រាជធានី​ភ្នំពេញ ៖ នារី​ជា​កម្មការិនី​រោងចក្រ​​​ម្នាក់ ខណៈ​កំពុង​ជិះ​កង់​ទៅ​រៀន​អ៊ុតសក់ ក៏​ត្រូវ​ជនសង្ស័យ​ថ្មើរជើង​រត់​មក​ឆក់​កាបូប ហើយ​ជះ​ទឹក​អាស៊ីត​ថែម​ទៀត បណ្តាល​ឱ្យ​នាងរង​របួស​ផ្ទៃមុខ កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​១០​នាទី​យប់​ថ្ងៃ​ទី​១៤ មីនា ស្ថិត​​នៅ​ចំណុច​ខាងត្បូង​វិហារ​ចាម ម្តុំ​លក់​ទឹកត្នោតជូរ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​ស៊ន ចាន់​ទី អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បើ​តាម​ការ​បំភ្លឺ​ពី​បុរស​ឈ្មោះ​ផ​ន ភឿ​ក អាយុ​២៧​ឆ្នាំ ធ្វើការ​នៅ​កន្លែង​ហ្គេ​ម ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក និង​ត្រូវជា​សង្សារ​នារី​រង​គ្រោះ​ឱ្យ​ដឹង​ថា នាង​បាត់​សម្ភារ​មាន​លុយ​ដុល្លារ​ជាង​៤០០​ដុល្លារ​, ខ្សែ​.​ក​អ៊ី​តា​លី មាន​តម្លៃ​ជាង​៦០០​ដុល្លារ ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ នាង​ចេញពី​ធ្វើការ​ដូច​សព្វដង រួច​ជិះ​កង់​ទៅ​រៀន​អ៊ុតសក់ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ម្តុំ​ទឹកត្នោតជូរ «​វិហារ​ចាម​» ក៏​មាន​ជនសង្ស័យ​ម្នាក់ រត់​មក​ឆក់​កាបូបស្ពាយ​របស់​នាង រួច​បាន​ជះ​ទឹក​អាស៊ី​តទៅ​លើ​មុខ​បណ្តាល​ឱ្យ​រង​របួស ។ ភ្លាម​ៗ​ក៏​មាន​ប្រជាពលរដ្ឋ​រត់​មក​ជួយ ហើយ​ទូរស័ព្ទ​ហៅ​សង្សារ​មក​ជួយ​ផង​ដែរ ។

បន្ទាប់​មក នារី​រង​គ្រោះ​គេ​ឃើញ​ឡើង​រថយន្ត​ជាមួយ​បុរស​ជា​សង្សារ ដើម្បី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ។ បច្ចុប្បន្ន នារី​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល ដោយ​សមត្ថកិច្ច​បាន​ទៅ​សាកសួរ និង​បំភ្លឺ​ពី​បុរស​សង្សារ​ដើម្បី​ធ្វើ​កំណត់ហេតុ ។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

អាជីវករ​ខ្មែរ​នាំ​ត្រី​ចូល​ផ្សា​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ បាន​ចោទ​សមត្ថកិច្ច​ថៃ​ច្រក​ក្លង​ឡឹ​ក​មិន​គោរព​តាម​ការ​សន្យា

ខេត្តបន្ទាយមានជ័យ ៖ អាជីវករ​ខ្មែរ​នាំ​ត្រី​ចូល​ផ្សា​រ៉ុ​ង​ក្លឿ​ ប្រទេស​ថៃ បាន​ចោទ​សមត្ថកិច្ច​ថៃ​ច្រក​ក្លង​ឡឹ​ក​ មិន​គោរព​តាម​ការ​សន្យា​ថា យក​១​រទេះ​តម្លៃ​១.៥០០​បាត រយៈពេល​២​ថ្ងៃ តែ​ថៃ​យក​តម្លៃ​១​គីឡូក្រាម​ តម្លៃ​១២​បាត​វិញ​។ អាជីវករ​ខ្មែរ​នាំ​ត្រី​ចូល​ផ្សា​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ​ បាន​ប្រាប់​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ នៅ​ច្រក​ក្លង​ឡឹ​ក​ប្រទេស​ថៃ​ឈម និង​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា មិន​គោរព​តាម​ការ​សន្យា​នៅ​ពេល​ដែល​អាជីវករ​ ធ្វើការ​តវ៉ា​ហើយ​ហៅ​ មក​ដោះស្រាយ​នៅ​ខាង​ភាគី​ថៃ​។

