ទីក្រុងបាងកក ថ្ងៃទី 28 ខែមីនា ឆ្នាំ 2017៖ រថយន្ត Rolls-Royce ស៊េរី Black Badge ជារថយន្តដែលមានលក្ខណៈមួយបែបទៀតរបស់កំពូលរថយន្តប្រណីតឈានមុខគេរបស់ពិភពលោក ត្រូវបានបង្ហាញឲ្យប្រជាជនអាស៊ីអាគ្នេយ៍បានឃើញជាលើកដំបូងនៅក្នុងពិព័រណ៍រថយន្តអន្តរជាតិក្រុងបាងកកលើកទី 38 ។ ខណៈដែលមនុស្សម្នាផ្ដោតលើសាល Challenger Hall នៃមជ្ឈមណ្ឌលពិព័រណ៍ Impact រថយន្ត Rolls-Royce ម៉ូដែល Wraith Black Badge បានក្លាយជាតួអង្គលេចធ្លោ ។

រថយន្ត Rolls-Royce Black Badge គឺផ្ដោតលើអតិថិជនវ័យក្មេង មានភាពជឿជាក់ ជាអ្នកដែលចូលចិត្តបំពានលើវិន័យ និងអ្នកដែលហ៊ានធ្វើអ្វីដែលថ្មី ពោលគឺអ្នកដែលប្រឹងប្រែងធ្វើការនៅពេលថ្ងៃ ប៉ុន្តែ ក៏និយមចូលចិត្តការលេងកម្សាន្តនៅពេលស្បៃរាត្រីចូលមកដល់ ។ ស្មារតីនេះគឺស្របគ្នានឹងភាពមោះមុតរបស់បុគ្គលឆ្នើមឈានមុខដូចជាលោក Muhammed Ali និង សហស្ថាបនិករបស់យីហោ Rolls-Royce នៃយើង គឺលោក Charles Rolls ដែលមានការជួបជុំគ្នាឥតដែនកំណត់ និងខិតខំប្រឹងរុញច្រានធ្វើយ៉ាងណាសម្រេចការងារទៅតាមចក្ខុវិស័យរបស់ខ្លួន ។

លោក Paul Harris នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុនរថយន្ត Rolls-Royce បានមានប្រសាសន៍ថា៖ “ស្របពេលដែលតំបន់អាស៊ីអាគ្នេយ៍បានប្រែក្លាយយ៉ាងលឿនជាចំណុចស្នូលរបស់ពិភពលោក សម្រាប់សហគ្រិនជោគជ័យខ្លាំង និងមានវ័យក្មេងជាច្រើន បានងាកចេញពីទម្លាប់ប្រពៃណីធម្មតា ដើម្បីធ្វើឲ្យខ្លួនឯងកាន់តែលេចធ្លោ ដូច្នេះហើយទើបរថយន្ត Rolls-Royce Black Badge បានដាក់ចេញ នូវរថយន្តដែលមានផ្ទៃងងឹត និងមានលក្ខណៈមុតមាំជាងមុន ដើម្បីតម្រូវតាមឥរិយាបថនៃមនុស្សទាំងអស់នេះ” ។

លោកបានបន្តទៀតថា៖ “អតិថិជនទាំងអស់នេះ គឺមានភាពជឿជាក់ មានការទាមទារច្រើន និងមិនខ្លាចក្នុងការបើកបរដើម្បីគ្រប់គ្រងការធ្វើដំណើរទៅមុខនោះទេ ។ រថយន្ត Black Badge គឺជាចម្លើយដ៏ល្អឥតខ្ចោះ សម្រាប់ការច្នៃកម្ម៉ង់រថយន្តបែប Bespoke សម្រាប់អ្នកជាម្ចាស់ផង ជាអ្នកបើកបរខ្លួនឯងផង ដែលមានចរិតប្លែក ម៉ឺងម៉ាត់ និងស្វាហាប់ទាំងនេះ” ។

យោងតាមលោក Sunthornpan Dhechatech នាយកគ្រប់គ្រងក្រុមហ៊ុនរថយន្ត Rolls-Royce ក្រុងបាងកក បានឲ្យដឹងថា រថយន្ត Black Badge បានបង្ហាញឲ្យឃើញនូវរចនាបថ គំរូ ថ្មីសម្រាប់អតិថិជនរបស់ខ្លួន។

លោកបានឲ្យដឹងថា៖ “មូលដ្ឋានអតិថិជនរថយន្ត Rolls-Royce នៅពេលនេះ កាន់តែទូលំទូលាយ វ័យកាន់តែក្មេងជាងមុន ដោយក្នុងនោះបុគ្គលដែលមានប្រាក់ចំណូលមហាខ្ពស់ (UHNWIs) កាន់តែផុសផុលតាមរយៈអាជីវកម្មដែលទទួលជោគជ័យយ៉ាងសម្បើម” ។

