ខេត្តរតនគិរី ៖ យុវជន​២​នាក់​ត្រូវ​មន្ត្រី​អភិរក្ស​ពន្ធនាគារ​ឃាត់ខ្លួន​ខណៈ​ជន​ទាំង​ពីរ​នាក់​បាន​បង្កប់​រណា​អារ​ដែក​នៅ​ក្នុង​ស្បែក​ជើងពេល​ចូល​ជួប​អ្នកទោស ហើយ​ប្តូរ​ស្បែកជើង​ឱ្យ​អ្នកទោស​ដែល​ចេញ​មក​សាកសួរ​សុខទុក្ខ​នៅ​ខាង​ក្រៅរបង​ពន្ធនាគារ ។ ជនសង្ស័យ​ទាំង​ពីរ​ត្រូវ​មន្ត្រី​ពន្ធ​ធនាគារ​ចាប់​បញ្ជូន​កសាង​សំណុំរឿង​ភ្លាម​ៗ​ក្រោយ​ពី​គេ​បាន​សារភាព​ដោយ​ត្រង់​នៅ​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៧ ។ ពួក​គេ​មានឈ្មោះ សូម ណា​ក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ដុំ ផុ​ន អាយុ​២១​ឆ្នាំ ដូច​គ្នា​គេ​ទាំង​ពីរ​ជា​ជនជាតិ​ទំពួន និង​មាន​ទី​កំណើត​នៅ​ជាមួយ​គ្នា​ក្នុងភូមិ​កា​ចូ​ន ឃុំ​កា​ចូ​ន ស្រុក​វ៉ើ​ន​សៃ ។

ក្រោយ​ពី​មន្ត្រី​ពន្ធនាគារ​ឆែក​ឃើញ​លាក់​ផ្លែ​រណា​អារ​ដែក​នៅ​ក្នុង​ទ្រនាប់ជើង​ផ្ទាត់​ពណ៌​ស​គេ​បាន​សារភាព​ថា បងស្រី​របស់​គេ​ឈ្មោះ ពន់ ត្រូវជា​ប្រពន្ធ​ជនជាប់ចោទ​ឈ្មោះ សូម លូន (​ជា​ពិរុទ្ធជន​ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​គ្រឿងញៀន​) បាន​ពឹង​ឱ្យ​គេ​យក​ផ្លែ​រណា​អារ​ដែក​នោះ​ឱ្យទៅ​ឈ្មោះ សូម លូន ហើយ​មន្ត្រី​ពន្ធនាគារ​មានការ​សង្ស័យ​រួច​ចាប់​ឃាត់​ឆែក​រក​ឃើញ​តែ​ម្តង នៅ​ប៉ុស្ដិ៍​ឆែកឆេរ​អីវ៉ាន់ ។

សូម​បញ្ជាក់​ថា ពន្ធនាគារ​ភ្នំ​ស្វាយ​នៅ​ក្នុង​ខេត្តរតនគិរី​នេះ​គឺ​ធ្លាប់​មាន​អ្នក​ជាប់​ឃុំ​រត់គេច​ខ្លួន​រួច​ប៉ុន្មាន​នាក់​កន្លង​មក​ហើយ ដោយសារ​តែ​ចំរឹង​បង្អួច​ត្រូវ​គេ​លួច​កាត់​ឱ្យ​មាន​ប្រហោង ។ មក​ដល់ ពេល​នេះ​អ្នក​ដែល​បាន​គេចខ្លួន​ចេញពី​ពន្ធនាគារ​នោះ​នៅ​មិន​ទាន់​ដឹង​ថា ត្រូវ​គេ​ចាប់​ប​ញ្ជូ​លម​ក​ក្នុង​ពន្ធនាគារ​វិញ​ហើយ​ឬ​នៅ​នោះ​ទេ ។

