ភ្នំពេញ៖ ជាធម្មតាកុមារដែលទើបនឹងកើត តែងតែមានកន្លែងមួយនៅចំពីលើក្បាលដែលមានសភាពទន់ជ្រាយ។ វាត្រូវបានយើងហៅថា «បង្ហើយ» ដែលគេចាត់ទុកថា ជាកន្លែង ដែលត្រូវថ្នមជាទីបំផុត មិនត្រូវបានគេហ៊ានប៉ះពាល់ផ្តេសផ្តាសនោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ណាមួយ កើតឡើងដោយយថាហេតុ។

តាមចាស់ៗកាលពីសម័យមុន ពួកគាត់មួយចំនួនធំបាននាំគ្នាយកស្លឹករុក្ខជាតិផ្សេងៗ ឬមើមពន្លៃជាដើម ទៅបិទនៅលើក្បាលទារកដែលទើបនឹងកើត ក្នុងគោលបំណងធ្វើឱ្យត្រង់កន្លែងបង្ហើយនេះឆាប់រឹង និងធ្វើឱ្យមានក្លិនក្រអូប បំបាត់ក្លិនឆ្អេះឆ្អាប ដោយសារទឹកនោម និងលាមកកុមារផងដែរ។ ឯអ្នកខ្លះទៀតគិតថា ការលាបរបស់ផ្សេងៗនៅត្រង់កន្លែងនេះ ក៏អាចជួយធ្វើឱ្យកុមារងាយស្រួលដកដង្ហើមផងដែរ។

រហូតដល់មានមនុស្សមួយចំនួន ក៏បានយកប្រេងកូឡាទៅលាបលើបង្ហើយទារកផងដែរ ទាំងមិនដឹងថានៅក្នុង ប្រេងកូឡានោះផ្សំឡើងពីសារធាតុអ្វីខ្លះ? ដែលអាចនឹងផ្តល់ផលប៉ះពាល់ដល់ខួរក្បាលរបស់ ទារកទៅថ្ងៃក្រោយ។ 

ពាក់ព័ន្ធនឹងរឿងនេះដែរ ជួបជាមួយ លោក វេជ្ជបណ្ឌិត ប៉ែន កក្កដា ដែលសព្វថ្ងៃកំពុងបម្រើការនៅក្នុង «មន្ទីរពេទ្យកុមារជាតិ» ផ្នែកទារកទើបនឹងកើត និងជាម្ចាស់គ្លីនិកមួយកន្លែងនៅរាជធានីភ្នំពេញ ឯកទេសរោគកុមារ និងទារក បានពន្យល់ពីការលាបប្រេងកូឡានៅលើបង្ហើយទារកទើបនឹងកើត ប្រាប់ខ្មែរឡូតយើងឱ្យដឹងថា៖ 

លោក វេជ្ជបណ្ឌិត ប៉ែន កក្កដា

«ធម្មតាយើងយល់ថា ការលាបប្រេងកូឡា ឬពន្លៃ ឬស្លឹករុក្ខជាតិផ្សេងៗ ក្នុងគោលបំណងធ្វើឱ្យក្មេងមានក្លិនក្រអូប ចៀសផុតពីក្លិនឆ្អេះស្អុយដោយសារ លាមក ឬទឹកនោមរបស់គេ ព្រោះដោយសារតែកាលពីមុនគ្មានទឹកអប់ ឬម្សៅគ្រឿងក្រអូបអ្វីទាន់សម័យដូចបច្ចុប្បន្នទេ។ ក្រៅពីដើម្បីឱ្យមានក្លិនក្រអូប ក៏ជឿថាធ្វើឱ្យងាយដកដង្ហើម និងឆ្អឹងត្រង់បង្ហើយនោះ ឆាប់រឹង ឬមិនឈឺជាដើម។ 

ប៉ុន្តែទាំងអស់នេះគឺជាការលួងចិត្តកូនឱ្យប្រើប៉ុណ្ណោះ តែការពិតឆ្អឹងនៅត្រង់នោះនឹងរឹងក្នុងពេលណាមួយដែលកុមារធំលូតលាស់។ ហើយការលាបពន្លៃ ក៏អាចបណ្តាល ឱ្យកើតទៅជាផ្សិត ឬកើតជាអាចម៍ក្របីផងដែរ ដែលនេះក៏ជាមូលហេតុដែលធ្វើឱ្យកូនក្មេងខ្លះយំកាចខុសប្រក្រតី ព្រោះរមាស់ក្បាលជាដើម។

រូបភាពអាចម៍ក្របីនៅលើក្បាលរបស់ទារក

ខ្លះទៀតលាបប្រេងកូឡានៅពីលើនោះ ដោយមិនដឹងថាវាអាចជ្រាបតាមស្បែកចូលទៅក្នុងខួរក្បាល និងធ្វើឱ្យខូចកោសិកាខួរក្បាល ជាពិសេសបើលាបអ្វីផ្សេងទៀត យើងក៏មិនអាចដឹងដែរថា មានអាចសារធាតុអ្វីប៉ះពាល់ ឬក៏អត់ផង។

សរុបមកគឺ បើគ្រាន់តែចង់ឱ្យមានក្លិនក្រអូប បច្ចុប្បន្ននេះជឿនលឿនណាស់ គឺខោអាវសម្រាប់ទារកអាចប្រើទឹកក្រអូប ម្សៅហុយ ឬទឹកអប់ក្លិនស្រាលនានាបាន ឬឧស្សាហ៍ដូរកន្ទបឱ្យទារក នឹងនាំឱ្យក្លិនអាក្រក់អាចរសាយចេញបាន ចៀសវាងការលាបរបស់ទាំងនោះ។

ហើយមានមួយចំនួនទៀត ទោះជាគ្មានលាបអ្វី ក៏កើតមានអាចម៍ក្របីនៅលើក្បាលដែរ នេះព្រោះអរម៉ូនពីម្តាយធ្វើឱ្យស្បែកទារកខ្លះឡើងក្រាស់ ទៅជារលាកក្រពេញបញ្ចេញញើសនៅលើស្បែកក្បាល ក៏អាចនាំឱ្យកើតអាចម៍ក្របីផងដែរ»។

បើចង់ទំនាក់ទំនងបន្ថែមស្តីពីបញ្ហាទាំងអស់នេះ អាចទំនាក់ទំនងអាសយដ្ឋានគ្លីនិកលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា បានដែលមានទីតាំងនៅ ផ្ទះលេខ 2A ផ្លូវវត្តអង្គតាម៉ិញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ខាងក្រោយព្រលានយន្តហោះពោធិ៍ចិនតុង) ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១២ ៤៨ ៤៨ ៥៦។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]