ដូចពាក្យគេថា ជីវិតរបស់មនុស្ស គឺខ្លីណាស់ ហេតុនេះ មានរឿងរ៉ាវជាច្រើនដែលអ្នកគួរតែធ្វើ យ៉ាងហោចណាស់ឲ្យបានម្តង ក្នុងមួយខ្សែជីវិតរបស់អ្នក ដើម្បីកុំឲ្យមានការសោកស្តាយ នៅពេលក្រោយ។

តោះទៅតាមដានរឿងរ៉ាវសកម្មភាព ដែលអ្នកគួរតែសន្យាធ្វើដើម្បីខ្លួនឯង និងដើម្បីចាត់ទុកជាបទពិសោធន៍ជីវិត ដូចខាងក្រោមនេះ ៖

១. ធ្វើដំណើរទៅ កន្លែងដែលដាច់ស្រយាល (ជាកន្លែងដែលអ្នកមានអារម្មណ៍ថា នៅឋានសួគ៌ពិតៗ) 

២. ទិញសំបុត្រទៅមហោស្រព ឬការប្រគុំតន្រ្តីធំៗ

៣. ទៅចូលរួម សកម្មភាពរត់ម៉ារ៉ាតុង

៤. ទៅហែលទឹកកន្លែងស្ងាត់ អាក្រាតកាយ 

៥. រៀនចម្អិនម្ហូបអាហារដ៏ពិសេសណាមួយ ដោយខ្លួនអ្នក ជូនមិត្តភក្តិ និងក្រុមគ្រួសារ

៦. ស្រាវជ្រាវឲ្យដឹងពី រឿងរ៉ាវលម្អិត ពាក់ព័ន្ធនឹងខ្សែស្រលាយមែកធាងគ្រួសាររបស់អ្នក (ជួនកាល អ្នកអាចនឹងដឹងរឿង ដែលមិនធ្លាប់បានដឹងពីមុនផងក៏ថាបាន!)

៧. សាកល្បង ធ្វើការលោតពីទីខ្ពស់ ឬលោតឆ័ត្រយោង ពីលើអាកាស

៨. ចំណាយពេលមួយយប់ ទៅទីក្រុងណាមួយ ដែលឆ្ងាយពីផ្ទះ រួចចូលកន្លែងកម្សាន្ត រាំទល់ភ្លឺ

៩. រៀនធ្វើ ស្រាក្រឡុក (Cocktails) ទទួលទានដោយខ្លួនឯង

១០. ចូលបារខារ៉ាអូខេ រួចទាញយកមេក្រូមកច្រៀង ទោះបីជាខ្លាចច្រៀង មិនពិរោះក៏ដោយ

១១. ចុះជ្រមុជទឹក ក្នុងបាតសមុទ្រ 

១២. ដើរវង្វេង ក្នុងប្រទេសក្រៅ ពីព្រោះវាក៏ជាចំណែកនៃភាពសប្បាយរីករាយ នៃដំណើរកម្សាន្តដែរ

១៣. ធ្វើដំណើរឡើងភ្នំ តែមិនចាំបាច់ឡើងដល់ភ្នំ Everest ទេ

១៤. ចំណាយពេលមួយ ឬពីរ យប់គេងមើលផ្កាយ 

១៥. ចូលរៀនថ្នាក់ ពាក់ព័ន្ធនឹងមុខជំនាញណាមួយ ដែលអ្នកមិនធ្លាប់មានបទពិសោធន៍ពីមុនសោះ

១៦. រក្សារាង និងសម្រស់ឲ្យបានស្រស់ស្អាត

១៧. ចូលរួមសកម្មភាព ឬការងារស្ម័គ្រចិត្ត 

១៨. ស្វែងរកមនុស្ស ដែលស្រលាញ់អ្នកបំផុត

១៩. ទៅដើរលេងតែឯង (វាមិនអ្វីគួរឲ្យខ្លាចនោះទេ!)

