ភ្នំពេញ៖ ក្រោមស្មារតីលើកកម្ពស់សុខភាពមាត់ធ្មេញ និងបង្កើនការយល់ដឹងអំពីសារសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញ “ទិវាសុខភាពមាត់ធ្មេញពិភពលោក 20មីនា ឆ្នាំ២០១៧” ត្រូវបានរៀបចំឡើងដោយ សមាគមទន្តពេទ្យកម្ពុជា ក្រោមកិច្ចសហការជាមួយ សហព័ន្ធទន្តពេទ្យពិភពលោក (FDI World Dental Federation) និងថ្នាំដុសធ្មេញ ស៊ីកណល របស់ក្រុមហ៊ុន យូនីលីវើ ។ ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ មានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និង លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីទ្បា ក៏ដូចជាវត្តមាន ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ លោក-លោកស្រី ទន្តបណ្ឌិត លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងសមាគមស៊ីក្លូសរុបទាំងអស់ប្រមាណ ១០០០នាក់ ។

ថ្លែងក្នុងឱកាសដ៏អធិកអធមនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ “ដោយសារបញ្ហាមាត់ធ្មេញនេះ ជាបញ្ហាមួយ បង្កឡើងដោយកត្តាផ្សេងៗជាច្រើន ហើយ ជាពិសេស វាពាក់ព័ន្ធដល់ឥរិយាបថ ទម្លាប់ និងការប្រព្រឹត្តតៗគ្នា រាប់សិបឆ្នាំមកហើយនោះ ធ្វើឲ្យការដោះស្រាយបញ្ហាមាត់ធ្មេញនេះ ទាមទារឲ្យមានការអនុវត្ត ជាដំណាក់កាលៗ ក្នុងរយៈពេលវែង ជាមួយនឹងការចូលរួម ពីសំណាក់ប្រជាជន ស្ថាប័នឯកជន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត”

ការសិក្សាស្រាវជ្រាវកន្លងមកបានលើកឡើងថា ក្រៅពីប៉ះពាល់ដល់លទ្ធភាពទទួលទានអាហារ និងបញ្ហាសម្រស់ សុខភាពមាត់ធ្មេញក៏អាចបង្កឲ្យមានជម្ងឺផ្សេងៗជាច្រើន ហើយជម្ងឺរ៉ាំរ៉ៃប្រមាណ ៨០% ចាប់ផ្តើមឡើងដោយសារសុខភាពមាត់ធ្មេញមិនល្អ ។ ការសិក្សាស្រាវជ្រាវក៏បានបង្ហាញដែរថា ជាង ៩០% នៃកុមារអាយុ ៦ ឆ្នាំ និង ៨០% នៃក្មេងអាយុពី ១២ ដល់ ១៣ ឆ្នាំ មានជម្ងឺពុកធ្មេញ ។ បញ្ហារោគពុកធ្មេញ បង្កទ្បើងដោយចំណីអាហារដែលយើងបរិភោគ ជាពិសេសអាហារដែលមានជាតិផ្អែមឬជាតិស្ករ។ ដូច្នេះ ដើម្បីការពារ និងកាត់បន្ថយរោគពុកធ្មេញ ទម្លាប់ដុសធ្មេញយ៉ាងតិច២ដងក្នុង១ថ្ងៃ ជាមួយថ្នាំដុសធ្មេញដែលមានជាតិហ្វ្លអរ៉ាយ ពិសេសក្រោយពេលញុំាអាហារ ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព។ តាមការបញ្ជាក់ពីឪពុកម្តាយ ក្នុងចំណោមក្មេង ២៨៤ នាក់ មាន ៥៥% ដែលដុសធ្មេញមួយថ្ងៃ១ ដង ហើយចំនួន ៣៩% ទៀតដែលមានទម្លាប់ដុសធ្មេញ ២ ដងក្នុងមួយថ្ងៃ។

ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានមានប្រសាសន៍បន្ថែមថា ដូចបណ្តាប្រទេសផ្សេងៗដែរ ប្រទេសកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ដែលមានក្រសួងសុខាភិបាលទទួលបន្ទុក បានយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយក្នុងនោះសុខភាពមាត់ធ្មេញជាបញ្ហាសំខាន់។ ក្រសួងសុខាភិបាល នឹងបន្តប្រឹងប្រែង ធ្វើឲ្យកាន់តែប្រសើរទ្បើង ជាមួយនឹងការលើកទឹកចិត្ត និងបន្តចូលរួមជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់វិស័យទន្តសាស្ត្រនៅកម្ពុជា។

