កូរ៉េខាងត្បូង៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ថា ក្មេងស្រីតូច Marion Kelly បានក្លាយជាតារាមួយដួង ដែលរះឡើង បន្ទាប់ពីនាងបានចូលមករំខាន លោកសាស្ត្រាចារ្យ Robert Kelly ដែលជាឪពុក ខណៈគាត់កំពុងសម្ភាសន៍ផ្ទាល់តាមទូរទស្សន៍ BBC ពីបញ្ហានយោបាយរបស់ប្រទេសកូរ៉េ។

ក្មេងស្រីតូច វ័យត្រឹម៤ឆ្នាំរូបនេះ បានទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ិនធើណេត នៅពេលដែលនាងបានបង្ហាញខ្លួននៅក្នុងវីដេអូ ក្រោយខ្នងឪពុករបស់នាង កាលពីសប្តាហ៍មុន។ ហើយចំនួនអ្នកគាំទ្រ (Fan) របស់នាងនៅទូទាំងពិភពលោក បានបន្តកើនឡើងឥតឈប់ បន្ទាប់ពីពួកគេបានឃើញចរិតលក្ខណៈរបស់នាងនៅក្នុងសន្និសីទសាព័ត៌មាន ជាមួយនឹងឪពុកម្តាយ កាលពីពេលថ្មីៗនេះ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា រូបថតរបស់នាងតួច Marion Kelly ក្នុងសន្និសីទសារព័ត៌មាន ដែលពាក់អាវធំអមដោយវែនតាពណ៌ផ្កាឈូក ត្រូវបានមនុស្សជាច្រើនធ្វើការចែកចាយបន្តពេញបណ្តាញសង្គម Twitter អមដោយពាក្យជម្រុញទឹកចិត្តជាច្រើន ហើយក្នុងនោះ មានអ្នកលើកឡើងថា នៅថ្ងៃណាមួយនាងនឹងក្លាយទៅជាប្រធានាធិបតីជាក់ជាមិនខាន។

លោក David Llewellyn ដែលជាអ្នកនិពន្ធដ៏ល្បីមួយរូប ក៏បានចែកចាយរូបមូយសន្លឹកនោះដែរ ហើយលោកបានសរសេរនៅពីលើថា “ប្រសិនបើនាងមិនបានធ្វើជាប្រធានាធិបតី នៅពេលដែលខ្ញុំមានអាយុ៨០ឆ្នាំ នោះខ្ញុំពិតខកចិត្តខ្លាំងណាស់”។

នាងតូច Marion Kelly ត្រូវបានគេចាត់ទុកថា ជាតារាម៉ូដែលមួយរូប ដែលកំពុងមានប្រជាប្រិយភាពខ្លាំង មិនតែប៉ុណ្ណោះ សម្លៀកបំពាក់មួយឈុត ដែលនាងពាក់កូរនៅក្នុងវីដេអូឪពុករបស់នាង ក៏ត្រូវបានគេយកផ្សាយលក់ផងដែរ។ ដោយអាវយឺតដៃវែងពណ៌លឿង មានតម្លៃ ៥០០ដុល្លារ ខោខូវប៊យជើងវែង តម្លៃ ៦៩៥ដុល្លារ វែនតាតម្លៃ ១៦៥ដុល្លារ៕ 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ បុរសជាឪពុកនិយាយអ្វីខ្លះ ក្រោយពីមហាកូន មកកូរពេលកំពុងសម្ភាសន៍ផ្ទាល់ តាមទូរទស្សន៍បែបនេះ

ក្រោយពីមហាកូនទាំង២ មកអុកឡុកពេលកំពុងផ្សាយផ្ទាល់ សម្ភាសន៍ជាមួយសារព័ត៌មាន BBC តាមទូរទស្សន៍ ហើយនោះ ពេលនេះលោក សាស្ត្រាចារ្យ Robert Kelly បានលេចមុខសាជាថ្មីម្តងទៀត ជាមួយភរិយានិងកូនរពឹសទាំង២ ដើម្បីផ្តល់កិច្ចសម្ភាសន៍មួយ ទាក់ទងរឿងហេតុដែលបានកើតឡើងកាលពីលើកមុន។

