អេស្ប៉ាញ៖ ទីបំផុតក្លិប Barcelona អាចស្វែងរកតំណែងលេខ១ ឈរលើកំពូលតារាងវិញបានហើយ ក្រោយឈ្នះក្រុម Sporting Gijon ក្នុងលទ្ធផល ៦-១ ក្នុងជំនួបក្របខ័ណ្ឌបាល់ទាត់លីកកំពូល La Liga របស់ប្រទេសអេស្ប៉ាញ ខណៈដែលក្រុម Real Madrid ស៊ុតតាមស្មើចុងម៉ោង ទៅលើក្រុម Las Palmas ក្នុងលទ្ធផល ៣-៣ ធ្លាក់មកលេខ២វិញ។

ទាក់ទងនឹងការប្រកួតរបស់ Barcelona គួរឲ្យដឹងថា ទាំង៦គ្រាប់នេះធ្វើឡើងដោយកីឡាករ៦រូបផ្សេងៗគ្នា ក្នុងនោះមានដូចជា MSN (Messi, Suzrez និង Neymar) រកបានម្នាក់មួយគ្រាប់ Francisco Alcacer មួយគ្រាប់ Ivan Rakitic មួយគ្រាប់ និងមួយគ្រាប់ទៀតស៊ុតចូលទីខ្លួនឯងដោយកីឡាករ Juan Rodriguez។ ចំនែកឯ ១គ្រាប់របស់ក្លិប Sporting Gijon វិញធ្វើឡើងដោយកីឡាករ Carlos Castro ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត Barcelona ៦ Sporting Gijon ១ ។

ក្រោយបញ្ចប់ការប្រកួត៩០នាទី គ្រូបង្វឹករបស់ Barcelona លោក Luis Enrique ក៏បានប្រកាសក្តែងៗជាផ្លូវការផងដែរថា លោកនឹងដើរចេញពីក្លិប Barcelona លាលែងពីតំណែងជាគ្រូបង្វឹកនាពេលបញ្ចប់រដូវកាលនេះ។ 

ក្រឡេកមកមើលការប្រកួតមួយគូទៀត Real Madrid បានតាមស្មើក្រុម Las Palmas យ៉ាងប្រផិតប្រផើយនៅចុងម៉ោង ក្នុងលទ្ធផល ៣-៣ នៅកីឡដ្ឋាន Santiago Beunabeu ។

ទាក់ទងនឹងការប្រកួត Real បានមានឱកាសនាំមុខដោយកីឡាករ Isco នៅនាទី៨ តែត្រូវក្រុមភ្ញៀវនាំមុខ៣គ្រាប់តាមពីក្រោយវិញ។ មិនតែប៉ុណ្ណោះ Bale ថែមទាំងទទួលបានក្រហមទៀតផងនៅដើមតង់ទីពីរនាទី៤៧ ធ្វើឲ្យ Real កាន់តែយ៉ាប់យឺន។

តែយ៉ាងណាមិញ ចុងក្រោយ Real បានព្យាយាមស្វែងរកគ្រាប់បាល់រហូតទាល់តែបានសម្រេច ដោយ២គ្រាប់តាមស្មើពីក្រោយធ្វើឡើងនៅចុងម៉ោង ដែលជាថ្វីជើងរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ទាំង២គ្រាប់ ធ្វើឲ្យលទ្ធផលបញ្ចប់៩០នាទី Real Madrid ៣-៣ Las Palmas ។

ថ្វីត្បិតតែ Real Madrid ទទួលបានលទ្ធផលស្មើ ធ្លាក់មកលេខ២ក៏ពិតមែន ប៉ុន្តែពួកគេនៅសល់មួយប្រកួតទៀតក្នុងដៃ ដែលអាចឲ្យ Real Madrid នឹងមានឱកាសហក់ឡើងលើកំពូលតារាងវិញ ប៉ុន្តែចំណាត់ថ្នាក់បណ្តោះអាសន្នបច្ចុប្បន្ននេះ Barcelona កំពុងនាំមុខក្នុងលីក៕ 

ទស្សនាវីដេអូ Highlights៖ 

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ Ronaldo ប្រច័ណ្ឌមិត្តស្រី ពេលឃើញថតរូបជាមួយប្រុសផ្សេង?

អេស្ប៉ាញ៖ មិនដែលដឹងសោះថាកីឡាករកំពូលលំដាប់ពិភពលោក Cristiano Ronaldo ចេះយកចិត្តទុកដាក់ និងចាប់អារម្មណ៍ទៅលើមិត្តស្រី នាង Georgina Rodriguez យ៉ាងដូច្នេះសោះ ដោយជាក់ស្តែង កាលពីថ្ងៃពុធកន្លងទៅនេះ Ronaldo បានចូលទៅឆ្លើយតបជាសារ Comment មួយនៅក្នុងគណនី Instagram នៅពេលដែលឃើញមិត្តស្រីរបស់ខ្លួនថតរូបជាមួយអ្នកផ្សេង។ 

ក្រោយពីនាង Georgina Rodriguez បានបង្ហោះរូបថតមួយសន្លឹកជាមួយមនុស្សប្រុសម្នាក់នៅក្នុងបណ្តាញសង្គមរូបភាព Instagram រួចមក គេឃើញមានអ្នកគាំទ្រជាច្រើនបានចូលមក Mentioned ឈ្មោះកីឡាករ Cristiano Ronaldo នៅក្នុងរូបភាពនោះ ដើម្បីបង្ហាញឲ្យ Ronaldo បានដឹង។

ក្រោយមក ពេល Ronaldo ឃើញរួច រូបគេផ្ទាល់ក៏បានចួលទៅ Comment ថា «Cuidado» ដែលមានន័យថា «ប្រយ័ត្ន» ហាក់បីដូចជាកំពុងប្រច័ណ្ឌនឹងមិត្តស្រី។ ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមការឲ្យដឹងពីប្រភពបានបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid រូបនេះ គ្រាន់តែលេងសើច ដើម្បីជាការកម្សាន្តជាមួយអ្នកគាំទ្រតែប៉ុណ្ណោះ ដោយសារតែគេឃើញ Ronaldo ភ្ជាប់ជាមួយរូបត្លុក emoji បែបលេងសើចផងដែរ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថា ចំពោះបុរសនៅក្នុងរូបថតមួយសន្លឹកនោះ គឺគ្រាន់តែជាមិត្តភក្តិរបស់មិត្តស្រីកីឡាករ Ronaldo ដែលធ្វើការជាមួយគ្នាពីមុនមកប៉ុណ្ណោះ។

គួររំឮកប្រវត្តិស្នេហារបស់គូស្នេហ៍មួយគូនេះផងដែរថា Ronaldo និងនាង Georgina បានស្រលាញ់គ្នាដំបូង និងប្រកាសអំពីទំនាក់ទំនងស្នេហាតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ មកម្ល៉េះ។

គួរឲ្យដឹងទៀតថា នាង Georgina Rodriguez វ័យ២២ឆ្នាំ ពីមុនគ្រាន់តែជាបុគ្គលិកក្នុងក្រុមហ៊ុន Gucci តែប៉ុណ្ណោះ ហើយចំពោះមូលហេតុដែលអ្នកទាំងពីរចាប់ផ្តើមមានទំនាក់ទំនងស្នេហា គឺត្រូវបានគេសន្មត់ថា សម្រេស់របស់នាងបានទាក់ចិត្តខ្សែប្រយុទ្ធរូបនេះ នៅពេលពួកគេបានចូលរួមក្នុងកម្មវិធីបង្ហាញផលិតផលជាមួយគ្នា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]