បើនិយាយអំពី ទំនាក់ទំនងស្នេហា គ្មាននរណាម្នាក់ដែលចង់ឲ្យដៃគូ លេងសើចជាមួយនឹងអារម្មណ៍របស់ខ្លួនឡើយ ជាពិសេស គឺនារីៗយើងតែម្តង។ វាជារឿងដែលគួរឲ្យឈឺចាប់បំផុត នៅពេលដែលយើងចំណាយកម្លាំង និងពេលវេលា ជាមួយបុរសម្នាក់ ដែលយើងគិតថាស្រលាញ់ និងអាចរួមអនាគតជាមួយគ្នា ប៉ុន្តែផ្ទុយទៅវិញ ចុងក្រោយគេបែរជាលេងសើច ជាមួយយើងទៅវិញ។

ហេតុនេះ ដើម្បីកុំឲ្យខាតពេលជាមួយមនុស្សប្រុសបែបនេះយូរ អ្នកគួរតាមដានសកម្មភាព និងពាក្យសំដីរបស់គេឲ្យបានឆាប់រហ័សបន្តិច ទើបបាន។ ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលបញ្ជាក់ថា មិត្តប្រុសរបស់អ្នក កំពុងតែលេងសើចជាមួយអារម្មណ៍អ្នក ៖ 

១. ពាក្យពេចន៍ផ្អែមជាងស្ករ

បុរសដែលជា Playboy ឬជាព្រាននារី ចូលចិត្តនិយាយពាក្យពេចន៍ជាច្រើន ដែលអ្នកសុបិនចង់ឮ។ ពួកគេចូលចិត្តនិយាយពាក្យផ្អែម ដែលអាចធ្វើឲ្យបេះដូងអ្នករលាយដូចជាការ៉េម ដោយសារតែពួកគេចង់បង្ហាញថា ពួកគេជាបុរសដែលល្អឥតខ្ចោះ សម្រាប់អ្នក (ជាក់ស្តែង វាក៏អាចជាពាក្យដែលគេប្រើជាមួយស្រីផ្សេងៗ ដូចៗគ្នា)។

២. និយាយមិនច្បាស់ការ

ក្នុងករណីដែលអ្នកលេងសារ ឬនិយាយលេងជាមួយគ្នាតាមទូរស័ព្ទ ដោយសួរថា “បងកំពុងតែធ្វើអី? យប់នេះចង់ទៅក្រៅទេ?” ហើយប្រសិនបើមិត្តប្រុសរបស់អ្នកឆ្លើយថា “មិនទាន់ច្បាស់ថា រវល់ឬក៏អត់នោះទេ” ឬ “រវល់ធ្វើនេះ ធ្វើនុះបន្តិចបន្តួច” នោះគេប្រហែលជាកំពុងលេងសើចជាមួយអ្នកហើយ។ នេះក៏ព្រោះតែ បុរសដែលស្រលាញ់អ្នកពិត នឹងឆ្លៀតរៀបចំពេលវេលាសម្រាប់អ្នក ទោះបីជារវល់យ៉ាងណាក៏ដោយ ពីព្រោះពួកគេឲ្យតម្លៃអ្នក ជាជាងអ្នកដទៃ។

៣. តម្រូវតែចិត្តខ្លួនឯង

ចំណុចនេះក៏ អាចបញ្ជាក់បានថា មិត្តប្រុសរបស់អ្នក កំពុងតែលេងសើចបានដែរ ពីព្រោះវាបង្ហាញពីការយកចិត្តទុកដាក់ របស់គេចំពោះយើង។ ឧទាហរណ៍ថា បុរសម្នាក់នោះប្រាប់យើងថា គាត់ជាមនុស្សមិនចូលចិត្តមើលកុននោះទេ ទោះបីជាយើងចូលចិត្ត ឬចង់មើលប៉ុណ្ណាក៏ដោយ។ ប៉ុន្តែនៅពេលដែលមានរឿងណាដែលគាត់ចង់មើលជាយូរមកហើយនោះ គាត់បែរជាសុខចិត្តហៅមិត្តភក្តិ ឬអ្នកដទៃទៅជាមួយទៅវិញ។ នេះអាចនិយាយបានថា បុរសប្រភេទនេះ សុខចិត្តលុបចោលផែនការរបស់យើង ដើម្បីបំពេញចំណូលចិត្តរបស់គេ និយាយរួមគឺខ្វល់ និងតម្រូវតែចិត្តខ្លួនឯង។

៤. ទុកទូរស័ព្ទមិនឲ្យប៉ះ

នៅពេលដែលនៅជាមួយគ្នា យើងប្រាកដជាត្រូវរក្សាទុកទូរស័ព្ទម្តុំ ដោយឡែក។ ប៉ុន្តែ ក្នុងករណីដែល មិត្តប្រុសរបស់អ្នក ហាក់ដូចជាហួងហែងទូរស័ព្ទរបស់គេពេកនោះ គេប្រាកដជាអាចលាក់អ្វីមួយពីអ្នក ជាមិនខាន។ បើគ្រាន់តែនិយាយថា “បងកំពុងរវល់ អូនជួយលើកទូរស័ព្ទបងបន្តិចទៅ” ក៏មិនដែលនោះ គឺអាចមានន័យថា គេកំពុងលេងសើចជាមួយអ្នកហើយ។ ជាពិសេស គឺនៅពេលដែលទទួលបានសារ ឬខល ពីនរណាម្នាក់ហើយ បែរជាចាកចេញភ្លាមៗ។ 

