(ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ចំនួនពីរដួង គឺអ្នកនាង ស្វែង សុជាតា និងលោក ទេព រិនដារ៉ូ បានធ្វើការពន្យល់ពីមូលហេតុ ដល់ទស្សនិកជនមួយចំនួន ដែលបានលើកឡើង និងរិះគន់ពីការបញ្ចូលសំឡេងក្នុងរឿង «លត់ដែកថែប» ខណៈរឿងនេះ មិនប្រើសំឡេងផ្ទាល់របស់តួអង្គនីមួយៗ ដែលអាចធ្វើឲ្យផ្ទៃរឿង បានបង់នូវរស់ជាតិដើម ពោលគឺសំឡេងផ្ទាល់របស់តួអង្គនីមួយៗ។

អ្នកនាង ស្វែង សុជាតា បាននិយាយថា តួអង្គក្នុងរឿង «លត់ដែកថែប» ភាគច្រើនមានសម្ផស្សស្អាត និងសម្ដែងល្អ ប៉ុន្តែសំឡេងមិនសូវល្អ ដែលជាហេតុប៉ះពាល់ដល់សាច់រឿង ទើបធ្វើឲ្យម្ចាស់ផលិតកម្ម សម្រេចចិត្តបញ្ចូលសំឡេងដូច្នេះ។ អ្នកនាងបាននិយាយថា «ខ្ញុំយល់ថា បច្ចុប្បន្នការបញ្ចូលសំឡេង ក្នុងភាពយន្តខ្មែរស្ទើរតែលែងមាន។ តែយ៉ាងណាការបញ្ចូលសំឡេងមិនខុសអ្វីនោះទេ។ សាច់រឿងល្អ តែសំឡេងយកអត់បាន វាកាន់តែធ្វើឱ្យរឿងមានបញ្ហា អីចឹងទើបម្ចាស់ផលិតកម្ម សម្រេចបញ្ចូលសំឡេង ធ្វើឲ្យរឿងកាន់តែល្អថែមទៀត!»។

អ្នកនាង ស្វែង សុជាតា បានលើកឡើងពីភាពយន្តអតីតកាលរបស់ខ្លួនគឺរឿង «មរណមាតា» ថាអ្នកបញ្ចូលសំឡេងបានជួយឲ្យតួអង្គ ក្នុងភាពយន្តកាន់តែរស់រវើក និងកាន់តែទាក់ទាញពីទស្សនិកជន។

មិនខុសពីអ្នកនាង ស្វែង សុជាតា តារាសម្ដែងធ្លាប់មានបទពិសោធរាប់ឆ្នាំ លោក ទេព រិនដារ៉ូ ក៏បានធ្វើការពន្យល់បន្ថែមថា ការប្រើសំឡេងផ្ទាល់ ឬមិនផ្ទាល់មិនប៉ះពាល់ដល់ផ្ទៃរឿងទាំងមូលនោះទេ សំខាន់សាច់រឿងល្អ គឺភាពយន្តនោះនឹងទទួលការ ចាប់អារម្មណ៍ពីទស្សនិកជន។

លោកបានបញ្ជាក់ថា «ខ្ញុំយល់ថា ទស្សនិកជនគាត់រិះគន់រឿងហ្នឹង លើការមិនប្រើសំឡេងផ្ទាល់ជាការល្អម្យ៉ាង។ ក៏ប៉ុន្តែខ្ញុំគិតថា វាមិនអាក្រក់អ្វីទេ រឿងបញ្ចូលសំឡេងហ្នឹង តួនិយាយមិនល្អទើបរឿងគេត្រូវ បញ្ចូលសំឡេង ដើម្បីឲ្យរឿងកាន់តែទាក់ទាញ»។

តារាសម្ដែងជើងចាស់រូបនេះបន្តថា ភាពយន្ត «លត់ដែកថែប» ប្រហែលជាមានតួអង្គវាយតប់ច្រើន ហើយការប្រើប្រាស់សំឡេងផ្ទាល់មិនសូវល្អ ទើបម្ចាស់ផលិតកម្ម សម្រេចបញ្ចូលសំឡេងដូច្នេះ។ ក្នុងនោះលោកជឿជាក់ថា ភាពយន្តនេះនឹងទទួលការចាប់អារម្មណ៍ ពីទស្សនិកជន។

