កូរ៉េខាងត្បូង៖ យុវតីជានិស្សិតនៅកូរ៉េខាងត្បូងមួយរូប កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេត បន្ទាប់ពីនាងបង្ហោះវីដេអូមួយនៅក្នុងគណនី Youtube ដែលបង្ហាញអំពីវិធីសាស្ត្រសម្រកទំងន់ដ៏អស្ចារ្យរបស់នាង។

នាង Jinny បានបង្ហាញពីវិធីសាស្ត្រនៃការសម្រកទំងន់ពី ១០០គីឡូ ចុះមកត្រឹម ៤៩គីឡូ តាមរយៈវីដេអូ ដែលនាងបានបង្ហោះឡើងនៅក្នុងគណនី Youtube របស់នាងផ្ទាល់ ឈ្មោះថា Dano TV ។ នៅក្នុងវីដេអូនោះ បានបង្ហាញយ៉ាងលំអិត ថាតើហេតុអ្វីបានជានាងឡើងទំងន់ខ្លាំង ហើយតើអ្វីជាកម្លាំងជម្រុញឲ្យនាងធ្វើការផ្លាស់ប្តូរបែបនេះ។

យោងទៅតាមគេហទំព័រ Koreaboo បានឲ្យដឹងថា Jinny បានឡើងទំងន់យ៉ាងខ្លាំងនៅពេលដែលនាងកំពុងរៀនថ្នាក់វិទ្យាល័យ ព្រោះតែនាងញ៉ាំស្រាបៀរ និងញ៉ាំអាហារច្រើនលើសកំរិត។ ជាលទ្ធផល នាងបានឡើងរហូតដល់ទៅ ២៤គីឡូ ឯណោះក្នុងរយៈពេល១ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ នាងបានផ្លាស់ប្តូររបៀបរស់នៅរបស់នាង បន្ទាប់ពីនាងត្រូវបានរកឃើញថា មានបញ្ហានៅត្រង់ឆ្អឹងខ្នង។

ការហាត់ប្រាណ និងការទទួលយករបបអាហារសុខភាព បានធ្វើឲ្យ Jinny ស្រកអស់ ៥០គីឡូ ក្នុងរយៈពេល ២ឆ្នាំ។

នាងបាននិយាយថា ទម្លាប់ទាំងនោះមានដូចជា ការផឹកទឹកក្តៅឧណ្ឌៗពី៣ ទៅ៥លីត្រជារៀងរាល់ថ្ងៃ និងកាត់បន្ថយការញ៉ាំបាយ។ នាងក៏បានកាត់បន្ថយជាតិប្រៃ និងប្តូរមកញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីន និងបន្លែ សម្រាប់អាហារថ្ងៃត្រង់របស់នាងដែរ។

Jinny ក៏បានបន្ថែមទៀតថា នាងតែងតែចំណាយពេល ១០នាទី ដើម្បីធ្វើការហាត់ប្រាណជារៀងរាល់ថ្ងៃ និងឈប់ញ៉ាំអាហារផ្តេសផ្តាសនៅពេលយប់ជ្រៅ។

នៅចុងបញ្ចប់នៃវីដេអូនោះ នាងក៏បានផ្តាំផ្ញើទៅកាន់អ្នកទស្សនាដែរថា “របបអាហារ គឺជាការផ្លាស់ប្តូរមួយទៅតាមកម្រិត ដែលអ្នកស្រឡាញ់ខ្លួនរបស់អ្នក។ ខ្ញុំហាត់ប្រាណដើម្បីសុខភាព ញ៉ាំអាហារល្អៗដើម្បីរាងកាយ និងព្យាយាមស្រឡាញ់ខ្លួនឯងជានិច្ច”៕ 

សូមទស្សនាវីដេអូខាងក្រោម៖ 

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

អាហារ និងភេសជ្ជៈទាំង ១០ មុខ ដែលជួយបញ្ចុះ កម្តៅរាងកាយ បានដោយធម្មជាតិ!