៥. មិនដែលណែនាំអ្នកថាជាមិត្តស្រី

ប្រសិនបើមិត្តប្រុស របស់អ្នក មិនណែនាំអ្នកទៅកាន់មិត្តភក្តិ ថាអ្នកជាមិត្តស្រី របស់គេទេនោះ គេប្រហែលជាទុកអ្នក សម្រាប់លេងសើចហើយ។ ជាពិសេស នៅចំពោះមុខ មនុស្សស្រីផ្សេងៗ តែម្តង ពីព្រោះ ប្រសិនបើមិត្តប្រុស ដែលអ្នកកំពុងសេពគប់រាល់ថ្ងៃនេះ ពិតជាស្រលាញ់អ្នកមែននោះ គេប្រាកដជា ណែនាំអ្នកទៅមនុស្សដែលគេស្គាល់ដែរហើយ ពីព្រោះអ្នកណាៗក៏ចង់បង្ហាញប្រាប់ពិភពលោក នូវមនុស្សពិសេស របស់ខ្លួនដែរ។

៦. ចូលចិត្តប៉ះដៃប៉ះជើង

ធម្មតាទេ ប្រសិនបើមនុស្សប្រុស មិនចេះញិកញ៉ក់ មិនចេះលេងសើច ស្លូតពេក អៀនពេក នោះក៏មិនកើតដែរ។ ប៉ុន្តែ ប្រសិនបើ មិត្តប្រុស របស់អ្នកតែងតែចូលចិត្តមក ប៉ះដៃប៉ះជើងជ្រុលហួសហេតុ ដូចជា ឱបអ្នក ឬថើបអ្នក ដោយហាក់ដូចជាមិនបង្ហាញ អារម្មណ៍ស្រលាញ់ អ្វីទាល់តែសោះ ដោយគិតយ៉ាងណាចង់តែគេងចំណេញ បែបនេះប្រាកដជា គេចង់លេងសើចជាក់ជាពុំខាន ពីព្រោះគេអាចគ្រាន់តែសម្លឹងឃើញ និងចង់បាន ខ្លួនប្រាណអ្នកប៉ុណ្ណោះ។

៧. ព្យាយាមលាក់បាំងរឿងរ៉ាវរបស់ខ្លួន

តើអ្នកស្គាល់មិត្តប្រុស របស់អ្នកច្រើន កម្រិតណាហើយ? អ្នកប្រហែលជាដឹងថា មិត្តប្រុស របស់អ្នកចូលចិត្តពណ៌អ្វី ចូលចិត្តម្ហូបអ្វី ប៉ុន្តែប្រសិនបើអ្នក មិនដឹងថាមិត្តប្រុសរបស់អ្នក រៀបចំខ្សែជីវិតយ៉ាងណា ឬមិនដឹងថាគេ មានគម្រោងក្នុងជីវិត យ៉ាងណាទេនោះ អ្នកប្រហែលជាកំពុងត្រូវគេលេងសើចហើយ ពីព្រោះវាមានន័យថា គេព្យាយាមលាក់បាំង មិនចង់ឲ្យអ្នកស្គាល់គេស៊ីជម្រៅពេកឡើយ។

៨. មិនដែលនិយាយរឿងអនាគតជាមួយអ្នក

តើមិត្តប្រុស របស់អ្នកធ្លាប់និយាយ អំពីគម្រោងថ្ងៃអនាគត ឬអ្វីដែកគេចង់ធ្វើ ប្រាប់អ្នកដែរទេ? ញឹកញាប់ប៉ុណ្ណាដែរ? ប្រសិនបើមិនដែលនិយាយ ឬគេចវេសមិនចង់និយាយទេនោះ វាជាសញ្ញាដែលបង្ហាញថា គេប្រហែលជាកំពុងតែលេងសើច ជាមួយអ្នកហើយ។ នេះក៏ដោយសារតែ វាមានន័យថា មិត្តប្រុសអ្នក មិនគិតថាអ្នកជាចំណែកអនាគត របស់គេនោះទេ ទើបបានជាគេចៀសវាងមិនចង់និយាយរឿងទាំងនេះ។ 

*** បុរសព្រាននារីបែបនេះ គឺជាបុរស ដែលគ្មាននារីណាប្រាថ្នាចង់បានទេ។ ពួកគេធ្វើយ៉ាងណា ព្យាយាមឆក់យកបេះដូងរបស់អ្នក រួចក៏ទាត់អ្នកចោលនៅថ្ងៃណាមួយ។ ហេតុនេះ យើងសង្ឃឹមថា សញ្ញាណទាំង ៨ ចំណុចនេះអាចជួយឲ្យអ្នករំដោះខ្លួន ចេញពីប្រុសព្រាន បានទាន់ពេលវេលា និងមិនខកខ្លួនខ្លាំង៕

ប្រភព៖ herinterest | YouQueen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]