ជាការពិតណាស់ ទំនិញក្លែងក្លាយមានច្រើនហូរហៀរ នៅតាមបណ្តាទីផ្សារយើង សព្វថ្ងៃនេះ ហើយក្នុងនោះ ក៏មានផលិតផល ទឹកអប់ផងដែរ។ ការចំណាយលុយជាច្រើន ទៅលើ ទឹកអប់ក្លែងក្លាយ មិនត្រឹមតែ ធ្វើឲ្យអ្នកមិនសប្បាយចិត្ត នឹងការចាញ់បោកគេប៉ុណ្ណោះទេ វាថែមទាំងអាចប៉ះពាល់ដល់សុខភាព របស់អ្នកថែមទៀតផង។

ហេតុនេះ កុំបារម្ភទៀតអី! ថ្ងៃនេះ យើងនឹងបង្ហាញនូវតិចនិកជាច្រើន ដែលជួយអ្នក ឲ្យមើលដឹងថា ទឹកអប់នោះពិត ឬក្លែងក្លាយបាន ១០០% ដូចខាងក្រោមនេះ ៖

១. មើលបាតប្រអប់ ៖ ទឹកអប់ពិត មានស្បោងប្លាស្ទិច បាតប្រអប់ក្រាស់ និងមានសភាពត្រង់ភ្លឹង គ្មានផ្នត់ ខុសពីទឹកអប់ក្លែងក្លាយ ដែលមានប្លាស្ទិចរុំ មិនស្អាត និងមើលទៅគ្មានរបៀបទាល់តែសោះ។ 

២. ថ្នេរថង់បា្ទស្ទិច ៖ ប្រសិនបើ ថ្នេរថង់ប្លាស្ទិច ដែលរុំប្រអប់ទឹកអប់ មានថ្នេរប្រវែងទទឹងធំជាង ៥ មីលីម៉ែត្រ (ជួនកាលមិនស្មើ ហើយមានកាវថែមទៀត) នោះមានន័យថា វាជាទឹកអប់ក្លែងក្លាយហើយ ពីព្រោះទឹកអប់ពិតមាន ថ្នេរប្លាស្ទិច រៀបចំស្អាតឥតខ្ចោះ។

៣. ក្រដាសក្នុងប្រអប់ ៖ ក្រដាស ក្នុងប្រអប់ទឹកអប់ពិត ត្រូវមានគុណភាពល្អ និងមានរាងដូចជាដបទឹកអប់ ដើម្បីការពារ កុំឲ្យបែក ជាពិសេស វាមានពណ៌ស មិនមែនពណ៌បែកប្រផេះនោះទេ។

៤. ស្លាក និងព័ត៌មានលើប្រអប់ ៖ នៅត្រង់រង្វង់ ព្រួញពណ៌មាស ព្រួញដែលចង្អុលទៅខាងស្តាំ ត្រូវតែមានពណ៌ខ្មៅ ឬមានពណ៌ស្រអាប់ជាង ព្រួញដែលចង្អុលមកខាងស្តាំ។ ជាងនេះទៅទៀត អ្នកគួរចូលមើលគេហទំព័រ របស់អ្នកផលិត ដែលមាននៅលើប្រអប់ ដើម្បីបញ្ជាក់បន្ថែមបានផងដែរ។

៥. រចនាបទ ៖ ជួនកាល ក្រុមហ៊ុនមួយចំនួន រៀបចំរចនាបទ រូបរាង ស្រដៀងគ្នាទៅនឹង ទឹកអប់ប្រេនពិត។ ហេតុនេះ មុននឹងធ្វើការចំណាយប្រាក់ទិញ អ្នកគួរតែពិនិត្យមើល ឲ្យបានច្បាស់លាស់ជាមុនសិន។

៦. ពណ៌របស់ទឹកអប់ ៖ ទឹកអប់ប្រេនល្បីៗ មិនប្រើពណ៌ ក្នុងទឹកអប់ច្រើននោះទេ (មានពណ៌ស្លេក)។ ហេតុនេះ ប្រសិនបើអ្នកក្រឡេកឃើញទឹកអប់ ដែលមានពណ៌ដិតខ្លាំង នោះវាប្រាកដជាទឹកអប់ក្លែងក្លាយហើយ។

៧. គំរបដបទឹកអប់ ៖ នៅត្រង់គំរប ដបទឹកអប់ពិត មានប្រវែងស្មើ ស៊ីមេទ្រីគ្នា (លើកលែងតែ ប្រភេទទឹកអប់ខ្លះរចនាឡើង ដោយពិសេស)។

៨. លេខកូដសម្គាល់ ៖ លេខកូដសម្គាល់ ត្រូវតែមានបោះពុម្ព នៅនឹងបាតប្រអប់ ហើយលេខកូដនោះ ត្រូវតែដូចគ្នា ជាមួយនឹងលេខ ដែលនៅនឹងបាតដបទឹកអប់។

៩. ដបទឹកអប់ ៖ ដបទឹកអប់ពិត មានគុណភាពខ្ពស់ ដោយមានភាពស្មើ និងរលោងស្អាត មិនដូចទឹកអប់ក្លែងក្លាយ ដែលមានសភាពគ្រើម និងមិនស្មើនោះទេ៕

