ជាញឹកញាប់ អ្នកតែងតែមានអារម្មណ៍ថា ឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច របស់អ្នកដូចជាស្មាតហ្វូន និងកុំព្យូទ័រយូរដៃ ហាក់ដូចជា ឆាប់ចាស់ ឆាប់ខូច ប្រើមិនបានយូរទាល់តែសោះ។   ជាក់ស្តែងអ្នកគួរតែបន្ទោសសកម្មភាពរបស់អ្នកជាប្រចាំវិញ ទើបត្រូវពីព្រោះមនុស្សភាគច្រើន យល់ខុសក្នុងការប្រើប្រាស់ ព្រមទាំងថែទាំ មិនបានត្រឹមត្រូវសោះឡើយ។

ហេតុនេះយើងនឹង បង្ហាញពីកំហុស និងដំណោះស្រាយមួយចំនួន ដែលអ្នកគួរតែយល់ដឹងព្រមទាំងអនុវត្តផង ដើម្បីឲ្យឧបករណ៍អេឡិចត្រូនិចទាំងនោះ ប្រើបានយូរ៖

១. ការសាកថ្ម 

• ថ្មប្រភេទ lithium-ion និង lithium-polymer ដែលមានក្នុងទូរស័ព្ទ tablet និងកុំព្យូទ័រយួរដៃ ត្រូវតែសាកឲ្យពេញឡើងវិញ និងកុំបណ្តោយឲ្យ ថ្មធ្លាក់ដល់សូន្យឲ្យសោះ ពីព្រោះការសាកពី ០ ឡើងដល់ ១០០ ពេញ អាចសាកបានតែ ៤០០ ទៅ ៦០០ ដងប៉ុណ្ណោះ។

• ដើម្បីឲ្យប្រើប្រាស់បានកាន់តែយូរ អ្នកត្រូវតែឧស្សាហ៍សាកថ្ម វាឲ្យបានញឹកញាប់ ជាពិសេស នៅពេលវាធ្លាក់ដល់ ២០% ឬ ១០%។

• ឧបករណ៍អេឡិចត្រូនិច សព្វថ្ងៃ ទោះបីជាសាកថ្មពេញហើយ មិនដកឆ្នាំងសាកចេញក៏មិនមានហានិភ័យអ្វីដែរ ប៉ុន្តែ នេះមិនមែនមានន័យថាអ្នកត្រូវទុកជាប់រហូតគ្រប់ពេលនោះទេ។ ជាក់ស្តែង ថ្មនឹងកាន់បានយូរជាង ប្រសិនបើអ្នកសាកត្រឹម ៤០% ទៅ ៨០%។ 

• អ្នកមិនត្រូវទិញ ឆ្នាំងសាកដែលថោកៗនោះទេ ពីព្រោះវាគ្មានស្តង់ដារ និងមានហានិភ័យខ្ពស់។ ជាពិសេស អ្នកមិនត្រូវសាកថ្ម ដោយប្រើខ្សែ USB ជាមួយនឹងឧបករណ៍ដទៃ (ដូចជា កុំព្យូទ័រ) ឡើយ។

• ចៀសវាងទិញ និងប្រើប្រាស់ ឆ្នាំងសាក ដែលអាចសាកបានរហ័ស តិចជាងមួយម៉ោង។

• ដើម្បីការពារការឡើងកម្តៅទូរស័ព្ទ អ្នកគួរដោះសំបកទូរស័ព្ទចេញ នៅពេលសាកថ្ម។

• រៀងរាល់ ៣ ខែម្តង អ្នកគួរប្រើថ្មទូរស័ព្ទ ឬថ្មកុំព្យូទ័រ ឲ្យអស់ដល់ ០% រួចធ្វើការសាកមួយពេញ ១០០% វិញ ដើម្បីថែទាំសុខភាពថ្មឧបករណ៍របស់អ្នក។