អាជីវករ​រូប​នោះ​ បាន​បញ្ជាក់​ថា កាលពីមុន​អាជីវករ​ខ្មែរ​ នាំ​ត្រី​ចូល​ទៅ​លក់​នៅ​ផ្សា​រ៉ុ​ង​ក្លឿ​ប្រទេស​ថៃ​ គឺ​ភាគី​ថៃ​យក​១​រទេះ​តម្លៃ​ ៣០០​ទៅ​៥០០​បាត តែ​នៅ​ដើមខែ​មីនា ឆ្នាំ​២០១៧​នេះ មន្ត្រី​គយ​ថៃ​បាន​កំណត់​ ១​រទេះ​បង់​១៥០០​បាត ក្រោយ​ពេល​មានការ​តវ៉ា​បិទផ្លូវ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​.​ថៃ ភាគី​ថៃ​ចុះ​តម្លៃ​ ១​រទេះ​៨០០​បាត អាជីវករ​ក៏​មិន​យល់ព្រម​ព្រោះ​ថៃ​យក​តម្លៃ​ថ្លៃ​ ហើយ​ធ្វើការ​តវ៉ា​ ២​ថ្ងៃ​ជាប់​គ្នា​ភាគី​ថៃ​ក៏​សម្រេច​យក​ដឹក​១​រទេះ​តម្លៃ​៨០០​បាត​។

អាជីវករ​រូប​នោះ​ បាន​បញ្ជាក់​ថា តែ​រយៈពេល​២​ថ្ងៃនេះ​សមត្ថកិច្ច​ថៃ បាន​កំណត់​យក​ត្រី​១​គីឡូក្រាម​តម្លៃ​១២​បាត​ ទៅ​វិញ​ដែល​ធ្វើ​ឲ្យ​អាជីវករ​ខ្មែរ​ នាំ​ត្រី​ចូល​ទៅ​ថៃ​គិត​ថា តម្លៃ​ថ្លៃ​ពេក​ព្រោះ​ភាគី​ថៃ​ និយាយ​មិន​គោរព​ការ​សន្យា ហើយ​ត្រី​ដែល​កម្ពុជា​នាំ​ចូល​ទៅ​ថៃ​ក្នុង​១​ថ្ងៃ​មិន​តិច​ជាង​២០​តោន​នោះ​ទេ​។

បើ​និយាយ​ពី​ត្រី​ថៃ​នាំ​ចូល​ មក​កម្ពុជា​មាន​ដូច ត្រី​ប្រា ផ្លា​នី​ន ត្រី​ក្រហម ត្រី​ផ្លា​ធូ ដែល​ឈ្មួញ​នាំ​ចូល​១​ថ្ងៃ​រាប់​តោន​ ដូច​គ្នា​គឺ​បង់​ឲ្យ​កម្ពុជា​១​រទេះ​ត្រឹមតែ​៥០​ទៅ​១០០​បាត ឲ្យ​ចូល​សេរី​។ បែប​នេះ​គួរតែ​អាជ្ញាធរ​កម្ពុជា​ មាន​វិធានការ​រឹត​បន្តឹង​ តម្លៃ​ដូច​គ្នា​ដើម្បី​រក​ចំណូល​ពន្ធ​ជូន​រដ្ឋ និង​អនុវត្ត​ស្មើភាព​គ្នា ព្រោះ​ប្រទេស​កម្ពុជា​.​ថៃ ជា​សមាជិក​អាស៊ាន​សេដ្ឋកិច្ច​ដូច​គ្នា​។

គួ​រំលឹក​ថា នៅ​ពេល​អាជីវករ​នាំ​ត្រី​ចូល​ ទៅ​ថៃ​ធ្វើការ​តវ៉ា​បិទផ្លូវ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​.​ថៃ គឺ​អាជ្ញាធរ​កម្ពុជា​.​ថៃ បាន​ជួប​ប្រជុំ​ដោះស្រាយ​ភាគី​ថៃ​កំណត់​ថា អាជីវករ​នាំ​ត្រី​ចេញ​ទៅ​លក់​នៅ​ថៃ​ក្នុង​១​រទេះ​ យក​តម្លៃ​៨០០​បាត តែ​ក្រោយមក​ភាគី​ថៃ​ឡើង​តម្លៃ​១​គីឡូក្រាម​តម្លៃ​១២​បាត​ទៅ​វិញ ដោយ​មិន​គោរព​ការ​សន្យា​ឡើយ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]