លោកបានបន្តទៀតថា៖ “ម៉ូដែល Wraith Black Badge ដែលមានរូបរាងក្រម៉ៅ និងហាប់ជាងមុន គឺជានិមិត្តសញ្ញានៃភាពជោគជ័យសម្រាប់សហគ្រិនវ័យក្មេងទាំងអស់នេះ ហើយនេះជាតឹកតាង ក៏ដូចជារង្វាន់សម្រាប់ដំណើរជីវិតដែលគេបានជ្រើសរើស” ។

ពណ៌ខ្មៅពោរពេញដោយអំណាច

ការប្លែងខ្លួនរបស់រថយន្ត Rolls-Royce Wraith ទៅជារថយន្ត Wraith Black Badge ចាប់ផ្ដើមចេញពី “នារីហោះហើរ” ជានិមិត្តរូបរបស់រថយន្ត គឺទេវរូប Spirit of Ecstasy ។ ទេវរូបនេះមិនបានផ្លាស់ប្ដូរការរចនា ទ្រង់ទ្រាយ ឬវត្ថុធាតុផលិតនោះទេ ប៉ុន្តែ ផ្លាស់ប្ដូរពណ៌ ដើម្បីឲ្យបានក្លាយជាពណ៌ខ្មៅ ទៅតាមស៊េរី Black Badge ។ ទេវរូបស្រីនោះប្រែក្លាយជានារី ពណ៌ខ្មៅភ្លឺរលោងចញ្ចាច ដែលកំពុងតែបង្ហាញខ្លួននាំផ្លូវទស្សនាទិដ្ឋភាពទីក្រុងនាពេលរាត្រី ។

អក្សរ RR នៅពីមុខ ពីចំហៀង និងនៅផ្នែកខាងក្រោយ របស់ម៉ូដែល Wraith បានប្រែបញ្ច្រាសទៅជាពណ៌ទឹកប្រាក់ នៅលើផ្ទៃខ្មៅវិញ ។ ចំណែកឯផ្នែកដែលមានពណ៌ក្រូម ដូចជាប៉ាណាខាងមុខ គូថរថយន្ត ប្រហោងកាងមុខផ្នែកខាងក្រោម និងស៊ីម៉ាង បានប្រែជាពណ៌ក្រម៉ៅ ដើម្បីបន្លំខ្លួននៅពេលផ្ទៃមេឃគ្របដណ្ដប់ដោយស្បៃរាត្រីងងឹត ។

រថយន្តស៊េរី Black Badge នឹងតម្រូវឲ្យការផលិតរថយន្តពណ៌ខ្មៅ កាន់តែក្រាស់ដិតមួយកម្រិតទៀត ។ ថ្នាំ និងវ៉ែនី ជាច្រើនស្រទាប់ សម្រាប់ការបង្កើតរថយន្តស៊េរី Black Badge ពណ៌ខ្មៅ នឹងត្រូវដុសខាត់ដោយដៃជាច្រើនលើកច្រើនសា ហើយនេះជាដំណើរការដុសខាត់ពណ៌ ផ្ចិតផ្ចង់បំផុត ។ លទ្ធផលដែលទទួលបានគឺ ពណ៌ខ្មៅងងឹតជាងស្បៃរាត្រី ដែលដិត និងហាប់ខ្លាំងជាងគេបំផុត បើធៀបនឹងពណ៌ខ្មៅធម្មតាសម្រាប់ផ្ទៃរថយន្តទូទៅ ។ ប៉ុន្តែ ដោយសារតែការកុម្ម៉ង់បែប Bespoke គឺជារបស់រថយន្ត Rolls-Royce ដូច្នេះ អតិថិជនអាចកំណត់ពណ៌តាមការចង់បានសម្រាប់ផ្ទៃខាងក្រៅ និងផ្ទៃខាងក្នុងនៃរថយន្ត Rolls-Royce Black Badge របស់ខ្លួន ។

ការបំប្លែងឲ្យកាន់តែខ្មៅងងឹត

ដំណើរការបំប្លែងឲ្យកាន់តែខ្មៅងងឹតគឺចាប់តាំងពីតាប្លូរបស់រថយន្ត Wraith Black Badge ។ ក្នុងនោះ ចំណុចសំខាន់នៃកាប៊ីនផ្នែកខាងមុខនៃរថយន្តនេះគឺមានផ្ទៃដែលធ្វើពីសរសៃកាបូន ផ្សំនឹងអាលុយមីញ៉ូម ដែលមានគុណភាពលំដាប់អវកាស ។ សរសៃអាលុយមីញ៉ូមដែលមានកម្រាស់ត្រឹមតែ 0.014 មីលីម៉ែត្រ ត្រូវបានយកទៅត្បាញបញ្ចូលគ្នាមុនពេលបញ្ចូលគ្នាជាមួយនឹងសរសៃកាបូន តាមរយៈដំណើរការយ៉ាងផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ ហើយបង្កើតបានជាសម្ភារៈកំពូលប្រណីតថ្មីបំផុតក្នុងពិភពលោក ។