២. ការគ្រប់គ្រងសីតុណ្ហភាព 

• រាល់ពេលប្រើប្រាស់កុំព្យូទ័រយួរដៃ អ្នកត្រូវចៀសវាងដាក់វាលើជើង ឬលើពូក ដើម្បីការពារការឡើងកម្តៅម៉ាស៊ីន។ វិធីប្រើប្រាស់ល្អបំផុត គឺប្រើជើងកុំព្យូទ័រ (ខ្លះមានកង្ហារភ្ជាប់ជាមួយផង) ជាជំនួយ។

• ថ្មប្រភេទ lithium-ion មិនអាចឡើងកម្តៅខ្លាំងបានទេ ហេតុនេះអ្នក គួរតែរក្សាឧបករណ៍របស់អ្នក ចៀសឆ្ងាយពីកាំរស្មីព្រះអាទិត្យ ឬកន្លែងដែលមានកម្តៅក្តៅខ្លាំងនោះទេ។

• សីតុណ្ហភាពត្រជាក់ពេក ក៏មិនល្អសម្រាប់ថ្មដែរ។ សូមអ្នកប្រើប្រាស់ទូរស័ព្ទ ដោយមានសំបកការពារ នៅពេលអ្នកចេញក្រៅ នៅពេលមានសីតុណ្ហភាពត្រជាក់ខ្លាំង។

៣. ការការពារអេក្រង់ 

• អ្នកត្រូវដាក់អេក្រង់កុំព្យូទ័រ ឲ្យចៀសឆ្ងាយពី កាំរស្មីព្រះអាទិត្យផ្ទាល់ ពីព្រោះវាអាចបំផ្លាញពណ៌ លើអេក្រង់បាន។

• អ្នកត្រូវថែទាំអេក្រង់ឲ្យបានល្អ ជាពិសេស កុំប្រើម្រាមដៃប៉ះ ឬសង្កត់អេក្រង់ឲ្យសោះ។

• អ្នកអាចប្រើក្រណាត់ទន់ជូតអេក្រង់បាន តែសូមកុំប្រើទឹកបាញ់សម្អាតឲ្យសោះ ព្រោះវាមានជាតិអាម៉ូញាក់ ដែលអាចបំផ្លាញអេក្រង់បាន។

៤. ការសម្អាតធូលី និងកំទេចកំទី 

• ប្រសិនបើអ្នកដាក់ទូរស័ព្ទក្នុងកាបូបស្ពាយ នោះធូលី និងកំទេចកំទីផ្សេងៗ និងរារាំងប្រព័ន្ធទូរស័ព្ទរបស់អ្នក។  ដើម្បីកម្ចាត់ធូលីទាំងនោះចេញ អ្នកត្រូវបិទទូរស័ព្ទរបស់អ្នក រួចប្រើច្រាសដុសធ្មេញ និងក្រណាត់ទន់មកសម្អាត។

• ជាក់ស្តែង អ្នកគួរតែដាក់ទូរស័ព្ទ នៅដាច់ដោយឡែកពីគេ (ចំហៀងកាបូប)។

• អ្នកត្រូវសម្អាត កុំព្យូទ័ររបស់អ្នកមួយឆ្នាំ ម្តង ឬពីដង (អាស្រ័យលើលក្ខខណ្ឌដំណើរការ) ជាពិសេសនៅពេល ដែលអ្នកលើសម្លេងថ្លង់ចេញពីកុំព្យូទ័រ ឬសង្កេតឃើញថា ឆាប់ក្តៅខុសពីធម្មតា។

• ប្រសិនបើអ្នកមិនចេះសម្អាតទេ អ្នកអាចទាក់ទង សេវាកម្មអ្នកជំនាញកុំព្យូទ័រ មកធ្វើជំនួសក៏បាន៕ 

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

តើអ្នក «ក្តាប់ដៃ» ដូចទៅនឹងទម្រង់មួយណា...? ពីព្រោះ សូម្បីតែរបៀបក្តាប់ដៃ ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈ របស់អ្នកបានដែរ!