ប្រភព៖ Bright Side

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

តិចនិចពិសេស ក្នុងការរក្សាក្លិនទឹកអប់ ឲ្យជាប់លើខ្លួន បានយូរយ៉ាងស្រួួល

អ្នកប្រហែលជាចង់រក្សាក្លិនក្រអូប ឲ្យនៅជាប់នឹងខ្លួនអ្នកពេញមួយថ្ងៃ ហើយតើមែនទេ?​ ជំនួសនៃការបាញ់ ក្លិនជាច្រើនដង ខាងក្រោមនេះ អ្នកនឹងដឹងពីតិចនិច នៃការរក្សាទឹកអប់ឲ្យជាប់ខ្លួនបានយូរ។ ក្នុងអត្ថបទនេះដែរ បង្ហាញអ្នកឲ្យបានដឹងអំពីការរក្សាក្លិនទឹកអប់ ឲ្យនៅជាប់ខ្លួនបានយូរ៖

១. ការផ្តោតសំខាន់ទៅលើចំនុចជីពចរ

នេះគឺជាគន្លឹះចាស់គំរិលបន្តិច ហើយក៏ជារឿងធម្មតា ក្នុងការប្រើវាផងដែរ។ ប្រសិនបើអ្នកចង់ឲ្យក្លិនទឹកអប់ ជាប់នឹងខ្លួនរបស់អ្នកបានយូរនោះ អ្នកគ្រាន់តែបាញ់ទឹកអប់នោះ បន្តិចទៅលើ .ក ដៃ ផ្នែកខាងក្រោយត្រចៀក និងជង្គង់ រួមទាំងកជើង របស់អ្នកផងដែរ។

២. ការប្រើជែលផ្តល់សំណើមដល់ស្បែក

មុនពេលអ្នកបាញ់ក្លិនក្រអូប ទៅលើខ្លួនរបស់អ្នក អ្នកគួរតែលាប ផលិតផលប្រភេទជែល ផ្តល់សំណើមដល់ស្បែកបន្តិច ទៅលើកន្លែងនោះជាការស្រេច។ ធ្វើបែបនេះ ដើម្បីបង្កើតស្រទាប់ស្តើងមួយនៅលើស្បែក ហើយអាចជួយ ផ្តល់សំណើមដល់ស្បែក​ និងជួយសង្កត់ក្លិនឲ្យនៅជាប់ បានយូរថែមទៀតផង។

៣. ការជ្រើសរើសក្លិនដែលល្អ

ដើម្បីរក្សាក្លិនទឹកអប់ឲ្យជាប់ខ្លួនបានយូរ អ្នកគួរគិតឲ្យបានច្បាស់លាស់ ក្នុងការជ្រើសរើសក្លិនដែលល្អ និងក្រអូប ដូចជា វ៉ានីឡា ក្លិនក្រូចឆ្មា និងក្លិនក្រអូបធម្មជាតិជាដើម ដែលជាជម្រើសល្អបំផុតសម្រាប់អ្នក។

៤. កុំប៉ាតវា

បន្ទាប់ពីអ្នកលាបក្លិនក្រអូបនៅលើខ្លួនរបស់អ្នក ជាពិសេសត្រង់ចំណុចជីពចររួចហើយ ចូរអ្នកកុំប៉ាតវានៅ លើតំបន់នោះឲ្យសោះ។ ទុកឲ្យទឹកអប់នោះស្ងួតដោយខ្លួនឯង វានិងរក្សាក្លិនក្រអូបនោះបានយូរជាក់ជា មិនខាន។

៥. ធ្វើឲ្យសក់របស់អ្នកមានក្លិនល្អ

ប្រសិនបើសក់របស់អ្នកមានក្លិនល្អ នោះខ្លួនរបស់អ្នកក៏មានក្លិនល្អ ដោយស្វ័យប្រវត្តិផងដែរ។ ចូរបាញ់ទឹកអប់ទៅលើក្រាស់សិតសក់របស់អ្នក ហើយសិតវា។ ធ្វើបែបនេះ ក្លិននោះ នឹងនៅជាប់ជាមួយសក់របស់អ្នក ហើយធ្វើឲ្យវាមានក្លិនក្រអូប។

៦. រក្សាចំងាយការបាញ់

ជាគន្លឹះមួយក្នុងចំណោមគន្លឹះសំខាន់ៗ ដែលអ្នកគួរចងចាំនោះគឺ រក្សាចំងាយពីដបទឹកអប់ ទៅរាងកាយអ្នក ក្នុងពេលកំពុងបាញ់ទឹកអប់។ ជៀសវាងការបាញ់ក្លិនក្រអូបដោយជិតផ្ទាល់ពេក ទៅលើរាងកាយអ្នក ព្រោះវា អាចធ្វើឲ្យស្បែករបស់អ្នកមានការបង្ករោគ។

៧. បាញ់ដាក់ខ្យល់ជុំវិញអ្នក

បន្ទាប់ពីអ្នកស្លៀកពាក់ រួចរាល់ហើយនោះ អ្នកបាញ់ទឹកអប់ទៅក្នុងខ្យល់ ប្រហែល ៥អ៊ិញ (១២សង់ទីម៉ែត្រ) ឆ្ងាយពីមុខរបស់អ្នក ហើយដើរតាមខ្យល់នោះយ៉ាងលឿន។ ធ្វើអញ្ចឹង ២-៣ដង ដើម្បីឲ្យក្លិនក្រអូបជាប់ បានយូរ។

៨. ដែលត្រឹមត្រូវ គឺបន្ទាប់ពីងូតទឹករួច

នេះជាវិធីដែលល្អបំផុតមួយ ក្នុងចំណោមវិធីផ្សេងៗទៀត ដើម្បីរក្សាក្លិនទឹកអប់ ឲ្យបានយូរនិងត្រឹមត្រូវ គឺគ្រាន់តែបាញ់ទឹកអប់នៅលើខ្លួនប្រាណអ្នក បន្ទាប់ពីអ្នកងូតទឹករួច។ ធ្វើបែបនេះ រន្ធញើសរបស់អ្នក នឹងស្រូបក្លិននោះបានល្អជាងមុន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]