(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានព្រមានថា ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការពង្រឹងការទប់ស្កាត់ លើពួកមេខ្យល់ដែលធ្វើសកម្មភាពនាំពលករខ្មែរ ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ លោក Koichiro KAKEE ឧបការីរបស់រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តរជាតិ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ប្រទេសជប៉ុន នៅទីស្ដីការក្រសួងការងារ រួចមកលោករដ្ឋមន្រ្តី អ៊ិត សំហេង បានឲ្យដឹងថា កាលពីពេលកន្លងទៅ ប្រទេសបានប្រកាសដំឡើងប្រាក់ឈ្នួលដល់ពលករខ្មែរ និងពលករប្រទេសដទៃ តាមតំបន់ផ្សេងៗគ្នា ហេតុដូច្នេះហើយ ការសម្រុកចេញទៅធ្វើការនៅទីនោះ ក៏មាននឹងកើតមានច្រើនដែរ។

ប្រមុខក្រសួងការងារបានបញ្ជាក់ថា «ការបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ ក្រសួងនៅតែពង្រឹងប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនដដែល ជាពិសេស ការទប់ស្កាត់ការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម តាមរយៈបណ្ដាញមេខ្យល់ និងពង្រឹងប្រព័ន្ធសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្រ្កាបពួកមេខ្យល់ ដែលនាំពលករចេញទៅដោយខុសច្បាប់ តាមរូបភាពផ្សេងៗ ដើម្បីកាត់បន្ថយភាពហានិភ័យជូនពលករខ្មែរ»។

លោកបានបន្ត រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ បានបន្តជំរុញប្រព័ន្ធផ្ដល់ភាពស្របច្បាប់ និងផ្ដល់ការការពារជូនពលករខ្មែរ ជាបន្តបន្ទាប់ហើយដែរ។ បច្ចុប្បន្ននេះ ភាគីកម្ពុជាបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយភាគីថៃ ធ្វើយ៉ាងណាឲ្យពលករខ្មែរនៅទីនោះ ទទួលបានភាពស្របច្បាប់ត្រឹមត្រូវ ក៏ដូចជាការចែកបណ្ណពណ៌ស៊ីជម្ពូ (Pink Card) ជាដើម។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏បានបង្កើនការធ្វើលិខិតឆ្លងដែនជូនដល់ពលករខ្មែរ ដែលចង់ទៅធ្វើការនៅបរទេស និងធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី ជូនពួកគាត់ផងដែរ។

ទោះយ៉ាងណា លោករដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាពលករខ្មែរទាំងអស់ ដាច់ខាតកុំចេញទៅធ្វើការនៅក្រៅប្រទេស ដោយខុសច្បាប់ឲ្យសោះ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ និងរងគ្រោះផ្សេងៗ ដូចជា ត្រូវសមត្ថកិច្ចប្រទេសគេឃាត់ខ្លួន ចាប់ដាក់ពន្ធនាគារ ក៏មាន។

លោក អ៉ិត សំហេង បានពន្យល់ថា ការដំឡើងប្រាក់ឈ្នួលរបស់ប្រទេសថៃ កន្លងមកនោះ មិនមែនជាការទាក់ទាញពលករក្រៅស្រុក ឲ្យចូលទៅធ្វើការច្រើននោះទេ តែជាលក្ខខណ្ឌដំឡើងប្រាក់ឈ្នួល ទៅតាមកំណើនសេដ្ឋកិច្ច និងកម្រិតវឌ្ឍនភាព ដើម្បីដោះស្រាយបញ្ហាជូនកម្មករនិយោជិតរបស់ប្រទេសគេ ទន្ទឹមនឹងនោះ ពលករខ្មែរ និងពលករប្រទេសដទៃនៅប្រទេសថៃ ក៏ទទួលបានដូចគ្នាដែរ៕

ប្រភព៖ Fresh News

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

គ្រាន់តែ​សួរ «​ហេតុ​អ្វី​បានជា​លោក​ដើរមក​បុក​ខ្ញុំ​យ៉ាងនេះ​» ស្រាប់តែ​វ៉ៃ​គ្មាន​ប្រណី

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ម៉ោង​ប្រមាណ​១០​កន្លះ​យប់ ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៧ មាន​ករណី​ប្រើ​អំពើ​ហិង្សា​មួយ​កើតឡើង​ ក្នុង​ក្លិប​ខារ៉ាអូខេ ស៊ី​ធី​ហ្គោ​ល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​១៣ ភូមិ​១ សង្កាត់​លេខ​៤ ។

ជន​រង​គ្រោះ​មានឈ្មោះ ហេង រិ​ទ្ធី ជា​មេធាវី​ខេត្ត​ព្រះ​សីហ​នុ មាន​អាយុ​៣៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​២ ក្រុង ខេត្ត​ព្រះ​សីហ​នុ​។ លោក​មេធាវី​បានឱ្យ​ដឹង​ថា ករណី​ប្រើ​អំពើ​ហិង្សា​បង្ក​ឱ្យ​របួស​ស្នាម​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មក​លើ​រូប​គាត់​ក្នុង​ក្លិប​ខារ៉ាអូខេ ខណៈ​ពេល​ដែល​រូប​គាត់​មាន​មិត្តភក្តិ​ហៅ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នៅ​ក្នុង​ក្លឹ​ប​ខាងលើ​។ ក្រោយ​ពេល​កើតហេតុ​លោក​បាន​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជនសង្ស័យ​ម្នាក់​នោះ​មក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។

លោក​មេធាវី​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ រូប​លោក​បាន​ឡើងជណ្តើរ​ទៅ​ជាន់​ខាងលើ រួច​ក៏​បាន​ប៉ះស្មាគ្នា​ជាមួយ​ជនសង្ស័យ​ដែល​បាន​ដើរ​ចុះ​មក​ខាងក្រោម​វិញ រួប​គាត់​ក៏​បាន​សួរ​ថា «​ហេតុ​អ្វី​បានជា​លោក​ដើរមក​បុក​ខ្ញុំ​យ៉ាងនេះ​» ពេល​នោះ​ជនសង្ស័យ​មិន​ឆ្លើយ​តប​ទេ ហើយ​ក៏​ដាល់​រូប​លោក​មួយ​ដៃ​លើ​ចិញ្ចើម​ភ្នែក​ខាងឆ្វេង​ឡើង​ហើម​ជាំ និង​ទាត់​ធាក់​បន្ថែម​ទៀត រួច​ក៏​នាំ​បក្សពួក​ឡើង​រថយន្ត VIGO ពណ៌​ស ពាក់​ស្លាក​លេខ ខ​.​ម -2-2525 គេចខ្លួន​បាត់​ស្រមោល ដោយ​មិន​មានការ​ឃាត់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច និង​សន្តិសុខ​ឯកជន​ដែល​យាម​ប្រចាំការ​នៅ​ក្លិប​កម្សាន្ត​ខារ៉ាអូខេ​ខាងលើ​នោះ​ឡើយ​។

ក្រោយ​ពេល​កើតហេតុ​លោក​មេធាវី ហេង រិ​ទ្ធី បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុ​ស​រដ្ឋបាល​សង្កាត់ ៤​នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​១០​កន្លះ​យប់ ថ្ងៃ​១៨ មីនា ដោយ​ភ្ជាប់​ជាមួយ​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ខណៈ​ជនសង្ស័យ រួម​នឹង​បក្សពួក​ចូល​ច្រៀង​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​មុន​ពេល​កើតហេតុ ។

រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ កំពុង​ធ្វើ​រការ​ស្រាវជ្រាវ​រក​ជនសង្ស័យ និង​បក្សពួក ដើម្បី​យក​មក​ដោះស្រាយ​ទៅ​តាម​តាម​នីតិវិធី​ច្បាប់ មិន​ឱ្យ​ជន​បង្ករ​ករួច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ​។

បើ​តាម​រយៈ​ភ្ញៀវ​ដែល​បាន​ចូល​ទៅ​ក្លិប​កំសាន្ត​ខាងលើ និង​បានឃើញ​ហេតុការណ៍​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ខណៈ​ដែល​សមត្ថកិច្ច និង​សន្តិសុខ​ឯកជន មិន​បាន​ឃាត់ខ្លួន​ជន​បង្ករ​របួស​ស្នាម​មក​លើ ជន​រង​គ្រោះ​ចូល​មក​កំសាន្ត​នៅ​ក្នុង​ក្លិប​ខាងលើ ហើយ​ពួក​គាត់​បាន​ដាក់​ការ​ព្រួយបារម្ភ​ថា ថ្ងៃ​ណាមួយ មាន​ករណី​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ក៏​មិន​មាន​សមត្ថកិច្ច ឬ​ថៅកែ​ក្លិប​ខាងលើ​ចេញ​មុខ​ក្នុង​ការ​ជួយ​អន្តរាគមន៍ និង​មាន​ចំណាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជូន​ដល់​ជន​រង​គ្រោះ​ឡើយ ដូចនេះ​គ្រប់​អតិថិជន​គួរ​មានការ​ស្វែង​យល់​ដោយ​ខ្លួនឯង​ថា តើ​គួរ​ចូល​ទៅ​កំសាន្ត​នៅ​ក្លិប​ខាងលើ​នោះ​ឬ​យ៉ាងណា ?

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ ភ្នាក់ងារ​យក​ព័ត៌មាន​យើង​មិន​អាច​រក​ការ​បកស្រាយ​ពី​ម្ចាស់​ក្លិប​ខាងលើ​នេះ​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ ដើម្បី​ទំនាក់ទំនង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]