស្នេហាវិស័យកីឡាប្រដាល់ក្បាច់គុណបុរាណខ្មែរប្រមាណជាង 3000 (បីពាន់នាក់) ផងដែរ។

បើតាមការលើកឡើងរបស់ លោក ពេជ អំបូរពង្ស អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន គូបូតា (កម្ពុជា) បានមានប្រសាសន៍ថា “គូបូតា បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់កសិករកម្ពុជារហូតបានក្លាយជាក្រុមហ៊ុនឈានមុខគេលើវិស័យគ្រឿងចក្រកសិកម្ម។ យើងតែងតែស្វែងរកអ្វីដែលថ្មីសម្រាប់អតិថិជនរបស់យើង និងប្រជាជនកម្ពុជាទាំងអស់បន្ថែមពីលើផលិតផល និងសេវាកម្មប្រកបដោយគុណភាពខ្ពស់ និងជឿទុកចិត្ត។ លើសពីនេះទៅទៀត ការបន្ដកម្មវិធីប្រដាល់នេះគឺដើម្បីចូលរួមផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងៗ និងល្បីសុសសាយពេញសកលលោកផងដែរ។ យើងជឿជាក់ថាកម្មវិធីប្រដាល់នេះ នឹងអាចបម្រើអារម្មណ៍ក៏ដូចជាទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាជាក់ជាមិនខាន”។

លោក ម៉ិល កាដូ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា “យើងតែងតែគាំទ្រគ្រប់សកម្មភាពកីឡាទាំងអស់ ជាពិសេសកីឡាប្រដាល់គុណខ្មែរនេះតែម្តង ហើយកម្មវិធីមួយនេះ ក៏បានចូលរួមចំនែកក្នុងការលើកស្ទួយកីឡានេះផងដែរ”។ 

ចំណែកលោក នាង ស៊ីវុត្ថា តំណាងរបស់ស្ថានីយទូរទស្សន៍បាយ័នក៏បានឲ្យដឹងផងដែរថា“ស្ថានីយទូរទស្សន៍បាយ័ន ពិតជារីករាយ និងអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនគូបូតា ដែលសហការបង្កើតឲ្យមានកម្មវិធីប្រដាល់នេះឡើង ហើយយើងក៏សង្ឈឹមដែលថា ប្រជាពលរដ្ឋនឹងគាំទ្រកម្មវិធីមួយនេះ​ ក៏ដូចជាគាំទ្រវិស័យប្រដាល់ក្បាច់គុនបុរាណខ្មែរ ដើម្បីឲ្យកីឡាកររបស់យើងមានជីវភាពកាន់តែប្រសើរឡើង”។

សូមទស្សនិកជនអ្នកស្នេហាវិស័យកីឡាប្រដាល់ទាំងអស់កុំខកខានទស្សនាការប្រកួតនេះ និងគាំទ្រកីឡាករដែលអ្នកពេញចិត្តក្នុងកម្មវិធី “គូបូតា ធ្វើអោយការងារកសិកម្មប្រសើរឡើង នំាមកជូន ជើងឯកប្រដាល់លេខ ១ គូបូតា” ជាបន្តទៀត ហើយរង់ចាំមើលទាំងអស់គ្នាថាតើកីឡាកររូបណានឹងអាចក្លាយជាម្ចាស់ជ័យលាភីជើងឯកសម្រាប់ការប្រកួតដ៏ក្តៅគគុកនេះ។ វត្តមានរបស់លោកអ្នកក្នុងកម្មវិធីប្រដាល់នេះគឺជាការបង្ហាញនូវការគាំទ្រយ៉ាងធំធេង និងមានតម្លៃបំផុតចំពោះកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរយើង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]