កម្តៅក្នុងរាងកាយ ដែលខ្មែរយើងតែងតែនិយម ហៅថា ក្តៅសាច់ ឬ ក្តៅឈាម គឺជាបញ្ហាសុខភាពមួយ ដែលជាទូទៅ កើតឡើងដោយសារការកើនឡើងសីតុណ្ហភាពក្នុងខ្លួនខ្ពស់ រហូតរាងកាយមិនអាច ដំណើរការឲ្យចុះត្រជាក់ត្រឹម ៣៦.៥ ដល់ ៣៧.៥ អង្សាសេ ដូចប្រក្រតីឡើយ។ ជាលទ្ធផល អ្នកនឹងប្រែជា ខ្សោយ អស់កម្លាំង វិលមុខ ឈឺក្បាល ក្អួតចង្អោរ ឈឺសាច់ដុំ បេះដូងលោតញាប់ និងបែកញើសសស្រាក់សស្រាំ។

គួរបញ្ជាក់ផងដែរថា កម្តៅក្នុងរាងកាយ មិនមែនជាជំងឺនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ប្រសិនបើអ្នកនៅបន្តឲ្យរាងកាយក្តៅជាប់ មិនព្យាបាល រយៈពេលយូរ វាអាចនឹងបង្កឲ្យអ្នក សន្លប់ដោយសារកម្តៅឡើងខ្ពស់ពេក ជាក់ជាមិនខាន។ អ្នកណាៗក៏អាចកើតមានបញ្ហា ក្តៅសាច់នេះដែរ ប៉ុន្តែសម្រាប់មនុស្សចាស់អាយុពី ៦៥ ឆ្នាំឡើង ទារក កុមារ ស្រ្តីមានផ្ទៃពោះ និងស្រ្តីកូនខ្ចី ត្រូវទាមទារការយកចិត្តទុកដាក់ខ្លាំង ពីព្រោះពួកគេប្រឈមនឹង ហានិភ័យខ្ពស់។

# មូលហេតុ ដែលបណ្តាលឲ្យរាងកាយឡើងកម្តៅ ៖

• ខ្វះជាតិទឹក (ទទួលទានទឹកតិច)

• ស្លៀកសម្លៀកបំពាក់តឹងពេក ដែលធ្វើឲ្យស្ទះរន្ធញើស រហូតមិនអាចឲ្យរាងកាយចុះត្រជាក់បានប្រក្រតី

• ជំងឺមួយចំនួន ដូចជា គ្រុនក្តៅ ឬឆ្លងមេរោគផ្សេងៗ

• ប្រើកម្លាំងហួសហេតុ ឬហាត់ប្រាណច្រើនពេក

• នៅក្រោមកម្តៅថ្ងៃ រយៈពេលយូរ

• ប្រើប្រាស់ថ្នាំញៀន

• អាចបណ្តាលមកពីថ្នាំមួយចំនួន (ថ្នាំប្រកាច់ ឬថ្នាំពិការសាច់ដុំ)

# កុំបាច់រង់ចាំយូរ! អ្នកអាចទទួលទានអាហារ និងភេសជ្ជៈមួយចំនួន ដូចខាងក្រោមនេះ ដើម្បីបញ្ចុះកម្តៅរាងកាយ បានដោយមិនចាំបាច់ប្រើប្រាស់ថ្នាំពេទ្យឡើយ ៖

១. ទឹកត្រជាក់

នៅពេលអ្នកមានអារម្មណ៍ថាក្តៅក្នុងខ្លួន អ្នកគួរយកទឹកត្រជាក់ មួយកែវពេញ មកទទួលទានភ្លាមៗ។ ជាពិសេស ត្រូវចងចាំថា អ្នកត្រូវតែទទួលទានឲ្យបានរៀងរាល់ ១៥ នាទីម្តង ដើម្បីជួយបញ្ចុះកម្តៅ និងថែមទាំងការពារ សីតុណ្ហភាពរាងកាយ របស់អ្នកបានថែមទៀតផង។

