រុស្សី៖ អស់រយៈពេល៨ឆ្នាំកន្លងមក អ្នកភូមិ Strunino ជាង២០០នាក់ ដែលជាភូមិតូចមួយក្នុ្ងងប្រទេសរុស្ស៊ី មិនដែលមានការខ្វាយខ្វល់រឿងទិញនំប៉័ងញ៉ាំឡើយ នេះក៏ដោយសារតែម្ចាស់ហាងលក់គ្រឿងទេស ដែលមានចិត្តទូលាយម្នាក់ បានផ្តល់នំប៉័ងឲ្យ ដោយមិនគិតថ្លៃ។

លោក Mamoud Shavershyan ដែលជាម្ចាស់ហាងលក់គ្រឿងទេសក្នុងភូមិខាងលើ បានចាកចេញពីប្រទេសអាមេនី មករស់នៅក្នុងប្រទេសរុស្ស៊ី កាលពី២៥ឆ្នាំមុន។ លោកបានធ្វើការជាវិស្វករម្នាក់ មុនពេលដែលលោកចាប់បើកហាងរកស៊ីខ្លួនឯង ដែលមិនខុសគ្នាប៉ុន្មាន ពីហាងផ្សេងទៀតនៅក្នុងតំបន់ឡើយ។

ប៉ុន្តែនៅថ្ងៃមួយ អ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរ នោះគឺកាលពី ៨ឆ្នាំមុន នៅពេលដែលលោក Mamoud កំពុងអង្គុយនៅពីក្រោយកន្លែងគិតលុយ លោកបានឃើញស្រ្តីវ័យចំណាស់ម្នាក់ ឈររាប់កាក់របស់គាត់ ដើម្បីទិញនំប៉័ងចំនួន២ដុំ។ ពេលនោះគាត់បានគិតថា វាជារឿងដ៏អាម៉ាស់ណាស់ ដែលយកប្រាក់មនុស្សចំណាស់ មិនអាចធ្វើអ្វីបាន ហើយលោកក៏បានឲ្យនំប៉័ងទៅគាត់ ដោយមិនយកប្រាក់តែម្តងទៅ។ 

ប្រភពព័ត៌មានបានបន្តថា នៅថ្ងៃដដែលនោះ លោក Mamoud ក៏បានសម្រេចចិត្តធ្វើលិខិតផ្សព្វផ្សាយទៅដល់និវត្តជនទាំងអស់ ដែលរស់នៅក្នុងភូមិ Strunino អាចមកយកនំប៉័ងនៅហាងរបស់គាត់បានដោយឥតគិតថ្លៃ មិនតែប៉ុណ្ណោះលោកក៏បានចុះផ្សាយលើកាសែតទៀតផង ដើម្បីឲ្យប្រាកដថាអ្នកភូមិទាំងអស់បានដឹង។

ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយក្រោយមកលោកក៏បានពង្រីកភាពសប្បុរស របស់គាត់ទៅដល់ជនពិការថែមទៀតផង ព្រមទាំងគ្រួសារធំ ដែលមានប្រាក់ចំណូលទាប និងជនក្រីក្រជាទូទៅ។ ដំណឹងនេះ បានរីកសាយពាសពេញភូមិទាំងមូល ហើយមិនយូរប៉ុន្មាន ក៏មានជនក្រីក្រជាច្រើនមកពីភូមិជិតខាង ចាប់ផ្តើមនាំគ្នាមកកាន់ហាងរបស់គាត់ ហើយបច្ចុប្បន្នហាងរបស់លោក បានផ្តល់នំប៉័ងស និងនំប៉័ងខ្មៅ ប្រមាណ ៣.០០០ដុំជារៀងរាល់ខែ៕

ប្រភព៖ OddityCentral

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ វិញ្ញាណបិសាចនាំទៅវង្វេងក្នុងព្រៃអាម៉ាហ្សូន ៩ថ្ងៃមិនស្លាប់ សំណាងបានសត្វស្វា នាំរកអាហារ និងទឹក

បុរសជាអ្នកទេសចរជនជាតិឈីលីម្នាក់ បានវង្វេងផ្លូវនៅក្នុងព្រៃទឹកភ្លៀង អាម៉ាហ្សូន អស់រយៈពេល៩ថ្ងៃ តែសំណាងល្អរូបគាត់ ត្រូវបានសត្វស្វាមួយក្រុម ជួយឲ្យគាត់មានជីវិតរស់ ដោយទម្លាក់អាហារមកឲ្យ និងនាំផ្លូវគាត់ទៅរកទីជម្រក ក៏ដូចជាប្រភពទឹក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។

បុរសខាងលើនេះ មានឈ្មោះថា Maykool Coroseo Acuñaអាយុ២៥ឆ្នាំ លោកបានបោះជំរំនៅក្នុងឧទ្យានជាតិ Madidi National Park ក្បែរទន្លេ Tuichi ជាមួយនឹងក្រុមហ៊ុនទេសចរមួយ ឈ្មោះ Max Adventures។ លោកបានដើរបែកចេញពីក្រុម ហើយក៏វង្វេងនៅក្នុងព្រៃតែម្តងទៅ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក Acuña បានបាត់ចេញពីក្នុងជំរំរបស់លោក កាលពីវេលាម៉ោង ៨និង៣០នាទីយប់ កាលពីខែកុម្ភៈ ដោយមិនមានទុកដានអ្វីបន្តិចសោះ ខណៈលោក Marcos Uzquiana នាយកឧទ្យានជាតិ Madidi បាននិយាយថា មន្ត្រីអនុរក្សឧទ្យានជាច្រើនអ្នក បានដើរតាមរកគាត់ ប៉ុន្តែពួកគេមិនច្បាស់ទេថា មានរឿងអ្វីកើតឡើយ នៅពេលបាត់ខ្លួននោះ។

