ភ្នំពេញ៖ ផលិតកររឿង “កំពូលសយឆ្លងភព” លោក តន់ វុទ្ធី បានរៀបរាប់ប្រាប់ ខ្មែរឡូត ទាំងអួលដើម ក ថា លោកជាបុគ្គលមួយរូបដែលស្រលាញ់សិល្បៈខ្មែរ និងចង់ជួយលើកតម្កើងវិស័យខ្សែរភាពយន្តខ្មែរឲ្យបានរីកចម្រើនដូចបរទេសដែរ ប៉ុន្តែលោកសោកស្តាយណាស់ ព្រោះការខិតខំរបស់លោក មិនអាចទទួលបានលទ្ធផលដូចការរំពឹងទុករបស់លោកឡើយ។

លោកបានបន្ថែមទៀតថា រឿង “កំពូលសយឆ្លងភព” ត្រូវបានសម្រិតសម្រាំងអស់ជាច្រើនខែ និងអស់ពីសមត្ថភាព ចំណាយទាំងធនធាន និងទឹកចិត្តជាច្រើន រហូតដល់ថ្នាក់លោក ត្រូវខ្ចីលុយគេឯងដើម្បីបញ្ចប់រឿងមួយនេះ ប៉ុន្តែជាលទ្ធផល វាពិតជាហួសពីការរំពឹងទុករបស់លោកយ៉ាងខ្លាំង ដោយសារតែរឿងមួយនេះ កំពុងតែប្រឈមមុខជាមួយនឹងការដកចេញពីការបញ្ចាំង នៅតាមរោងភាពយន្តនានានៅក្នុងទីក្រុងភ្នំពេញហើយ។

លើសពីនេះ ពាក្យសម្តីមួយម៉ាត់ចុងក្រោយរបស់លោក តន់ វុទ្ធី បានធ្វើឲ្យ ខ្មែរឡូត មានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង ដោយសារតែលោកបានមានប្រសាសន៍ថា “មកដល់ពេលនេះហើយ ខ្ញុំមិនចង់បានប្រាក់ចំនេញពីរឿងមួយនេះទេ ខ្ញុំសុំត្រឹមតែមួយរួចខ្លួនតែប៉ុណ្ណោះ ដោយសង្ឃឹមថា បងប្អូននឹងចូលរួមទស្សនាឲ្យបានច្រើនៗ ព្រោះថាបើនៅតែមិនមានអ្នកទស្សនាទៀត ខាងរោងកុននឹងបិទរឿងរបស់ខ្ញុំចោលហើយ។ មានមិត្តភក្តិខ្ញុំជាច្រើនបានប្រាប់ខ្ញុំថា បើខ្ញុំចំណាយកាន់តែច្រើន ប្រឹងកាន់តែច្រើន ខ្ញុំនឹងខាតកាន់តែច្រើន។ ខ្ញុំមិនជឿគេទេ ខ្ញុំនៅតែតស៊ូជំនះ ប៉ុន្តែឥឡូវនេះ ខ្ញុំបានដឹងហើយថា សម្តីរបស់ពួកគេ ពិតជាមិនខុសមែន”

គួរបញ្ជាក់ដែរថា រឿង “កំពូលសយឆ្លងភព” មានសាច់រឿងបែបកំប្លែង ដែលមានតួអង្គសុទ្ធតែជាតារាល្បីៗដូចជា នាយ ចើម, កញ្ញា នីឡា, នាយ ក្រូច, នាយ ប៉ូម, កញ្ញា ប៉ុបពី ជាដើម ដែលសុទ្ធសឹងជាតួល្បីៗ និងបានធ្វើឲ្យអ្នកទស្សនាហើយ សើចសប្បាយ និងរីករាយគ្រប់ៗគ្នា ប៉ុន្តែសម្រាប់ផលិតករវិញ មិនទាន់ស្គាល់ពាក្យថារីករាយយ៉ាងណាទេ ដោយសារតែរឿងមួយនេះបានចំណាយទឹកប្រាក់ប្រមាណជាង ៤ម៉ឺនដុល្លារ ហើយឥឡូវនេះ គាត់ទើបតែរកបានជាង ១ម៉ឺនដុល្លារតែប៉ុណ្ណោះ។

ជាចុងក្រោយ ខ្មែរឡូត សូមកោតសរសើរទឹកចិត្តរបស់់លោក តន់ វុទ្ធី ដែលជាបុគ្គលមួយរូបស្រឡាញ់ និងចង់លើកតម្កើងសិល្បៈខ្មែរ ហើយក៏សូមចូលរួមអំពាវនាវដល់មិត្តៗយុវវ័យ ដែលជាអ្នកគាំទ្រវិស័យសិល្បៈខ្មែរចូលរួមទស្សនារឿង “កំពូលសយឆ្លងភព” នេះ ដើម្បីឲ្យផលិតករមានទឹកចិត្ត និងមានលទ្ធភាពបន្តទៅមុខទៀត៕ 

សូមទស្សនា Trailer ខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]