អត្ថបទមួយនេះ យើងនឹងលើកឡើងនូវ បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ យោងទៅតាមរបៀបដែលអ្នក ក្តាប់ដៃរបស់ខ្លួន។

ចង់ដឹងយ៉ាងណានោះ សូមក្តាប់ដៃរបស់អ្នកតាមទម្លាប់ រួចពិនិត្យមើលរូបភាព និងតាមដានការបកស្រាយ ដូចខាងក្រោម ៖

១. អ្នកជាមនុស្សដែល តែងតែជួយគេ ទោះបីជាផ្តល់ផលលំបាក ឬនាំបញ្ហាមកខ្លួនវិញក៏ដោយ។ អ្នកក៏ជាមនុស្សដែល ចូលចិត្តស្វែងរកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ជាពិសេស មានភាពស្វាហាប់ និងអត់ធ្មត់ខ្ពស់។ មនុស្សភាគច្រើន ចាត់ទុកអ្នកជា អ្នកផ្សងព្រេង និងជាកំពូលអ្នកក្លាហាន ប៉ុន្តែជាក់ស្តែង អ្នកក៏ត្រូវការជំនួយ និងការការពារពីអ្នកដទៃដែរ។ អ្នកក៏ជួបមនុស្សដែលបោកប្រើ ចិត្តសប្បុរសរបស់អ្នកច្រើនដែរ តែទោះជាយ៉ាងណា អ្នកមិនដែលបោះបង់ចោលទេ អ្នកនៅតែបន្តការពារ អ្នកដែលត្រូវការជំនួយពីអ្នកជានិច្ច។

២. អ្នកជាមនុស្សចុះចំណោមគេ និងទាក់ទាញមនុស្ស ឲ្យចូលចិត្តគ្រប់ៗគ្នា។ អ្នកជុំវិញខ្លួនអ្នក ពេញចិត្តភាពស្មោះត្រង់ និងចិត្តមុះមត់របស់អ្នកណាស់។ អ្នកក៏ជាមនុស្ស ដែលមានទំនុកចិត្តលើខ្លួនឯង ឧស្សាហ៍ព្យាយាម និងរហ័សរហួន ទើបបានជាមនុស្សគ្រប់គ្នាចូលចិត្តអ្នក ហើយអ្នកក៏អាចក្លាយជាអ្នកដឹកនាំ បានយ៉ាងល្អថែមទៀត។ អ្នកជាមនុស្សដែលត្រូវការការទទួលស្គាល់ និងការសរសើរ តែអ្នកក៏ជាមនុស្សខ្លាចបរាជ័យដែរ។ ជាធម្មតា អ្នកតែងតែមានមនុស្សច្រណែន នឹងភាពជោគជ័យរបស់អ្នកជានិច្ច។

៣. អ្នកជាមនុស្ស មោះមុត ប៉ុន្តែអៀនច្រើន ហេតុនេះ អ្នកដែលនៅជុំវិញខ្លួនអ្នក តែងតែគិតថាអ្នកជាមនុស្សមិនសូវមាត់ក និងមិនចូលចិត្តរាប់អានមនុស្សច្រើន។ អ្នកក៏ជាមនុស្ស ដែលគិតច្រើន និងចេះច្រើន រហូតពេលខ្លះហត់នឹងការគិតរបស់ខ្លួនឯងទៀតផង។ ជាងនេះទៅទៀត អ្នកក៏ជាមនុស្សមានចក្ខុវិស័យច្បាស់លាស់ ព្រមទាំងប្តេជ្ញាចិត្តគ្រប់បែបយ៉ាង ដើម្បីសម្រេចគោលបំណង។ ជាក់ស្តែង អ្នកគួរតែ ចេះបត់បែប និងរួសរាយជាងមុនខ្លះ ទើបជាការប្រសើរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]