រូបសញ្ញា “អានន្ទ” ត្រូវបានផ្ដិតជាប់នឹងផ្ទៃរបស់តាប្លូរបស់រថយន្តនេះ នៅលើខ្នើយ ក៏ដូចជាប៉ាក់ឌិនជាប់នឹងពូក ដើម្បីជានិមិត្តសញ្ញាបង្ហាញពីឥរិយាបថរបស់ម៉ូដែល Black Badge ដែលត្រូវយកឈ្នះ ឬព្រងើយកន្តើយចំពោះដែនកំណត់ដែលកំណត់ដោយការជួបជុំបែបសង្គម ។ ការតុបតែងបញ្ចប់? គឺអំពូលភ្លើងសម្រួលអារម្មណ៍ ដែលបញ្ចេញមកពីកញ្ចុំភ្លើងផ្កាយនៅផ្នែកខាងក្រោយ ដែលប្រៀបបាននឹងសុរិយារៀបអស្ដង្គត ដែលបានបំភ្លឺនៅក្នុងរថយន្ត ដើម្បីបង្កើតបានជាពន្លឺងងឹត ។

ប្រព័ន្ធឌីណាមិកខ្លាំង

ម៉ូដែល Wraith គឺជារថយន្ត Rolls-Royce ដែលមានកម្លាំងខ្លាំងបំផុត គឺ 623hp ។ ម៉ូដែល Wraith ជារថយន្តដែលផលិតឡើងផ្ដោតលើអ្នកដែលចូលចិត្តបើកបររថយន្ត ។ ដើម្បីបង្កើតបានជារថយន្ត Wraith Black Badge ក្រុមវិស្វករ បានបញ្ចូលនូវកម្លាំងរង្វិលជុំបន្ថែម (+70Nm) ទៅលើកម្លាំងដែលមានស្រាប់ ជាមួយនឹងប្រព័ន្ធបូមខ្យល់ដែលរចនាថ្មីទាំងស្រុង កាឡេប្រភេទថ្មី និងប្រអប់លេខដែលមាន 8 លេខ ដើម្បីផលិតបានជារថយន្ត ដែលខ្លាំងជាងមុនផ្ដោតលើអ្នកដែលចូលចិត្តបើកបរ ប៉ុន្តែ នៅតែរក្សាធាតុផ្សំសំខាន់ដែលជួយឲ្យការបើកបរ ដោយមិនបាច់ខំប្រឹង ប្រៀបបាននឹង “ការជិះលើកម្រាលព្រំទិព្វ” ដូច្នេះដែរ ។

ផ្នែកខាងក្រោមនៃស៊េរី Black Badge ដែលភ្ជាប់ទៅលើដី គឺកង់ធ្វើពីសរសៃកាបូន និងថាសកង់អាលុយមីញ៉ូមស្រាល ដែលត្រូវបានអភិវឌ្ឍដោយប្រើពេលជាង 4 ឆ្នាំ ។ កង់ប្រភេទថ្មីនេះ បំពាក់ដោយសរសៃកាបោន22 ស្រទាប់ ដែលភ្ជាប់នៅលើអ័ក្សទាំងបី ហើយបកត្រឡប់មកគែមខាងក្រៅនៃគែមថាសកង់ ដើម្បីបង្កើតបានជាស្រទាប់កាបូន 44 ស្រទាប់ ដែលនាំឲ្យថាសកង់មានភាពរឹងមាំ ។ ភាពរឹងមាំនេះត្រូវបានធ្វើឲ្យរឹងមាំថែមទៀត តាមរយៈការបន្ថែមដុំកណ្ដាលកង់បែប 3D ដែលធ្វើពីអាលុយមីញ៉ូមលំដាប់គ្រឿងយន្តហោះ ហើយភ្ជាប់ទៅកាន់ថាសកង់ ដោយប្រើខ្ចៅជាតិទីតាញ៉ូម ។

រថយន្ត Wraith Black Badge ក្នុងទីក្រុងបាងកក

រថយន្ត Wraith Black Badge ដែលបានបង្ហាញជាលើកដំបូងដល់អតិថិជននៅអាស៊ីអាគ្នេយ៍គឺជាគំរូមួយទៀតនៃការផលិតបែប Bespoke ដែលត្រូវបានរចនាឡើងដោយផ្សំផ្គុំគ្នារវាងពណ៌ខ្មៅ និងក្រហម ។ បច្ចុប្បន្ន អតិថិជនអាចកុម្ម៉ង់រថយន្ត Rolls-Royce ម៉ូដែល Wraith Black Badge សម្រាប់ឆ្នាំ 2017 បាន ។

តម្លៃលក់រាយ (នៅប្រទេសថៃ) ចាប់ពី 34.9 លានបាត (ជាង 1 លានដុល្លារ) ។

តម្លៃគឺអាស្រ័យលើលក្ខណៈបច្ចេកទេសរបស់ Bespoke ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]