ខណៈកំពុងតែពរកូនប្រុសផ្តល់បទសម្ភាសន៍ លោក Robert Kelly បានឲ្យដឹងថា ក្រោយពីបានមើលវីដេអូរួច រូបគាត់ និងភរិយា ពិតជានឹកស្មានមិនដល់ ហើយក៏អស់សំណើច ដូចគេដូចឯងផងដែរ ប៉ុន្តែយ៉ាងណាមិញក៏ព្រួយបារម្ភបន្តិចដែរ ព្រោះខ្លាចមានការប៉ះពាល់ទំនាក់ទំនងជាមួយខាងសារព័ត៌មាន BBC និងលែងបានសម្ភាសន៍តាមទូរទស្សន៍ទៀត។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Wall Street Journal និង BBC លោក សាស្ត្រាចារ្យ Robert Kelly ដែលជាអ្នកជំនាញវិភាគផ្នែកវិទ្យាសាស្រ្តនយោបាយ បានបន្តទៀតថា «ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំង និងខ្មាសគេបន្តិច ប៉ុន្តែគិតៗទៅ វាជាការស្រលាញ់មួយបែបដែលយើងទទួលបាន វាពិតជាគួរឲ្យស្រលាញ់ណាស់ និងអស់សំណើចទៀតផង» ។

លោកបានបន្តទៀតថា «ហេតុការណ៍ដែលបានកើតឡើងនេះ គឺពិតៗ ហើយជាធម្មតាវាតែងតែកើតឡើងសម្រាប់ពួកយើង ប៉ុន្តែមិនមែនពេលកំពុងសម្ភាសន៍ផ្ទាល់តាមទូរទស្សន៍បែបនេះទេ នេះគឺជាលើកទីមួយហើយ»។

លោកបន្ថែមទៀតថា «បាទ! ខ្ញុំធ្លាប់ធ្វើកិច្ចសម្ភាសន៍តាមទូរទស្សន៍ជាច្រើនដងហើយ ពីមុនមិនដែលមានរឿងអ្វីកើតឡើងនោះទេ តែលើកនេះពិតជាស្តែងៗពេកហើយ។ ខណៈនោះដែរ ភរិយារបស់លោកក៏បានឆ្មក់ឆ្លើយតបថា «ដោយសារតែលើកនេះ មិនបានដាក់គន្លឹះទ្វា ទើបបានជាចឹង» ។

គួរឲ្យដឹងថា វីដេអូនេះទទួលបានការចាប់អារម្មណ៍ និងល្បីខ្លាំងនៅក្នុងបណ្តាញសង្គម ដែលមានអ្នកចូលមើលរហូតដល់ជាង ១០លានដង មិនតែប៉ុណ្ណោះ វីដេអូនេះក៏ទទួលបានសារវិជ្ជមាន និងអវិជ្ជមានជាច្រើនផងដែរ ដោយក្នុងនោះ លោក សាស្រ្តាចារ្យ Robert Kelly ត្រូវបានអ្នកមើលមួយចំនួនរិះគន់លោកថាទុក្ខប្រពន្ធរបស់ខ្លួន ប្រៀបដូចជាម៉ែដោះ ខ្លះទៀតថាដូចជាឈ្នួលបំរើ។

ចំពោះពាក្យរិះគន់ទាំងនោះ ត្រូវបានលោក Robert Kelly សារភាពប្រាប់ថា លោកពិតជាមិនពេញចិត្តនឹងពាក្យរិះគន់ទាំងនេះទេ ចំណែកភរិយារបស់លោក ឈ្មោះ Jung A-Kim បានឆ្លើយតបទៅនឹងពាក្យរិះគន់ថា «ខ្ញុំសង្ឃឹមថា មហាជននឹងរីករាយ ជាមួយវីដេអូនេះ ហើយកុំបង្កើតជម្លោះដោយសារវា…ខ្ញុំមិនមែនជាម៉ែដោះអ្វីនោះទេ នេះជាពាក្យមិនពិត ដូច្នេះសូមមហាជនឈប់និយាយរឿងនេះទៀត» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]