ថៃ៖ កាលពីយប់មិញនេះ ទស្សនិកជនក៏ដូចជាអ្នកគាំទ្រតារាចម្រៀងស្រីដ៏ល្បី នាង Yinglee Si Chumphon ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញផ្ទៃមុខរបស់នាងប្រែទៅជាឡើងប៉ោងហើម ខុសប្លែកយ៉ាងឆ្ងាយពីផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាងកាលពីមុន។

នៅក្នុងកម្មវិធីនាង Yinglee Si Chumphon បានបង្ហើបប្រាប់ថា ខ្លួនមានជំងឺស្ពឹកដៃជើងមួយរយៈកន្លងមកហើយ តាំងពីមុនពេលដែលអ្នកម្តាយបានរងគ្រោះថ្នាក់ចរាចរណ៍ មកម្ល៉េះ។ ក្រោយមកដោយសារតែ ជាប់រវល់មើលថែទាំម្តាយនៅឯមន្ទីរពេទ្យផងនោះ ទើបមិនបាន មើលថែសុខភាពខ្លួនឯងឱ្យបានដិតដល់ សម្រាកក៏មិនបានគ្រប់គ្រាន់ បានជានាំឱ្យខ្លួនក្លាយទៅហើមជាបែបនេះ ជាពិសេសគឺផ្ទៃមុខតែម្តង។

ប៉ុន្តែ Yinglee Si Chumphon ក៏ប្រាប់ថាឆាប់ៗនេះនឹងទៅពិនិត្យសុខភាពរាងកាយឱ្យបានលម្អិតហើយ។ ចំណែកឯការងារសិល្បៈ ក៏នៅតែទទួលធ្វើជាបន្តបន្ទាប់ដែរ ដើម្បីចិញ្ចឹមគ្រួសារ។

បច្ចុប្បន្នម្តាយរបស់ Yinglee Si Chumphon បានធូរស្បើយច្រើនពីជំងឺហើយ ដោយបានវិលត្រលប់មកសម្រាកនៅផ្ទះវិញ ក្នុងខេត្តបុរីរាំ និងនាងបានបញ្ជាក់ថា សព្វថ្ងៃក៏កំពុងតែតស៊ូក្តីជាមួយភាគីបង្កគ្រោះថ្នាក់ចរាចរណ៍ជាមួយម្តាយនាង ទើបមានភាពស្មុគស្មាញច្រើន មិនសូវបានថែទាំសុខភាព។

គួរឱ្យដឹងដែរថា Yinglee Si Chumphon ជាតារាចម្រៀងស្រី ដែលទទួលបានភាពល្បីល្បាញខ្លាំង ដោយសារបទផ្ទុះរបស់នាងមួយបទ ដែលមានចំណងជើងថា៖ «Your Heart For My Number» កាលពីឆ្នាំ២០១៣។

ទស្សនាវីដេអូរបស់នាងកាលពីយប់មិញ៖

Yinglee Si Chumphon និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]