លោក Acuña បានធ្វើដំណើរជាមួយនឹងក្រុមទេសចរ Max Adventures ទៅកាន់តំបន់ដាច់ស្រយាលមួយ ដែលស្ថិតក្នុងក្នុងឧទ្យានជាតិ Madidi ដោយកន្លែងនោះអាចធ្វើដំណើរទៅបានតែតាមរយៈទូកប៉ុណ្ណោះ ហើយនៅឆ្ងាយពីទីក្រុងថែមទៀតផង។ ក្រុមអ្នកទេសចរទាំងអស់បានធ្វើដំណើររួមជាមួយនឹងអ្នកនាំផ្លូវប៉ុន្មាននាក់ ហើយនៅពេលត្រឡប់មកកាន់ជំរំវិញ លោក Acuña មានអារម្មណ៍រំភើបជាខ្លាំង និងមានសកម្មភាពរាងចម្លែកៗ មិនតែប៉ុណ្ណោះទឹកមុខរបស់គាត់មើលទៅមិនធម្មតាថែមទៀតផង។

ក្រោយមក លោក Acuña ក៏បានបដិសេធមិនព្រមចូលរួម ពិធីថ្លែងអំណរគុណដល់ មាតាធម្មជាតិ Pachamama ដែលអនុញ្ញាតឲ្យពួកគេចូលទៅក្នុងព្រៃ ដែលជាពិធីតាមប្រពៃណី ។ ហើយបន្ទាប់ពីការបដិសេធនោះ លោកក៏បានបាត់ខ្លួនតែម្តងទៅ ដោយមានអ្នកខ្លះថា ការបាត់បាត់ខ្លួននេះ អាចបណ្តាលមកពីលោក មិនព្រមចូលរួមពីធី ទើបធ្វើឲ្យមាតាធម្មជាតិ ខឹង ហើយត្រូវវិញ្ញាណបិសាច នាំយកទៅលាក់នៅក្នុងព្រៃ។

ក្រុមមន្ត្រីអនុរក្សឧទ្យាន បាននាំគ្នាតាមរកគេ អស់រយៈពេលជាច្រើនថ្ងៃ តែរកមិនឃើញ រហូតដល់ថ្ងៃទី៦ ទើបរកឃើញស្រោមជើងប្រលាក់ភក់មួយ។ ពួកគេបានយកស្រោមជើងនោះមកជំរំវិញ និងបានអញ្ជើញគ្រូខាបព្រលឹងមកជាមួយផង ដើម្បីធ្វើពិធីរកវិញ្ញាណរបស់លោក Acuña តាមរយៈស្រោមជើងគាត់។

រយៈពេល៩ថ្ងៃក្រោយការបាត់ខ្លួន ក្រុមមន្ត្រីអនុរក្សក៏បានរកឃើញគាត់ ដោយឮសម្លេង លោក Acuña ស្រែកចេញពីមាត់ទន្លេ ដែលមានចម្ងាយប្រមាណ ១គីឡូម៉ែត្រពីជំរំ។ លោក Acuña បាននិយាយថា “លោកអាចនៅរស់បានក៏ដោយសារតែមានសត្វស្វាជួយដែរ។ ពួកវាទម្លាក់ផ្លែឈើមកឲ្យលោកហូប និងនាំផ្លូវគាត់ទៅរកទីជម្រក ព្រមទាំងប្រភពទឹក ជារៀងរាល់ថ្ងៃ។

លោក Acuña បានបញ្ជាក់ថា នៅពេលកើតហេតុ លោកបានចាប់ផ្តើមរត់ និងបានស្រែកថា “កុំៗ” តែពួកគេមិនព្រមឈប់ឡើយ។ ខ្ញុំបានដោះស្បែជើង យកទូរស័ព្ទ និងពិល បោះចោលអស់ ហើយបន្ទាប់ពីរត់យូរទៅខ្ញុំក៏បានឈប់នៅក្រោមដើមឈើមួយ រួចក៏ចាប់ផ្តើមគិតថា “តើខ្ញុំបានធ្វើស្អីហ្នឹង ហើយខ្ញុំកំពុងតែធ្វើអ្វី”។ ខ្ញុំចង់ត្រឡប់ទៅវិញ តែរកផ្លូវមិនឃើញសោះ។

លោក Acuña បន្តថា នៅយប់មុនពេលគេរកឃើញគាត់ក្បែរទន្លេ គឺគាត់បានបួងសួងសុំឲ្យមានគេមកជួយ។ លោកមិនជឿលើរឿងគ្រូសិល្ប៍ ឬវប្បធម៌ប្រពៃណីក្នុងព្រៃនេះទេ ប៉ុន្តែលោកជឿថា ព្រះជាម្ចាស់ជាអ្នកជួយលោក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]