ដោយឡែកសម្រាប់ផលិតករក្នុងរឿងនេះ គឺលោក សុខ សុវណ្ណដែន បាននិយាយថា ក្រុមហ៊ុនសម្រេចបញ្ចូលសំឡេង ក្នុងភាពយន្តនេះ ព្រោះតែចង់ឲ្យភាពយន្ត កាន់តែទាក់ទាញ និងមានភាពរវស់រវើកថែមទៀត។ ក្រុមហ៊ុនសុខចិត្តចំណាយលុយបន្ថែមទៀត លើការបញ្ចូលសំឡេង ដោយមិនចង់ឲ្យភាពយន្ត មិនល្អព្រោះតែតារាសម្ដែងខ្លះសម្ដែងបានល្អ ហើយ ប៉ុន្តែសំឡេងទទួលយកមិនបាននោះទេ៕

ប្រភព៖ KhmerTalking

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

តារាចម្រៀងសញ្ជាតិអាមេរិក ដើមកំណើតខ្មែរ នាង «Chrysanthe Tan» នឹង​​ប៉ះ​ជា​មួយតារាចម្រៀង «Rain» នៅ​កម្ពុជា

(ភ្នំពេញ)៖ កាន់តែអស្ចារ្យ ជាមួយនឹងព្រឹត្តិការណ៍​ប្រគំតន្រ្តី​ដ៏ធំពុំធ្លាប់មាន «Smart Mega Concert with Rain» នៅថ្ងែទី៣០ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ បន្ទាប់ពីមហាជនភ្ញាក់ផ្អើល នឹងវត្តមានកំពូលតារាចម្ររៀងកូរ៉េ លោក Rain ដែលគេស្គាល់ថា​ជា លី​ យ៉ុងជេ ហើយនោះ ទស្សនិកជននឹងប្លែកអារម្មណ៍ ជាមួយនឹងមានវត្តមានតារាចម្រៀង, ​អ្នកនិពន្ធចម្រៀង និងជាអ្នកលេងវីយូឡុង ដ៏ស្ទាត់ជំនាញម្នាក់ទៀត ដែលជាអ្នកសិល្បៈ មានដើមកំណើតជាខ្មែរ សញ្ជាតិអាមេរិក គឺកញ្ញា ​Chrysanthe Tan ​ជាវត្តមានលើកដំបូង គួរឲ្យភ្ញាក់ផ្អើល និងញ៉ាំងឲ្យកម្មវិធីនេះ កាន់តែកក្រើកឡើង។

​នាង Chrysanthe Tan (គ្រីសសាន់តេ តាន់) ឈ្មោះជាភាសាខ្មែរ សុវណ្ណ បុប្ផា គឺជាអ្នកនិពន្ធចម្រៀង,អ្នកលេងវីយូឡុង និង អ្នកចម្រៀងដ៏ល្បីមួយរូប ដែលមានដើមកំណើតខ្មែរ មកពីទីក្រុង Long Beach រដ្ឋ California ។ ពេញមួយឆ្នាំ២០១៥ នាងបានធ្វើដំណើរទស្សនកិច្ចជុំវិញ ពិភពលោក ជាអ្នកលេងវីយូឡុង​​ជាមួយ​តារាចម្រៀង Ariana Grande នៅក្នុង Honey​moon Tour, និង នៅទូទាំង ទ្វីបអាមេរិកខាងជើង អឺរ៉ុប និងអាស៊ី។ ក្នុងឆ្នាំនោះផងដែរ នាងបានចេញអាល់ប៊ុម​ដំបូង​របស់នាង​ និង រឿងដែលរួមបញ្ចូលទាំង វង់តន្ត្រី​សម្រាប់ព្យាណូ, ខ្សែអក្សរ និងអេឡិចត្រូនិច។ ​នាងក៏បានសម្តែង ធ្វើដំណើរទស្សនាចរ និងប្រគំតន្រ្តីរួមជាមួយសិល្បករ សិល្បការិនីជាច្រើន រួមមានទាំង Alicia Keys, Nicki Minaj, និងJustin Bieber។

