(កំពត)៖ សប្បាយក្លាយជាទុក្ខ! ភ្ញៀវខាងកូនក្រមុំ និងកំលោះដែលម្ខាងៗ មានរាប់សិបនាក់ បានផ្ទុះហិង្សារហូតទាញកែវ និងចានដេញគប់គ្នា យ៉ាងអនាធិបតេយ្យ ដោយសារមានជម្លោះពេលរាំវង់ នៃពិធីមង្គលការមួយ ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

អំពើហិង្សានេះបានបង្កឲ្យមានការភ្ញាក់ផ្អើល និងភ្ញៀវរត់ជាន់ជើងគ្នានៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ជាលទ្ធផល បណ្តាលឲ្យភ្ញៀវកូនកំលោះចំនួន៥ នាក់រងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរផងដែរ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា មានករណីផ្ទុះអំពើហិង្សាដោយចេតនា លក្ខណៈជាក្រុមម្ខាងៗមានគ្នាជាង៥០នាក់ រវាងភ្ញៀវខាងកូនក្រមុំ និងកូនកំលោះ បណ្តាលឲ្យខាងគាគីកូនកំលោះ រងរបួសយ៉ាងហោចណាស់៥នាក់។

មន្រ្តីនគរបាលបានបន្តទៀតថា «ករណីខាងលើកើតឡើង ដោយសារទំនាស់គ្នាពេលកំពុងរាំ ដោយភាគីម្ខាងៗ មានគ្នាច្រើនដូចគ្នា គឺប្រហែល៥០នាក់ឡើង ហើយពេលផ្ទុះអំពើហិង្សា ពួកគេបានយកកែវ និងចានគប់​ដាក់គ្នាទៅវិញទៅមក។ ខណៈកើតហេតុនោះ កម្លាំងសមត្ថកិច្ចយើងមានគ្នាតិច មិនអាចគ្រប់គ្រងសភាពការណ៍បាន ទើបសុំកម្លាំងអន្តរាគមន៍ពីស្រុក ទៅដល់កន្លែងកើតហេតុ ហើយសភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញ»។

យ៉ាងណាក៏ដោយ ក្រោយហេតុការណ៍សមត្ថកិច្ច ពុំទាន់ដឹងហេតុផលពិតយ៉ាងណានោះទេ ដោយជួយសង្រ្គោះអ្នករបួស យកមកពេទ្យសិន ហើយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងជំនាញកំពុងអង្កេតស្រាវជ្រាវរកហេតុផលឲ្យ បានច្បាស់លាស់ បន្ថែមទៀត។

បើតាមមន្រ្តីនគរបាល ភាគីទាំងពីររងរបួសដូចគ្នា ប៉ុន្តែគេដឹងច្បាស់ថា ភាគីភ្ញៀវខាងកូនកំលោះរបួស៥នាក់មាន៖ ១៖​ឈ្មោះ សម្បត្តិ ដារ៉ូ អាយុ២៣ឆ្នាំ រស់នៅ ភូមិឃ្លាំងខាងជើង ឃុំភ្នំប្រាសាទ ២៖ឈ្មោះ ខន អៀន អាយុ៣៦ឆ្នាំ ៣៖ឈ្មោះ ខន អិន អាយុ២៧ឆ្នាំ ៤៖ឈ្មោះ ខន អន អាយុ៣២ឆ្នាំ អ្នកទាំងបី រស់នៅភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត និង៥៖ឈ្មោះ ខុន សេង អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត៕

ប្រភព៖ Fresh News

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត កាលពីថ្ងៃទី ១៧ មីនា ម្សិលមិញនេះ៖

​និស្សិត​​ឆ្នាំ​ទី១​ចង.ក​សម្លាប់ខ្លួន​ ធ្វើ​ឱ្យ​ឪពុក​​ម្តាយទទួល​វិប្បដិ​​​សារី ព្រោះ... 

រាជធានី​ភ្នំពេញ ៖ យុវជន​និស្សិត​ឆ្នាំ​ទី​១ សាលា​កសិកម្ម​ចំការ​ដូង​ម្នាក់ បាន​ធ្វើ​អត្តឃាត​ដោយ​យក​ក្រមា​ចង​.​ក​សម្លាប់​ខ្លួនឯង ជាប់​ជាមួយ​ធ្នឹម​បន្ទប់ទឹក​ក្នុង​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន ហើយ​ត្រូវ​មិត្តភក្តិ​ប្រទះ​ឃើញ​ក៏​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ស្ថិត​នៅ​ក្បែរ​សាលា​កសិកម្ម​ចំការ​ដូង បន្ទប់​ជួល​លេខ​៥ ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ​អាត សំអាង អាយុ​១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាលា​កសិកម្ម​ចំការ​ដូង មាន​ទីលំនៅ​ក្នុងភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ទាក់ទិន​នឹង​ការ​សម្លាប់​ខ្លួន​នេះ ត្រូវ​ស្ត្រី​ជា​ម្ដាយ​យំ​រៀបរាប់​ថា មូលហេតុ​ដែល​កូនប្រុស​គាត់​ចង​.​ក​នេះ គាត់​មានការ​សង្ស័យ​អាច​បណ្ដាល​មក​ពី​គេ​ខំរៀន​ខ្លាំង​ពេក រហូត​មាន​បញ្ហា​ប្រព័ន្ធ​ស​សៃ​ប្រសាទ និង​តូចចិត្ត​រៀន​មិន​ទាន់​គេ ។ ព្រោះ​មុន​ពេល​សម្លាប់​ខ្លួន​ប៉ុន្មាន​ស​ប្តា​ហ៍​មុន កូន​គាត់​ត្អូញត្អែរ​ប្រាប់​គាត់​ថា តូចចិត្ត​រៀន​មិន​ទាន់​គេ និង​និយាយ​ស្ដី​ខុស​ប្រក្រតី​ច្រើន​ទៀត​ផង ហើយ​គាត់​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់ ព្រោះ​ទៅ​យក​កូន​ទៅ​ព្យាបាល​មិន​ទាន់ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ឮ​កូន​និយាយ​បែប​នេះ ហើយ​ស្ដាប់​ទៅ​កូន​មាន​បញ្ហា​ខួរក្បាល​នោះ គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​អ្វី​ដែល​គួរ​ឱ្យ​សោក​ស្ដយ​បំផុត​នោះ គឺ​កាលពី​ថ្ងៃ​ទី​១៦ មីនា គាត់​បាន​ខ​ល​ជួប​កូន ហើយ​ប្រាប់​កូន​ថា នឹង​ទៅ​យក​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ព្យាបាល និង​រក​គ្រូ ឬ​ព្រះសង្ឃ ដើម្បី​ស្រោច​ទឹក​ចេញ ។

ប៉ុន្តែ​ដោយសារ​តែ​រវល់ ទើប​មិន​ទាន់​បាន​ទៅ​យក ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ មិត្តភក្ដិ​កូន​គាត់​បាន​ខ​ល​ទៅ​ប្រាប់​ថា កូន​គាត់​បាន​ចង​.​ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]