អ្នកប្រហែលជា ធ្លាប់ឃើញតារាល្បីជាច្រើន មានសម្រស់យ៉ាងស្រស់ស្អាត នៅពេលដែលកាត់សក់សេះ រហូតអ្នកមានចិត្តប្រាថ្នា ចង់បានភាពស្រស់សោភាបែបនោះដែរ។ ប៉ុន្តែផ្ទុយទៅវិញ ជួនកាល វាមិនដូចទៅនឹងធ្វីដែលអ្នកគិតទាល់តែសោះឡើយ។

ហេតុនេះ ស្រីៗគ្នាយើង គួរគិតពិចារណា លើចំណុចមួយចំនួន ខាងក្រោមនេះសិន មុននឹងសម្រេចចិត្ត ផ្លាស់ប្តូរម៉ូតសក់ ដោយការកាត់សក់សេះ ៖ 

១. សក់សេះ ទាមទារការថែទាំខ្ពស់

មិនថាសក់សេះប្រភេទបែបណានោះទេ យ៉ាងហោចណាស់ អ្នកត្រូវទៅ កាត់តម្រឹមសក់សេះរបស់អ្នក ឲ្យបានម្តង នៅរៀងរាល់រយៈពេល ២ អាទិត្យ ដើម្បីធានាថា វាមានមានប្រវែងស្មើត្រឹមត្រូវ។ ជាពិសេស គ្មានអ្នកណាអាចកាត់បានដោយខ្លួនឯងនោះទេ ហេតុនេះ អ្នកត្រូវតែទៅហាង រួចចំណាយប្រាក់ជារៀងរាល់ពេលថែមទៀត។

២. វាទាមទារពេលវេលា និងការអត់ធ្មត់ខ្ពស់

នៅពេលដែលអ្នកកាត់សក់សេះ មានន័យថា អ្នកក៏ត្រូវទិញ ម៉ាស៊ីនផ្លុំសក់ និងក្រាស់មួយប្រភេទ សម្រាប់សិតសក់សេះ ឲ្យកោងផងដែរ។ និយាយរួមទាមទារពេលច្រើន ហើយអត់ធ្មត់បន្តិច ទើបតុបតែងសក់បានស្អាតដូចចិត្តប្រាថ្នា។ ជាងនេះទៅទៀត អ្នកត្រូវស្វែងរក ប្រើប្រាស់ផលិតផលថែរក្សាសក់ ឲ្យបានត្រឹមត្រូវ យ៉ាងល្អិតល្អន់បំផុត ដើម្បីការពារកុំឲ្យមានបញ្ហាសក់ ជាពិសេស គឺសក់សេះ នៅពីមុខផ្ទៃមុខ ហ្នឹងតែម្តង។

៣. វាអាចធ្វើឲ្យកើតមុន

នេះគឺជាចំណុចអវិជ្ជមានមួយរបស់ សក់សេះ ដែលវាអាចបង្កឲ្យរលាកស្បែក និងកើតមុនបានយ៉ាងងាយ ដោយសារតែសក់របស់អ្នក នៅពេញថ្ងាសជារៀងរាល់ថ្ងៃ។ ហេតុនេះ សម្រាប់អ្នកដែលមានបញ្ហាស្បែកស្តើង ឆាប់អាឡែហ្ស៊ី ការកាត់សក់សេះ មិនមែនជាជម្រើសល្អសោះឡើយ។ មួយវិញទៀត សម្រាប់អ្នកដែលកំពុងជួបប្រទះបញ្ហានេះ គួរប្រើប្រាស់ទឹកលាងសម្អាតមុខ ដែលមានជាតិអាស៊ីត salicylic ដើម្បីសម្អាតផ្ទៃមុខ ឲ្យចៀសឆ្ងាយពីបញ្ហាកើតមុន។

៤. វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថារញ៉េរញ៉ៃ

អ្នកអាចមានអារម្មណ៍ថា មានទំនុកចិត្ត នៅពេលមានសក់សេះ ពីព្រោះវាហាក់ដូចជាលើកសម្រស់របស់អ្នកមួយកម្រិត យ៉ាងអ៊ីចឹង។ ប៉ុន្តែ ផ្ទុយទៅវិញ វាក៏អាចបង្កជាភាពរញ៉េរញ៉ៃ គួរឲ្យធុញទ្រាន់ខ្លះដែរ ជាពិសេស ដូចជាពេលធ្វើលំហាត់ប្រាណ ជាដើម។ ហេតុនេះប្រសិនបើអ្នកជាមនុស្ស ដែលស្រលាញ់ចូលចិត្តសក់សេះពីមុខនេះ អ្នកគួរមានបូរចូកសក់ ឬដង្កៀប ដាក់តាមខ្លួន ទើបជាការល្អ។

៥. ត្រូវជ្រើសរើសឲ្យសក្តិសម ទៅនឹងទម្រង់មុខ

សម្រាប់ទម្រង់មុខមនុស្សមួយចំនួន មិនសក្តិសម សម្រាប់សក់សេះទេ។ ប៉ុន្តែ សូមកុំបារម្ភអី ទោះជាទម្រង់មុខបែបណា ក៏អាចច្នៃម៉ូតបានដែរ ដូចជាអ្នកមានទម្រង់មុខបេះដូង មិនគួរកាត់សក់សេះនោះទេ ផ្ទុយទៅវិញ គួរកាត់សក់ដឺមីវែកមកចំហៀងទើបស្អាត។ ហេតុនេះ អ្នកគួរសាកសួរអ្នកជំនាញខាងម៉ូតសក់ ឲ្យបានល្អិតល្អន់ ជាមុនសិន មុននឹងធ្វើការសម្រេចចិត្តកាត់ ដើម្បីចៀសវាង ការកាត់ម៉ូតសក់ ដែលមិនស៊ីជាមួយនឹងមុខ។

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ? តើធ្លាប់មានបទពិសោធន៍យ៉ាងដូចម្តេចខ្លះ ទាក់ទងនឹងការកាត់សក់សេះនេះ? 