២. ទឹកដូង

ទឹកដូង សំបូរទៅដោយ សារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយបង្កើនថាមពល និងបំបាត់ភាពអស់កម្លាំងបាន។ ជាពិសេស វាមានសមាសធាតុអេឡិចត្រូលីត ដែលជួយបំពេញជាតិទឹកក្នុងរាងកាយ បានយ៉ាងមានប្រសិទ្ធភាព។ ហេតុនេះ ចាំអីទៀត ទទួលទានទឹកដូងមួយថ្ងៃ ឲ្យបាន ២ ទៅ ៣ កែវជាការស្រេចបាត់ទៅហើយ!

៣. ឪឡឹក

ឪឡឹក មានសមត្ថភាពអាចបញ្ចុះកម្តៅក្នុងខ្លួនបានយ៉ាងមានប្រសិទ្ធភាព ដោយសារតែវាជាផ្លែឈើ ដែលសំបូរទៅដោយជាតិទឹក។ ជាពិសេស វាមានសមាសធាតុដែលអាច ជួយបញ្ចេញជាតិពុល ដែលបង្កឲ្យឡើងកម្តៅរាងកាយ បានទៀតផង។ ហេតុនេះ អ្នកគួរឧស្សាហ៍ទទួលទានឪឡឹក ក្នុងរដូចក្តៅនេះ ដើម្បីរក្សាជាតិទឹកក្នុងរាងកាយ គ្រប់គ្រាន់។

៤. ត្រសក់ស្រូវ Melon

Melon គឺជាប្រភេទ ផ្លែត្រសក់ស្រូវ មួយបែប ដែលមានសមត្ថភាព មិនចាញ់ផ្លែឪឡឹកប៉ុន្មានទេ ពីព្រោះវាក៏ជាផ្លែ ដែលសំបូរទៅដោយជាតិទឹក ផងដែរ។ ជាពិសេស វាមានផ្ទុកប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែ ជាច្រើនប្រភេទ។ ហេតុនេះ អ្នកគួរតែឧស្សាហ៍ទទួលទាន ត្រសក់ស្រូវ Melon ដើម្បីរក្សាសីតុណ្ហភាពរាងកាយ មិនឲ្យឡើងក្តៅ។

៥. ត្រសក់

ត្រសក់ គឺជាបន្លែមួយប្រភេទ ដែលសំបូរទៅដោយ ជាតិទឹកច្រើនលើសលុប។ ជាពិសេស វាត្រូវបានគេ បញ្ជាក់ថា ពិតជាអាចជួយ ឲ្យសីតុណ្ហភាពរាងកាយ ចុះត្រជាក់វិញ បានយ៉ាងមានប្រសិទ្ធភាព។ ហេតុនេះ ក្នុងមួយថ្ងៃ យ៉ាងហោចណាស់ អ្នកគួរបញ្ចូល ត្រសក់ មួយផ្លែ ទៅក្នុងរបបអាហារ ទើបជាជម្រើសល្អ សម្រាប់សុខភាព។

៦. ប្រទាលកន្ទុយក្រពើ

អ្នកអាចបញ្ចុះកម្តៅរាងកាយ ដោយគ្រាន់តែយកជែល របស់ប្រទាលកន្ទុយក្រពើ មកត្រដុសលើស្បែក របស់អ្នក រួចទុកចោល ២០ នាទី សឹមងូតទឹកត្រជាក់ចេញ ជាការស្រេច។ បើមិនដូច្នោះទេ អ្នកអាចយកជែលប្រទាលកន្ទុយក្រពើ ២ ស្លាបព្រា មកលាយជាទឹក សម្រាប់ទទួលទានក៏បាន (មិនត្រូវប្រើប្រទាលកន្ទុយក្រពើ លើសពី ២ ស្លាបព្រាបាយ ក្នុងមួយថ្ងៃឡើយ)។

