ចិន៖ បុរសម្នាក់បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមខឹងសម្បា និងរិះគន់យ៉ាងចាស់ដៃ ក្រោយពីដឹងថារូបគេជាកូនប្រុសអកត្តញ្ញូ យកម្តាយរបស់ខ្លួន ដែលជាអ្នកមានគុណ ឲ្យទៅអង្គុយនៅគូទក្រោយនៃរថយន្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃច័ន្ទទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ នៅចំណុចផ្លូវមួយកន្លែងស្ថិតក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។

បើតាមប្រភពសារព័ត៌មានសៀងហៃ បានចុះផ្សាយឲ្យដឹងថា បន្ទាប់ពីរូបភាពមួយសន្លឹកនោះ ត្រូវបានល្បីសាយភាយនៅលើបណ្តាញសង្គមមក បុរសអ្នកបើកបររថយន្តខាងលើ ត្រូវបានគេស្គាល់ថាមានត្រកូល Li

តាមការបញ្ជាក់អះអាងពីសំណាក់លោក Li ផ្ទាល់បានបកស្រាយប្រាប់ថា នៅថ្ងៃនោះគាត់និងគ្រួសារបានចេញពីកន្លែង ញ៉ាំអាហារពេលល្ងាចជាមួយគ្នា នៅភោជនីយដ្ឋានកន្លែងមួយ។ លុះពេលត្រលប់មកផ្ទះវិញ គាត់ក៏បានឲ្យគ្រួសារសាច់ញាតិរបស់គាត់ទាំងអស់ ចូលជិះក្នុងឡានទៅផ្ទះវិញជាមួយគ្នា ប៉ុន្តែដោយសារតែមនុស្សច្រើនពេក អង្គុយពេញឡានទៅហើយនោះ  ទើបរូបលោកស្នើសុំឲ្យម្តាយ  នៅរង់ចាំនៅឯហាងសិន  និងសន្យាថាបកត្រលប់មកយកម្តាយវិញ។

ប៉ុន្តែផ្ទុយទៅវិញ ម្តាយរបស់គាត់ក៏បានបដិសេធ ហើយនិយាយថា គាត់អាចអង្គុយនៅគូទឡានក្រោយបាន  ព្រោះថាពួកយើងសុទ្ធតែគ្រួសារតែមួយទេ វាមិនមែនជាបញ្ហាអីឡើយ។

ដោយសារតែឮម្តាយនិយាយបែបនេះ លោក Li ក៏យល់ព្រមតាមគំនិតម្តាយ ដោយឲ្យគាត់អង្គុយនៅគូទឡានខាងក្រោយតែម្តងទៅ។  ជាចុងក្រោយលោក Li បាននិយាយទៀតថា រូបគាត់សុំចិត្តអ្នកលេងបណ្តាញសង្គមទាំងអស់ មេត្តាគួរបញ្ឈប់ការរិះគន់ ជេរប្រមាថមកលើរូបគាត់ជាកូន លើរឿងរ៉ាវដែលបានកើតឡើងនេះតទៅទៀតអី។

ដោយឡែក ម្តាយរបស់លោក Li ក៏បានចេញមុខនិយាយដែរថា ចូរកុំទម្លាក់កំហុសទៅលើកូនប្រុសគាត់អី ព្រោះថា Li គឺជាកូនប្រុសដ៏ល្អបំផុតសម្រាប់គាត់ ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?  

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ស្រដៀងគ្នានេះដែរថា៖ សុខចិត្តដេញម្តាយ ឲ្យអង្គុយ នៅគូទឡាន ដើម្បីទុកកន្លែង ឲ្យកូនដេក បានស្រួល

ចិន៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ប៉ូលីសត្រួតពិនិត្យចរាចរណ៍ បានបញ្ឈប់ឡានមួយគ្រឿង ដែលកំពុងតែធ្វើដំណើរ ពី​ខេត្ត​ជាំងស៊ី ទៅ​ខេត្ត​ហ៊ូបេ ប្រទេសចិន ដោយប៉ូលីស បានឃើញ បុរសម្នាក់ ឈ្មោះ Liu ជាអ្នកបើកបរ និង​ប្រពន្ធ​ របស់គាត់ អង្គុយ​កៅអី​ខាង​មុខ ​ជា​មួយគ្នា​ ចំណែកឯ​កូន​ប្រុស ​របស់​ពួកគេ​ ដេក​នៅ​​កៅអី ជួរខាងក្រោយ តែម្នាក់ឯង យ៉ាងសុខស្រួល ជាទីបំផុត។ ប៉ុន្តែអ្វីដែលធ្វើឲ្យប៉ូលីស មានការភ្ញាក់ផ្អើល ខ្លាំងបំផុតនោះគឺ ពួកគេឃើញ​ស្ត្រី​ចំណាស់ ​ជាម្តាយ អង្គុយ​នៅគូថឡាន ​ដែលមានសភាព តូចចង្អៀត តែម្នាក់ឯងទៅវិញ។

តាមការសាកសួរ លោក Liu បានប្រាប់ឲ្យដឹង​ថា​ គាត់​បាន​សុំឲ្យម្តាយ​ ទៅ​អង្គុយ​នៅគូទឡាន ដើម្បី​ទុកកន្លែង ឲ្យ​កូន​ប្រុស​របស់​ខ្លួន ​បានដេក​ស្រួល​ខ្លួន​បន្តិច។

ទោះបីជាយ៉ាងណា ប៉ូលីសក៏បានសុំឲ្យ ស្ត្រីចំណាស់ជាម្តាយ ចេញពីគូទឡាន ហើយចង់ពិន័យកូនប្រុស រមើលគុណនោះ ប៉ុន្តែស្រ្តីជាម្តាយ បានប្រាប់ទៅប៉ូលីសថា «វាមិនសូវពិបាក ប៉ុន្មាននោះទេ ដែលមកអង្គុយ នៅគូទឡាននេះ»។

អ្វី​ដែល​កាន់​តែ​រំជួល​ចិត្ត​ ជាង​នេះ​ទៀតនោះគឺ ម្ដាយ​របស់​លោក Liu បាន​យក​​ប្រាក់ខែ ​ចូលនិវត្តន៍របស់ខ្លួន ទាំងអស់ សន្សំ​ទិញឡាន មួយគ្រឿង​នេះ​ ឲ្យ​កូន​ប្រុស ជាទីស្រលាញ់របស់គាត់​។

យ៉ាងណាមិញ អ្នកលេងអ៊ិនធឺណេតជាច្រើន មិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ រូបថតស្រ្តីជាម្តាយ អង្គុយនៅគូទឡាន ចែកចាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ ហើយមនុស្សជាច្រើន បានបញ្ចេញមតិ​រិះ​គន់​​ខ្លាំង​ៗ យ៉ាងចាស់ដៃ ទៅ​លើ​ទង្វើ ​របស់​លោក Liu ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]