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

របៀបជ្រើសរើសប្រភេទម៉ូតសក់ ឲ្យមានភាពសក្តិសមឥតខ្ចោះ ទៅនឹងទម្រង់មុខ របស់អ្នក!

អ្នកណាៗក៏ចង់ស្អាតដែរ ជាពិសេស គឺនារីៗយើងនេះហើយ។ ទន្ទឹមនឹងនោះដែរ សក់ គឺជាផ្នែកមួយដ៏សំខាន់ នៃសម្រស់ តែប្រសិនបើមិនបានរៀបចំ តាមប្រភេទទម្រង់មុខ របស់អ្នកទេនោះ វាក៏អាចធ្វើឲ្យសម្រស់ធ្លាក់ចុះ មួយកម្រិតផងដែរ។

ហេតុនេះ អ្នកមិនចាំបាច់សាកសួរអ្នកណាច្រើនទេ យើងនឹងធ្វើការណែនាំ នូវប្រភេទម៉ូតសក់ ដែលសក្តិសមបំផុត សម្រាប់ទម្រង់របស់អ្នក ដូចខាងក្រោមនេះ ៖

១. នារីមានទម្រង់មុខពងក្រពើ

ទម្រង់មុខនេះ អាចនិយាយបានថា សក្តិសមនឹងម៉ូតសក់សឹងតែគ្រប់ម៉ូត តែម៉ូតដែលស៊ីនឹងទម្រង់មុខនេះបំផុតគឺ សក់វែងប្រះស្មា សក់រមូររួញតិចៗ និងសក់ខ្លីត្រឹមក។

២. នារីមានទម្រង់មុខមូល

នារីមានមុខមូល គួរតែធ្វើ ម៉ូតសក់យ៉ាងណា ដែលអាចជួយឲ្យមើលទៅ មុខរាងវែងបន្តិច។ ម៉ូតសក់ដែលសក្តិសម សម្រាប់អ្នកមានទម្រង់មុខមូលគឺ សក់វែងត្រង់ សក់មានដឺមីវែងពីមុខ និងសក់ចងរមូររួញ។ ជាពិសេស ត្រូវចៀសវៀងកាត់សក់ខ្លីត្រឹមក។

៣. នារីមានទម្រង់មុខជ្រុង និងវែង (រាងដូចចតុកោណ)

នារីដែលមាន ទម្រង់មុខប្រភេទជ្រុងនេះ គួរតែធ្វើម៉ូតសក់ បែបណា ដែលអាចបិទបាំងឆ្អឹងថ្គាម និងចង្ការបស់ខ្លួន។ ម៉ូតសក់ដែលស៊ី ជាមួយមុខជ្រុងបំផុតគឺ សក់វែងមានសក់សេះពីមុខ សក់រមូររួញដែលមានសក់សេះពីមុខ និងសក់ខ្លីត្រឹមក ដែលមានសក់សេះ ដូចៗគ្នាដែរ។

៤. នារីមានទម្រង់មុខបេះដូង (មុខ V)

នារីដែលមានទម្រង់មុខ V គឺមានចង្ការាងវែង ហេតុនេះ អ្នកគួរធ្វើម៉ូតសក់ដែល ទាក់ទាញក្រសែភ្នែកអ្នកដទៃ ឲ្យក្រឡេកមកចាប់អារម្មណ៍ ថ្ពាល់ និងភ្នែក វិញខ្លះដូចជាម៉ូត សក់ក្តោបវែងប្រះស្មា សក់រមូររួញប្រះស្មា និងសក់ចងមកចំហៀង។

៥. នារីមានទម្រង់មុខរាងដូចគ្រាប់ពេជ្រ

សម្រាប់នារី ដែលមានទម្រង់មុខដូចគ្រាប់ពេជ្រនេះ គួរតែធ្វើម៉ូតសក់ណា ដែលឃើញថ្ពាល់ច្រើនបន្តិច រួមមានដូចជាម៉ូត សក់ត្រឹមស្មាកោងចេញទៅក្រៅ សក់រមូររួញមានសក់សេះក្រាស់ពីមុខ និងសក់ខ្លីដូចមនុស្សប្រុស។

៦. នារីមានទម្រង់មុខការ៉េ (ជ្រុង និងខ្លី)

ចំពោះនារី ដែលមានទម្រង់មុខជ្រុង ហើយខ្លី ដូចជារាងការ៉េ គួរតែជ្រើសរើសម៉ូតសក់ ដែលអាចជួយបិទបាំង ថ្ពាល់ និងចង្ការខ្លះ រួមមានដូចជា សក់រះឬសក់ពីរតង់ សក់វែងរមូររួញ និងសក់ត្រង់វែង មានដឺមីវែកចំហៀងពីមុខ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]