២០. ចូលរួមព្រឹត្តិការណ៍កីឡាធំៗ ដូចជា កីឡាអូឡាំពិក ការប្រកួតពានរង្វាន់ជើងឯកជាតិ ជាដើម

២១. ជួលផ្ទះមួយពីមនុស្សមិនធ្លាប់ស្គាល់ សម្រាប់ស្នាក់នៅ ពេលលំហែកំសាន្ត ដើម្បីអាចរាប់អានបាននូវមនុស្សថ្មីៗជាច្រើនផ្សេងទៀត

២២. ចំណាយពេលមួយថ្ងៃពេញ ឬមួយសប្តាហ៍ពេញ ពីកិច្ចការទាំងអស់ រួចធ្វើអ្វីដែលអ្នកចង់ធ្វើ ទៅកន្លែងដែលអ្នកចង់ទៅ តែម្នាក់ឯង៕ 

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

រឿងដែលស្រីៗគ្នាយើង គួរតែធ្វើមុននឹងឈានចូលវ័យ ៣០ឆ្នាំ...!

នារីៗយើងខ្លាចបំផុតហើយ គឺភាពចាស់ ប៉ុន្តែវាជារឿងធម្មជាតិ ដែលមិនមានអ្នកណា អាចប្រកែកតវ៉ាបានឡើយ។ រហូតពេលខ្លះបណ្តោយខ្លួនឲ្យចាស់ទៅៗ រួចតាំងមកស្តាយមិនបានធ្វើនេះធ្វើនោះ។

តែទោះជាយ៉ាងណាកុំបារម្ភអី! ថ្ងៃនេះយើងសូមលើកឡើងនូវចំណុចមួយចំនួន ដែលស្រីៗគ្នាយើងអាចរីករាយអនុវត្ត ឲ្យបានមុនអាយុ៣០ឆ្នាំ ដើម្បីកុំឲ្យសោកស្តាយ នៅថ្ងៃក្រោយដូចខាងក្រោមនេះ ៖

១. ដើរលេងតែឯងខ្លះ

មិនចាំបាច់តែទៅណាឆ្ងាយៗនោះទេ អ្វីដែលសំខាន់គឺអ្នកគួរដឹងថា អ្នកអាចទៅណា មកណា បានដោយឯករាជ្យដែរឬអត់។ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនល្អ ឬមិនឯករាជ្យទេនោះ អ្នកគួរចាប់ផ្តើមរកដៃគូមករួមដំណើរជាមួយហើយ។ ប៉ុន្តែជាក់ស្តែង អ្នកនឹងទម្លាប់ជាមិនខាន ពីព្រោះវាជួយឲ្យអ្នកមានភាពឯករាជ្យ និងសេរីភាពពេញទី។

២. រៀនថែម

អ្នកអាចទៅចំណាយពេលរៀនជំនាញណាមួយ ក្នុងរយៈពេលខ្លី ដែលមានភាពទាក់ទងជាមួយនឹងចំណេះជំនាញសព្វថ្ងៃ (ឬធ្វើការសង្គម ការងារស្ម័គ្រចិត្ត)។ ឧទាហរណ៍ថា អ្នកស្រមៃចង់ក្លាយជាគណនេយ្យករ នោះអ្នកគួររៀនប្រកាសពន្ធ បន្ថែមជាដើម -ល-។ ជឿទេថាអ្នកនឹងមានអាជីពមួយច្បាស់លាស់ ក្នុងថ្ងៃអនាគត ជាក់ជាពុំខាន។

៣. រក្សាចំណង់ចំណូលចិត្ត

អាយុកាន់តែជ្រេ អ្នកក៏ត្រូវតែរក្សាចំណង់ចំណូលចិត្ត និងធ្វើអ្វីដែលអ្នកចង់ធ្វើ ទៅតាមហ្នឹងដែរ។ សកម្មភាពដែលល្អបំផុតគឺរាប់អានមនុស្សថ្មីៗ រក្សាភាពសកម្ម និងដកពិសោធន៍រឿងរ៉ាវជុំវិញថ្មីៗ ដោយមិនចាំបាច់ខ្វល់ខ្វាយ ពីអាយុពិតរបស់អ្នកឡើយ។