គេ​កំពុង​ឆ្ងល់​ថា តើ​ស្ត្រី​ដែល​ត្រូវជា​ប្រពន្ធ​ពិរុទ្ធជន​ដែល​កំពុង​ជាប់​ក្នុង​ពន្ធ​ធនាគារ​នឹង​ត្រូវ​គេ​ចាប់ខ្លួន​ដែរ​ឬទេ ពីព្រោះ​ថា​តាម​ចម្លើយ​សារភាព​របស់​យុវជន​ដែល​បាន​ឃាត់ខ្លួន​គឺ​ស្ត្រី​នោះ​បាន​ពឹង​ឱ្យ​យុវជន​នោះ​យក​ផ្លែ​រណា​អារ​ដែក​ឱ្យ​ជនជាប់ចោទ ។ លោក​ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ ទី​ន សុវណ្ណ​ណី មិន​អាច​ស្វែងរក​ការ​ផ្តល់​ព័ត៌មាន​បន្ថែម​បាន​ទេ​ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ឆក់ទៀតហើយ! ជិះរ៉ឺម៉ក់កង់បីជូនប្តីឡើងយន្តហោះ ត្រូវចោរឆក់កាបូបអស់ជិត១ពាន់ដុល្លារ នៅមុខព្រលានយន្តហោះភ្នំពេញ

(ភ្នំពេញ)៖ ស្រ្តីម្នាក់ ខណៈកំពុងធ្វើដំណើរជូនប្តីឡើងយន្តហោះទៅស្រុកក្រៅ គ្រាន់តែទៅដល់មុខព្រលានយន្តហោះភ្លាម ក៏ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿងយ៉ាងលឿន ធ្វើសកម្មភាពឆក់កាបូបស្ពាយទៅបាត់ដោយសុវត្ថិភាព ដោយទាំងលុយជិត១ពាន់ដុល្លារ។

ក្រោយកើតហេតុ ស្ដ្រីរងគ្រោះខាងលើ បានស្រែកថា​ចោៗ ​ដើម្បីឲ្យសមត្ថកិច្ចជួយ តែជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរងគ្រោះ ដែលត្រូវបានចោរឆក់កាបូបស្ពាយនោះ ឈ្មោះ ប្រាក់ និមល អាយុ៣៤ឆ្នាំ គាត់បានចេញដំណើរស្រុកកំណើត នៅភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកាបាស ខេត្តតាកែវ ដើម្បីជូនប្ដីមកឡើងយន្តហោះ។

ស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួន និងប្តី រួមជាមួយប្អូន៣នាក់ទៀត បានធ្វើដំណើរលើរ៉ុកម៉ក់កង់បី ចាកចេញពីសណ្ឋាគារមួយកន្លែង នៅម្តុំគីឡូលេខ៤ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូង គ្រាន់តែបានទៅដល់មុខព្រលានយន្តហោះ មិនទាន់បានចូលផង ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូឌ្រីមសង់ មិនចាំស្លាកលេខ មកអែបរ៉ុកម៉ក់កង់បីដែលគាត់ជិះនោះ ឆក់យកកាបូបស្ពាយរបស់គាត់តែម្តង។

កាបូបស្ពាយនោះ គាត់បានដាក់កូនតូចរបស់គាត់ មានអាយុទើបតែ១ឆ្នាំ លើកាបូបនោះទៀត បណ្ដាលឲ្យកូនរបស់គាត់ធ្លាក់ដល់ដី វិសនឹងគ្រោះថ្នាក់ដល់ជីវិតទៀតផង។

ភ្លាមៗនោះដែរ ប្តីរបស់គាត់ រួមនិងអ្នកធ្វើដំណើរជាមួយគ្នា បានស្រែកថា ចោរៗ ឆក់កាបូបហើយ!! ដើម្បីឲ្យគេជួយ តែពេលនោះមិនសូវមានមនុស្សម្នាច្រើន ទើបធ្វើឲ្យជនសង្ស័យមានឱកាសគេចខ្លួនបានដោយសុវត្ថិភាព។ ហើយស្រ្តីរងគ្រោះ បានជូនប្តីឡើងហោះហើយ ទើបមកដាក់ពាក្យបណ្តឹង។

កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា សម្ភារៈ របស់ជនរងគ្រោះដែលបានបាត់បង់នោះ មានទូរស័ព្ទស៊េរីទំនើបចំនួន ២គ្រឿង លុយចំនួន៥០០ដុល្លារ និងសម្ភារៈមួយចំនួនទៀត សរុបជាទឹកប្រាក់ ជាង១,០០០ដុល្លារ។

ក្រោយពីបានដាក់ពាក្យបណ្តឹងហើយ ស្រ្តីរងគ្រោះ បានធ្វើដំណើរទៅស្រុកកំណើតវិញ ហើយរងចាំមើលសមត្ថកិច្ច ធ្វើការស្រាវជ្រាវវែកមុខសញ្ញានេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]