(ភ្នំពេញ)៖ ជាការពិតទស្សនិកជនមួយចំនួន ពិតជាបានជ្រាបតម្លៃខ្លួន តារាចម្រៀងល្បីក្មេងៗប្រចាំប្រទេសដូចជា លោក ព្រាប សុវត្ថិ, កញ្ញា ឱក សុគន្ធកញ្ញា, កញ្ញា សុគន្ធ និសា និង មាស សុខសោភា ជាដើមហើយ។ តែដោយឡែកសម្រាប់តារាចម្រៀងជើងចាស់វិញ គេមិនទាន់ដឹងថា ពួកគេមានហាងឆេងយ៉ាងណានោះទេ។ នៅពេលនេះ មានប្រភពព័ត៌មានមួយទំលាយ ពីតម្លៃខ្លួនរបស់តារាចម្រៀងជើងចាស់ ដែលមានកេរ្តិ៍ឈ្មោះទាំងអស់នោះ ប៉ុន្តែ Khmertalking សូមបង្ហាញជូនតែ៥ដួងជាមុនសិន ក្នុងចំណោមតារាល្បីៗជើងចាស់ទាំង។

តារាទាំង៥ដួងនោះ រួមមាន៖

១ អ្នកនាង ម៉េង កែវពេជ្ជតា៖ ថ្វីត្បិតតែមិនមែនជាតារាចម្រៀងយុវវ័យ ដូចកាលពីប៉ុន្មានឆ្នាំមុន តែនាងនៅតែបន្តឈរជួរមុខ ក្នុងចំណោមតារាចម្រៀង ជើងចាស់ដដែល ហើយមានតំលៃខ្លួនខ្ពស់ជាងគេ ក្នុងចំណោមតារាចម្រៀងជើងចាស់ ពោលគឺតម្លៃខ្លួនមានចន្លោះពី១២០០ទៅ១៨០០ដុល្លារ សម្រាប់ការច្រៀងក្នុងមួយយប់ៗ សម្រាប់កម្មវិធីផ្សេងៗ។

២ លោក ណយ វ៉ាន់ណេត៖ តារាចម្រៀងជើងចាស់រូបនេះ នៅតែមានប្រជាប្រិយភាព ក្នុងចំណោមតារាចម្រៀង ហើយលេចមុខច្រើន ក្នុងកម្មវិធីផ្សេងៗ តែលោកមិនសូវមានបទចម្រៀងចេញ ដូចតារាជើងចាស់ផ្សេងទេ។ តម្លៃខ្លួនលោក ណយ វ៉ាន់ណេត មានចន្លោះពី៣០០ទៅ៦០០ដុល្លារ ទៅតាមកម្មវិធីផ្សេងៗ។

៣ លោកស្រី ហ៊ឹម ស៊ីវន៖ ជាតារាចម្រៀងជើងចាស់ ដែលមានទឹកមាត់លេបច្រើនជាងគេ ព្រោះលោកស្រីតែងតែបង្ហាញមុខ ក្នុងកម្មវិធីធំៗលំដាប់ជាតិ និងអន្តរជាតិនានាច្រើន ហើយមានវគ្គខ្លះ តម្រូវឲ្យបេក្ខជនច្រៀងបទចម្រៀងលោកស្រី ទាំងអស់ក៏មាន។ កម្មវិធីធំៗគឺមានវត្តមានលោកស្រី តែជាការពិតលោកស្រី មិនសូវចេញច្រៀងតាមកម្មវីធីផ្សេងៗប៉ុន្មានទេ ព្រោះប្រកាន់តម្លៃខ្លួនសមរម្យ ទោះអញ្ជើញចូលរួម។ ប្រភពបានទំលាយពីតម្លៃខ្លួនលោកស្រី ហ៊ឹម ស៊ីវន ថា មានចន្លោះពី ៧៥០ដុល្លា ទៅ១០០០ដុល្លារក្នុងមួយកម្មវិធី ហើយមិនងាយចេញ ទៅចូលរួមកម្មវិធីអ្វីផ្ដេសផ្ដាសទេ។

៤ អ្នកនាង សួន ចន្ថា៖ ជារឿយៗ អ្នកនាង សួន ចន្ថា ច្រៀងឲ្យផលិតកម្ម ដែលផលិតបទចម្រៀងលក់ក្រៅស្រុក តែពេលនេះផលិតកម្មទាំងនោះ បានបិទទ្វារអស់ទៅហើយ ។ អ្នកនាង សួន ចន្ថា ក៏ហាក់មិនសូវលេចធ្លោរខ្លាំងដូចមុនដែរ។ សួន ចន្ថា បានច្រៀងក្នុងក្រុមភ្លេង ដ៏ល្បីល្បាញពីរក្រុម គឺលោក យ៉ែម សំអូន និង លោក អេឡិច ចាន់ត្រា ខណៈតម្លៃខ្លួនមានពីរយ៉ាង គឺតម្លៃច្រៀងក្នុងក្រុម ពី១៥០ទៅ២០០ដុល្លារតាមកម្មវិធី និងតម្លៃភ្ញៀវហៅ ចាប់ពី៣០០ដុល្លារឡើង ទៅតាមកម្មវិធី។ តម្លៃច្រៀងឲ្យក្រុមថោកជាងភ្ញៀវ ព្រោះមានការងារប្រចាំ។

៥ អ្នកនាង ហ៊ឹម សូភី៖ តារាចម្រៀងស្រី បែបប្រជាប្រិយ ទើបតែលះលែងស្វាមីថ្មីៗនេះ នៅតែជាតារាជើងចាស់ មានល្បី គួរសម ព្រោះអ្នកនាងតែងតែបង្ហាញមុខ នៅលើកញ្ចក់ទូរទស្សន៍ញឹកញាប់ ។ អ្នកនាង ហ៊ឹម សូភី ក៏មានតម្លៃខ្លួន មិនខុសពីអ្នកនាង សួន ចន្ថា ប៉ុន្មានដែរ ពោលគឺចាប់ពី៣០០ដុល្លារឡើងទៅ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]