ទន្តបណ្ឌិត កោ ហុកស៊ីម ប្រធានសមាគមទន្តពេទ្យកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកទីបីហើយ ដែលសមាគមទន្តពេទ្យកម្ពុជា បានចូលរួមជាមួយបណ្ដាប្រទេសជាច្រើនទៀត ក្នុងពិភពលោក ក្នុងការប្រារព្ធទិវាសុខភាពមាត់ធ្មេញនេះទ្បើង។ “ទិវាសុខភាពមាត់ធ្មេញពិភពលោក២០មីនា ត្រូវបានរៀបចំទ្បើងក្នុងបំណង បង្កើនការយល់ដឹងអំពីសារសំខាន់របស់សុខភាពមាត់ធ្មេញ ទំនាក់ទំនងយ៉ាងស៊ីជម្រៅ និងផលប៉ះពាល់របស់វាដល់សុខភាពទូទៅ និងគុណភាពជីវិត។ ហើយប្រធានបទក្នុងឆ្នាំនេះគឺ “ ការរស់នៅជាមួយសុខភាពមាត់ធ្មេញល្អ ជាជំរើសដ៏ឆ្លាតវៃ” ឬ “Live Mouth Smart’ ក្នុងគោលបំណង ដាស់តឿន និងបង្កើនការចាប់អារម្មណ៍ ដល់សាធារណជនឲ្យរស់នៅប្រកបដោយភាពឆ្លាតវៃ ក្នុងការជ្រើសរើសសុខភាពល្អសម្រាប់ខ្លួនឯង តាមរយៈការយល់ដឹង និងចាប់ផ្តើមពីទម្លាប់អនាម័យមាត់ធ្មេញល្អ តាំងពីក្មេងទៅ និងមានការពិនិត្យបញ្ហាមាត់ធ្មេញឲ្យទៀងទាត់ ជាមួយទន្តបណ្ឌិត ដើម្បីជៀសផុតពីការឈឺចាប់រាងកាយនិងផ្លូវចិត្ត ដែលបង្កដោយជម្ងឺនៅក្នុងប្រអប់មាត់ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។”

ក្នុងកម្មវិធី ទិវាសុខភាពមាត់ធ្មេញពិភពលោកថ្ងៃ២០មីនា នេះផងដែរ សមាគមទន្តពេទ្យកម្ពុជា ក្រោមកិច្ចសហការជាមួយនិងថ្នាំដុសធ្មេញ ស៊ីកណល ក្រុមហ៊ុន យូនីលីវើ បានរៀបចំជាការអប់រំសុខភាពមាត់ធ្មេញ និងបង្រៀនពីវិធីសាស្ត្រក្នុងការដុសសម្អាតធ្មេញឲ្យបានត្រឹមត្រូវដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលបានអញ្ចើញមកពីសាលាបឋមសិក្សាចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន សាលាបឋមសិក្សា សន្ធរម៉ុក សាលាបឋមសិក្សាព្រះនរោត្តម និងសាលាបឋមសិក្សាបាក់ទូក ដែលបានចូលរួមក្នុងកម្មវិធីព្រឹកនេះ ប្រមាណជិត៥០០នាក់ ព្រមទាំងធ្វើការពិនិត្យនិងសម្អាតធ្មេញដោយឥតគិតថ្លៃជូនដល់សមាគមអ្នកធាក់ស៊ីក្លូចំនួន១២០នាក់ផងដែរ។ សមាគមទន្តពេទ្យកម្ពុជា ក៏បានរៀបចំជាយុទ្ធនាការអប់រំសុខភាពមាត់ធ្មេញដល់សិស្សានុសិស្សចំនួន៥៩៧៧នាក់ និងលោកគ្រូអ្នកគ្រូចំនួន២៥០នាក់ នៅវិទ្យាល័យសាមគ្គី ក្នុងរាជធានីភ្នំពេញ និងដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ និងព្រះសង្ឃ ចំនួន២០០០នាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងចំនួន១០០០នាក់ នៅស្រុកទឹកឈូ ខេត្តកំពត។ ជាមួយគ្នានេះដែរ សមាគមទន្តពេទ្យកម្ពុជា បានសំណូមពរដល់មន្ទីរព្យាបាលធ្មេញ និងគ្លីនិកធ្មេញនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា ដើម្បីធ្វើការណែនាំ អំពីរបៀបដុសសម្អាតធ្មេញដែលត្រឹមត្រូវ ធ្វើការពិនិត្យនិងសម្អាតធ្មេញដោយឥតគិតថ្លៃ ដល់អតិថិជនរបស់ខ្លួន នៅថ្ងៃ២០មីនា នេះផងដែរ។