តំណាងតារាចម្រៀង ​Chrysanthe Tan បានថ្លែងឲ្យដឹងថា នេះជាលើកដំបូង​ដែល Chrysanthe បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចនេះ​មានចំណងជើងថា «ការវិលម​កផ្ទះ» ឬ​​ «Homecoming» គឺជាការមកទស្សនាស្រុកកំណើត​​របស់ឪពុកនាង និងការវិលមកជួបជុំគ្រួសារខ្មែរ និងអ្នកគាំទ្រ ព្រមទាំងធ្វើការនិពន្ធតន្ត្រីដើម នៅក្នុងប្រទេសកំណើត។ ក្នុងកំឡុងពេលស្នាក់​នៅក្នុងប្រទេសកម្ពុជា នាង Chrysanthe កំពុងស្វែងរកកិច្ចសហការ ជាមួយសិល្បករសិល្បការិនីជើងចាស់ កំពូលៗមួយចំនួន។

តាមរយៈតំណាងដដែល នាង «Chrysanthe Tan» បាននិយាយថា «Rain? នេះ​ គឺជាការភ្ញាក់ផ្អើលមួយ! ខ្ញុំអាចសន្យាថា ការប្រគំតន្ត្រីរបស់ Rain នឹងមានភាពអស្ចារ្យ ហើយអ្នកនឹងបានឃើញខ្ញុំ​នៅទីនោះ!»។

ជាមួយគ្នានេះ នាង Chrysanthe Tan​ បានយល់ព្រម​នឹងបង្ហាញការសម្តែង នៅភោជនីយដ្ឋាន Chinese House នៅថ្ងៃច័ន្ទនេះ​(២៧ ខែមីនា) នៅម៉ោង ៨៖៣០នាទី យប់។ ការសម្តែងជាលក្ខណៈ​សូឡូរបស់នាង គឺនៅភោជនីយដ្ឋាន D22 នៅក្នុងអាគារ Pnhom Penh Tower នាថ្ងៃអង្គារ៍ (២៨ ខែមីនា) វេលាម៉ោង ៧៖០០នាទីយប់។ ការសម្តែង គឺចូលរួមដោយសេរី និងក្នុងន័យអរគុណ ទៅកាន់អ្នកគាំទ្រ​វ័យជំទង់ៗ​របស់នាង ហើយជាងនេះទៅទៀត សិស្សនិស្សិតដែលចូលរួម​ ចំនួន៥០នាក់ដំបូង នឹងទទួលបានភេសជ្ជៈ​ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា ឪពុករបស់នាង Chrysanthe គឺលោកវេជ្ជបណ្ឌិត Song Tan បានកើតនៅទីក្រុងភ្នំពេញ ហើយក៏ជាអ្នកដែលរស់រានមានជីវិតពីរបបពិឃាត។ លោកបានបញ្ចប់ការសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងសាលាវេជ្ជសាស្រ្ត​នៅក្នុងទីក្រុងភ្នំពេញ មុនពេលដែលរបបខ្មែរក្រហម និងធ្វើជារូបវិទ្យាវិទូ​នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងអំឡុងពេលដែលទីក្រុង​ដួលរលំ។ បងប្រុសរបស់ Chrysanthe គឺលោក Allen Tan បានវិលត្រលប់មកកាន់ប្រទេសកម្ពុជា កាលពីរយៈពេល៦ឆ្នាំមុន ហើយលោកគឺជាស្ថាបនិក នៃកម្មវិធីពិព័រណ៍វិទ្យាសាស្រ្ត និងវិស្វកម្មនៃកម្ពុជា និងជាប្រធានអង្គការមិនមែនរដ្ឋាភិបាល American NGO Golden West Humanitarian Foundation។ នាង Chrysanthe ក៏មានបងប្អូនជីដូនមួយ ជាជនជាតិខ្មែរផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា