(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលអង្គភាព Fresh News បានទទួលនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ បានបង្ហាញថា ក្នុងពេល២ខែ (មករា និងកុម្ភៈ) ដើមឆ្នាំ២០១៧ ភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនា​កម្ពុជាមានចំនួន១,០២៥,៥២១នាក់ កើនឡើង១២.១% រីឯទេសចរខ្មែរដែលចេញទៅក្រៅមាន២៤៥,០១៦នាក់ កើនឡើង​៩.២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។

ក្រសួងទេសចរណ៍បានលម្អិតថា ទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ក្នុងខែមករា ឆ្នាំ២០១៧ មានចំនួន៥៣២,២០៦​នាក់ កើនឡើង១៤.២% ធៀបនឹងខែមករា ឆ្នាំ២០១៦។

ទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០១៧ មានចំនួន៤៩៣,៣១៥នាក់ កើនឡើង១០% ធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៦។ «សរុបទាំង២ខែ មានចំនួន១,០២៥,៥២១នាក់ កើនឡើង១២.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦»។

ទេសចរអន្តរជាតិ មកតាមអាកាសមានចំនួន៦២៩,៩២៧នាក់, តាមផ្លូវគោកមានចំនួន៣៤៣,១៩៥នាក់ និងមកតាមផ្លូវទឹក​មានចំនួន៥២,៤០០នាក់។

ចំណែកទេសចរកម្ពុជា ដែលចេញទៅក្រៅប្រទេស គិតត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០១៧ មានចំនួន «២៤៥,០១៦នាក់ កើនឡើង៩.២%» ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦៕

ប្រភព៖ Freshnews

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

អាយុចាស់មិនសំខាន់ សំខាន់ចង់រៀន! អ្នកម្តាយវ័យ៥៥ឆ្នាំ ខំប្រឹងរៀន រហូតទទួលជោគជ័យ ថ្នាក់អនុបណ្ឌិត ធ្វើឲ្យគេស្ងើចសរសើរខ្លាំង!

ជាការពិតមនុស្សភាគច្រើន តែងមានទស្សនៈមួយថា ឲ្យតែមនុស្សស្រី មិនអាចរៀនសូត្រ និងធ្វើការធំដុំបាននោះទេ ក្រៅពីនៅផ្ទះ ដូចជា ដាំបាយធ្វើម្ហូប និងមើលថែកូនជាដើម។ ប៉ុន្តែគំនិតមួយនេះ ដែលថា នារីបង្វិលចង្ក្រានមិនជុំនោះ បានចាប់ផ្តើមប្រែប្រួលបន្តិចម្តងៗ ដែលបច្ចុប្បន្ននេះ យើងអាចសង្កេតឃើញថា មានមនុស្សស្រីភាគច្រើន បានទទួលជោគជ័យ លើការសិក្សាដែលអ្នកខ្លះ អាចបន្តទៅដល់ អនុបណ្ឌិត ឬថ្នាក់បណ្ឌិត បើទោះបីពួកគាត់ មានការរវល់ក្នុងការងារ មើលថែទាំស្វាមី និងកូនក៏ដោយ។

ជាកស្តែងអ្នកម្តាយវ័យ៥៥ឆ្នាំម្នាក់ ដែលគាត់បានធ្វើការផ្លាស់ប្តូរជីវិតរបស់គាត់ទាំងស្រុង តាំងពីធ្វើការធម្មតា រហូតមានការងារខ្ពង់ខ្ពស់មួយនៅក្នុងសង្គម ហើយមិនតែប៉ុណ្ណោះ គាត់ក៏ទើបតែបញ្ចប់ថ្នាក់អនុបណ្ឌិត និងជានិស្សិតទទួលជ័យលាភី កាលពីថ្មីៗនេះផងដែរ។

ក្នុងនោះដែរ ខ្មែរឡូត ក៏បានធ្វើការសម្ភាសន៏ជាមួយនឹងអ្នកស្រី ស៊ឹម សម្បត្តិ វ័យ៥៥ឆ្នាំ ដែលបច្ចុប្បន្ន រូបគាត់មានកូន២នាក់ គឺប្រុសទាំងពីរតែម្តង។

អ្នកម្តាយរូបនេះបាននិយាយថា «ទម្រាំមីងបានមកដល់ចំណុចនេះ មានការងារល្អ និង មានការសិក្សា ដល់ថ្នាក់អនុបណ្ឌិត ក៏មិនមែនជារឿងងាយស្រួលផងដែរ តែដោយសារតែក្តីព្យាយាម និងការតាំងចិត្ត ក្នុងខ្លួនតែម្តង»។

អ្នកស្រី បានបន្តថា «ពីដំបូងឡើយ មីងគ្រាន់តែជាអ្នករោងចក្រនោះទេ ព្រោះពេលនោះ ជាសម័យទើបតែរំដោះចេញ ពីរបបប៉ុលពត ដូច្នេះហើយ មានការងារអី ក៏ចេះតែធ្វើទៅ។ ប៉ុន្តែស្របពេលនោះ ទោះបីជាស្ថានភាពវាលំបាកប៉ុណ្ណាក៏ដោយ ក៏មិនបោះបង់ការសិក្សាចោលនោះទេ មីងក៏បានចូលរៀន ហើយឆ្លៀតពេលនោះដែរ មីងក៏បានទៅរៀនអង់គ្លេសបន្ថែមទៀត ដើម្បីឲ្យចេះអង់គ្លេសតាំងពីក្មេង។

នៅពេលមីង ចូលដល់វ័យកណ្តាល មីងក៏បន្តការសិក្សា នៅវិទ្យាស្ថានភាសាបរទេស( IFL) ផ្នែកអក្សរសាស្រ្តអង់គ្លេស។ ក្នុងនោះ មីងមិនត្រឹមតែរៀន តែមួយសាលានោះទេ គឺពេលនោះ មីងរៀន២សាលាក្នុងពេលតែមួយ។ មិនយូរប៉ុន្មាន មីងក៏ទទូលបានការងារមួយ គួរជាទីគាប់ចិត្ត នៅក្នុងក្រុមហ៊ុនឯកជនមួយ»។

ប៉ុន្តែនៅពេលនោះ គឺជាពេលវេលាមួយ ដ៏លំបាកបំផុត ដែលត្រូវចេញធ្វើការផង រៀនផង ហើយមើលកូនៗទៀត តែមីង នៅតែព្យាយាមជម្នះ នូវរឿងលំបាកឲ្យទាល់តែបាន តែពេលនោះក៏សូមអរគុណទៅដល់ ម្តាយរបស់មីង(ពេលនេះគាត់ស្លាប់ហើយ) និងស្វាមី ដែលបានជួយមើលកូនទាំងពីរ។ ជាពិសេសក្រុមគ្រួសារ របស់មីង លើកទឹកចិត្តមីងយ៉ាងពេញទំហឹង ក្នុងការរៀនសូត្រ និងធ្វើការ»។

អ្នកស្រីសម្បត្តិបានបន្តថា «ដោយសារចេះតែចង់រៀន អាចនិយាយពាក្យមួយថា ដូចជាញៀននឹងការសិក្សា បានធ្វើឲ្យមីងសម្រេចចិត្ត បន្តយកថ្នាក់អនុបណ្ឌិត នៅក្នុងឆ្នាំ ២០១២ ហើយនៅឆ្នាំ២០១៤ ក៏បានបញ្ចប់ជាស្ថាពរ តែទើបតែទទួលសញ្ញាប័ត្រ កាលពីថ្មីៗនេះទេ»។

ក្នុងនោះ ខ្មែរឡូត ក៏បានសាកសួរទៅកាន់អ្នកមីងបន្តថា «តើអ្នកស្រី មានកម្លាំងចិត្តអ្វី និងមូលហេតុអ្វី ទើបទាញចិត្ត ឲ្យចង់រៀន ដោយមិនខ្វល់ពីអាយុ»?

អ្នកស្រី បានបន្តថា «មូលហេតុដែលមីង សម្រេចចិត្តរៀន រហូតដល់អនុបណ្ឌិត ហើយថែមទាំងទទួលបានជានិស្សិតជ័យលាភីទៀតនោះ មកពីទីមួយ មីងគិតថា ការសិក្សាកាន់តែរៀនកាន់តែល្អ កាន់តែធ្វើឲ្យយើងមានទំនួលខុសត្រូវខ្ពស់ ចេះគិតពិចារណាបានល្អ។ មូលហេតុទី២ មកពី មីង ចង់ផ្តល់ជាគំរូទៅដល់កូនៗ ហើយឲ្យកូន មើលដឹងថា ទោះជាមីងលំបាក មើលគ្រួសារផង ធ្វើការផង រៀនសូត្រផង តែមីងនៅខិតខំ ជំនះនូវឧបសគ្គទាំងនេះ។ ដូច្នេះកូនៗ ត្រូវតែខំរៀន ព្រោះរាល់ថ្ងៃនេះ ពួកគាត់មិនលំបាកទេ ក្រៅពីទៅសាលាតែប៉ុណ្ណោះ។

បើនិយាយពី កម្លាំងចិត្ត ដែលធ្វើឲ្យមីង ឈានដល់ដំណាក់កាល និងរៀនបានខ្ពង់ខ្ពស់បែបនេះ គឺដោយសារតែកត្តាគ្រួសារនេះឯង សួរថា បើក្រុមគ្រួសារយើង មានបញ្ហា មានជម្លោះ កូនធ្វើបាប ស្វាមី មិនចេះផ្តល់តម្លៃ ស្រលាញ់ភរិយា តើយើងមានអារម្មណ៍រៀនដែរអត់? ពួកគេទាំងនេះហើយ ជាអ្នកធ្វើឲ្យមីង មានកម្លាំងចិត្ត ក្នុងការរៀនសូត្រ និងធ្វើការ»។

ជាចុងក្រោយ អ្នកស្រី សម្បត្តិ បានក្រើនរំលឹកទៅកាន់នារីៗផងដែរថា មនុស្សស្រីយើង បើមានឱកាស គួរតែរៀន និងចេញធ្វើការ មានមុខមានមាត់ក្នុងសង្គម ដើម្បីអាចរកប្រាក់ចំណូលសម្រាប់ខ្លួន ដោយមិនពឹងពាក់ លើស្វាមីទាំងស្រុង។ ជាពិសេស កុំខ្វល់ពីអាយុ បើយើងនៅតែរៀនចូល គួរតែរៀន កុំបណ្តែតបណ្តោយទៅតាមពេលវេលាឲ្យសោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]