ទន្តបណ្ឌិត កោ ហុកស៊ីម បានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការអប់រំនិងថែទាំសុខភាពមាត់ធ្មេញ ដល់ប្រជាជនកម្ពុជា សមាគមទន្តពេទ្យកម្ពុជា បានរៀបចំបោះពុម្ព ជាសៀវភៅនិងផ្ទាំងរូបភាពអប់រំនិងថែទាំសុខភាពមាត់ធ្មេញ ជាភាសាខ្មែរ ចំនួន២០០០០ក្បាល ដើម្បីចែកជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ។

លោក Fredy Ong អភិបាលក្រុមហ៊ុន យូនីលីវើប្រចាំប្រទេសកម្ពុជា និងឡាវ បានមានប្រសាសន៍ថា ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺជួយលើកកម្ពស់សុខភាពមាត់ធ្មេញរបស់កុមារ និងឪពុកម្ដាយចំនួន ១០០ លាននាក់ទូទាំងពិភពលោក ត្រឹមឆ្នាំ ២០២០ តាមរយៈការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសុខភាពមាត់ធ្មេញ ។

លោក Fredy Ong បានមានប្រសាសន៍បន្ថែមទៀតថា “ក្រុមហ៊ុន យូនីលីវើ ក៏ដូចជាថ្នាំដុសធ្មេញស៊ីកណល មានមោទនភាព និងក្តីសោមនស្សរីករាយជាពន់ពេកដែលបានចូលរួមសហការ ជាមួយសមាគមទន្តពេទ្យកម្ពុជា និងសហព័ន្ធទន្តពេទ្យពិភពលោក (FDI World Dental Federation) ក្នុងការរៀបចំ ទិវាសុខភាពមាត់ធ្មេញពិភពលោកឆ្នាំ២០១៧ នេះឡើង ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធទិវាសុខភាពមាត់ធ្មេញពិភពលោក នឹងផ្ដល់នូវវិភាគទានវិជ្ជមានជាច្រើនបន្ថែមទៀតដល់ប្រជាជនកម្ពុជាទាំងអស់ និងសង្គមកម្ពុជាទាំងមូលក្នុងការលើកកម្ពស់អនាម័យមាត់ធ្មេញផ្ទាល់ខ្លួន”

ក្នុងការប្រារព្ធទិវានេះផងដែរ ក្រុមហ៊ុនយូនីលីវើបានបរិច្ចាកថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញចំនួន ១ ម៉ឺនឈុត ដល់សមាគមទន្តពេទ្យកម្ពុជា ដែលនៅថ្ងៃតែមួយនោះ បានយកទៅចែកចាយបន្តដល់សាលារៀនមួយចំនួន នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពត ក៏ដូចជាមានការពិនិត្យសុខភាពមាត់ធ្មេញថែមទៀតផង ។

គួរបញ្ជាក់ផងដែរថា យោងតាមទន្តពេទ្យភាគច្រើន ការដុសធ្មេញក្រោយពេលអាហារ ឬទម្លាប់ដុសធ្មេញឲ្យបាន ២ដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលយប់មុនពេលចូលគេង គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពតែមួយគត់ ដើម្បីកាត់បន្ថយបញ្ហាសុខភាពមាត់ធ្មេញឲ្យនៅកម្រិតទាបបំផុត ។ ដូច្នេះ សូមបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អគ្រប់ៗគ្នា ស្របតាមប្រធានបទនៃទិវានេះ គឺ “ការរស់នៅជាមួយសុខភាពមាត់ធ្មេញល្អ ជាជំរើសដ៏ឆ្លាតវៃ” ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]