(ភ្នំពេញ)៖ ក្រុម Global FC របស់ហ្វីលីពីន បានបន្ថែម ៣ពិន្ទុទៀតហើយ ដើម្បីឈរកំពូលតារាងពូលF នៃពានរង្វាន់ AFC Cup 2017 បន្ទាប់ពីលត់ក្រុមម្ចាស់ផ្ទះបឹងកេតអង្គរ ដោយលទ្ធផល ៣-០ នៅលើទីលានពហុកីឡាជាតិ រាជធានីភ្នំពេញ កាលពីយប់មិញ ។

ការប្រកួតមានអ្នកគាំទ្រទស្សនាប្រមាណ ៣,០០០នាក់នេះ ក្រុមភ្ញៀវ Global ធ្វើបានយ៉ាងល្អនៅដើមតង់ទី១ ដោយកីឡាករ Paul Mulders បានបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់ត្រឹមនាទីទី៥ ។ បន្ទាប់មកក្រុមបឹងកេតអង្គរ បានព្យាយាមវាយបកជាមួយនឹងឱកាសស៊ុតជាច្រើនលើក តែមិនបានសម្រេចឡើយ ។

ចូលតង់ទី២ ក្រុមទាំងពីររក្សាទម្រង់នៅដដែល ប៉ុន្ដែក្រុមបឹងកេត បានបន្ដការវាយសម្រុករកគ្រាប់បាល់តែមិនទទួលបានផ្លែផ្កា ផ្ទុយវិញបានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ត្រូវបានកីឡាករ Paul Mulders ដដែល ទាត់បាល់ពិន័យ ១១ម៉ែត្របន្ថែម ១គ្រាប់ទៀត ឲ្យក្រុម Global នាំមុខ ២-០ ហើយលទ្ធផលបានរក្សាដល់ចប់ការប្រកួតតែម្ដង ។

ជ័យជម្នះនេះបានធ្វើឲ្យក្រុមជើងឯក ៣ជំនាន់របស់ហ្វីលីពីន Global FC ឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយឈ្នះ ២ប្រកួតជាប់គ្នា និងកាន់ ៦ពិន្ទុក្នុងដៃ ហើយឈរចំណាត់ថ្នាក់បន្ទាប់ដោយក្រុម Johor Darum Ta’zim របស់ម៉ាឡេស៊ីមាន ៤ពិន្ទុក្នុងដៃ ក្រោយប្រកួតស្មើក្រុម Magwe របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ១-១ កាលពីល្ងាចមិញ ។ ចំណែកក្រុមបឹងកេតគ្មានពិន្ទុរាប់នោះទេ ដោយសារចាញ់ ២ប្រកួតមកហើយ ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ចាន់ វឌ្ឍនាកា រកបានគ្រាប់ទី២ នៅជប៉ុន មុន J-League 3 បើករដូវកាលថ្មី

(ភ្នំពេញ)៖ គ្រាប់បាល់ទី២ របស់កីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា បានកើនឡើងហើយ អំឡុងពេលខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ ជួយក្លឹបថ្មី Fujieda MYFC របស់ជប៉ុន យកឈ្នះក្រុម Tokiwadai Hamamatsu ដោយលទ្ធផល ៣-០ ក្នុងជំនួបមិត្តភាពកាលពីម្សិល មុននឹងក្រុមលំដាប់លីគទី៣ (J-League 3) របស់ជប៉ុននេះ ត្រូវប្រកួតក្រៅទឹកដីបើកឆាករដូវកាលថ្មី ទល់នឹងម្ចាស់ផ្ទះ Kagoshima United នាថ្ងៃទី១១ ខែមីនាចុងសប្ដាហ៍នេះ។

គួរបញ្ជាក់ថា វឌ្ឍនាកា បានធ្វើដំណើរទៅដល់ជប៉ុន និងហ្វឹកហាត់ជាមួយក្លឹប Fujieda MYFC កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ។ រហូតមកទល់បច្ចុប្បន្ន កូនប្រុសបង្កើតរបស់អភិបាលខេត្តកំពតរូបនេះ បានបង្ហាញវត្តមានក្នុងការប្រកួតលក្ខណៈមិត្តភាពដកស្រង់បច្ចេកទេសចំនួន ៦ដងមកហើយ ប៉ុន្ដែខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ ទើបរកបាន ២គ្រាប់ប៉ុណ្ណោះ បើគិតទាំងគ្រាប់បំប៉ោងសំណាញ់ទីគូប្រកួតកាលពីម្សិលមិញ។

រីឯគ្រាប់បាល់ទី១ វឌ្ឍនាកា រកបានកាលពីជួយក្រុម Fujieda បំបាក់ក្រុម Meijo University ដោយលទ្ធផល ៦-១ កាលពីចុងខែកុម្ភៈកន្លងទៅ៕ ចុចមើលវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]