៤. គិតពីផែនការជីវិត

អ្នកក៏មិនត្រូវភ្លេចចំណុចដ៏សំខាន់មួយនេះដែរ។ ស្រីៗយើងត្រូវតែគិតអំពីផែនការជីវិតនៅថ្ងៃខាងមុខ រួមមានដូចជាអាជីពការងារ គោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន និងរឿងគ្រួសារផងដែរ (តើគួររៀបការនៅពេលណា? គួរមានកូនប៉ុន្មាន? គួរសន្សំលុយឲ្យគ្រប់នៅពេលណា?)។

៥. រក្សាសុខភាពឲ្យល្អ

នារីៗយើងកាន់តែចាស់ គឺកាន់តែពិបាកសម្រកទម្ងន់ ជាពិសេសមិនសូវមានពេលហាត់ប្រាណ និងទទួលទានអាហារបានមានតុល្យភាពប៉ុន្មាននោះទេ។ ហេតុនេះអ្នកត្រូវតែចំណាយពេលយកចិត្តទុកដាក់លើរបបអាហារ និងការហាត់ប្រាណជាប្រចាំ ទើបល្អសម្រាប់ថ្ងៃអនាគត។

៦. ប្រឈមនឹងការលំបាកខ្លះ

អ្នកគួរតែមានភាពនឹងនរ និងទំនុកចិត្តលើខ្លួនឯង ពីព្រោះដំណើរជីវិតរបស់អ្នកមិនមែនស្រួលរហូតនោះទេ អ្នកត្រូវចេះឆ្លងកាត់ស្ថានភាពលំបាកផ្សេងៗ មិនថាការងារ ឬទំនាក់ទំនងឡើយ។ ក្នុងករណីដែលអ្នកអាចក្តោបក្តាប់ ឬដោះស្រាយ ស្ថានការណ៍លំបាកទាំងនោះបាន អ្នកនឹងកាន់តែរឹងមាំជាក់ជាមិនខាន។

៧. មានស្នេហា

គ្មានអារម្មណ៍អ្វីដែលល្អជាង អារម្មណ៍ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍នោះទេ។ អ្នកដែលគ្មានគូក៏គួរឆាប់ស្វែងរកដៃគូម្នាក់ មកថ្នាក់ថ្នមទៅ រីឯអ្នកដែលមានដៃគូហើយ ក៏គួរចេះយោគយល់អធ្យាស្រ័យគ្នា និងបំភ្លេចអតីតកាលអាក្រក់ចោលឲ្យអស់ផងដែរ។

៨. ផ្តល់តម្លៃលើខ្លួនឯង

អ្នកគួរមានទំនុកចិត្តនៅលើខ្លួនឯង មិនថាអ្នកជាអ្នកណា រូបរាងមុខមាត់បែបណានោះទេ។ ទំនុកចិត្តលើខ្លួនឯងនេះ អាចជួយឲ្យអ្នកមានលទ្ធភាព ងាយនឹងទទួលជោគជ័យ ក្នុងជីវិតខ្ពស់។ ជាពិសេស មនុស្សដែលមានគំនិតវិជ្ជមាន និងចេះផ្តល់តម្លៃលើខ្លួនឯង បែបនេះ គឺជាមនុស្សដែលគេចូលចិត្តរាប់អានបំផុត។

៩. ត្រូវស្រលាញ់ខ្លួនឯង

ចំណុចនេះ ស្រដៀងទៅនឹងចំណុចខាងលើ ប៉ុន្តែ វាមានន័យថា អ្នកត្រូវតែរៀនស្រលាញ់ខ្លួនេង ដោយមិនបណ្តោយឲ្យអ្នកណាម្នាក់ មកធ្វើការផ្លាស់ប្តូរអ្នកបានឡើយ។ និយាយឲ្យស្រួលស្តាប់គឺ អ្នកមិនចាំបាច់ សុខចិត្តធ្វើការផ្លាស់ប្តូរខ្លួនឯង ដើម្បីមិត្តភក្តិ សង្សារ ឬអ្នកដទៃនោះទេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]