៧. ទឹកទទឹម

ត្រឹមតែទទួលទាន ទឹកផ្លែទទឹមស្រស់ ជារៀងរាល់ព្រឹក ក៏អាចរក្សាសីតុណ្ហភាពរាងកាយអ្នក មិនឲ្យឡើងកម្តៅបាន យ៉ាងមានប្រសិទ្ធភាពដែរ។ មិនត្រឹមតែជាផ្លែឈើ ដែលសំបូរទៅដោយវីតាមីន និងជាតិរ៉ែប៉ុណ្ណោះទេ វាថែមទាំងមានរសជាតិឆ្ងាញ់ និងជាចំណង់ចំណូលចិត្ត របស់មនុស្សសឹងតែគ្រប់វ័យទៀតផង។

៨. ក្រូចឆ្មា

ក្រូចឆ្មា ជាប្រភពនៃសារធាតុ វីតាមីន C ដែលអាចជួយឲ្យរាងកាយចុះកម្តៅ និងការពារជំងឺគ្រុនក្តៅផ្សេងៗបាន យ៉ាងមានប្រសិទ្ធភាព។ អ្នកគ្រាន់តែច្របាច់ក្រូចឆ្មា មួយចំហៀង ចូលក្នុងកែវទឹកមួយ រួចយកទឹកឃ្មុំមួយស្លាបព្រាបាយ និងអំបិលមួយចិប មកលាយ។ បន្ទាប់មកកូរឲ្យសព្វ សឹមទទួលទាន ដើម្បីរក្សារាងកាយឲ្យមានជាតិទឹក និងអុកស៊ីសែនគ្រប់គ្រាន់។

៩. ទឹកឃ្មុំ និងទឹកដោះគោ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែ លាយទឹកឃ្មុំ ប្រមាណជា ១ ស្លាបព្រាបាយ ជាមួយនឹងទឹកដោះគោត្រជាក់មួយកែវ សម្រាប់ទទួលទាន ជារៀងរាល់ថ្ងៃ ឬជារៀងរាល់ព្រឹក។ ភេសជ្ជៈ មួយប្រភេទនេះ គឺមានប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយ ហើយថែមទាំងទទួលបានលទ្ធផល យ៉ាងឆាប់រហ័សទៀតផង។

១០. ទឹកអំពៅ

ជាការពិតណាស់ ទឹកអំពៅ ជាភេសជ្ជៈមួយបែប ដែលគួរតែទទួលទាន ជាពិសេស ក្នុងរដូវក្តៅនេះ។ នេះក៏ព្រោះតែ ទឹកអំពៅ អាចជួយការពារកុំឲ្យរាងកាយរបស់អ្នក ឡើងកម្តៅបាន យ៉ាងមានប្រសិទ្ធភាព។ សាកល្បងទទួលទានទៅមើល៍ ធានាថាអ្នកប្រាកដជាមានអារម្មណ៍ធូរស្រាល និងត្រជាក់ខ្លួន មិនខាន!

# ចំណុចគួរអនុវត្តន៍បន្ថែម ៖

• តមអាហារ ដែលក្តៅ និងហិរ

• ចៀសវាងអាហារសំបូរជាតិខ្លាញ់ ឬអាហារចៀន

• ចៀសវាងភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង

• ទទួលទានអាហារដែលមាន សារជាតិសូដ្យូមទាប (ទំពាំងបាយជូរ ប៉េងប៉ោះ -ល-)

• ប្រើប្រេងដូង ឬប្រេងអូលីវ សម្រាប់ចំអិនអាហារ

• កុំទទួលទានគ្រាប់ធញ្ញជាតិច្រើនពេក

• បរិភោគបន្លែឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន និងកាត់បន្ថយការទទួលទានសាច់ច្រើនពេក៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]