(ភ្នំពេញ)៖ ជនបង្ក​ ដែលបើករថយន្តបុក​ លោក​ ​ស្រូយ​ នីកា អ្នកកាសែតរស្មីកម្ពុជា និងជាបុគ្គលិកទូរទស្សន៍ CNC​ បណ្តាលឱ្យស្លាប់​នោះ ត្រូវបានសមត្ថកិច្ច ​បញ្ជូន​មក​តុលាការ​ រាជធានីភ្នំពេញហើយ នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ២០១៧នេះ។​  ជនបង្ក​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់ លោក​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

សូមបញ្ជាក់ថា លោក ស្រូយ នីកា វ័យជាង៣០ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុត នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយរថយន្តបាញ់ស៊ីម៉ង់ត៍កិនបែកក្បាល។

លោក ស្រូយ នីកា ដែលបានចូលប្រឡូកលើវិស័យព័ត៌មានយូរឆ្នាំរូបនេះ បានជិះម៉ូតូចេញពីហូបការនៅកោះពេជ្រ បំណងទៅផ្ទះនៅតាមផ្លូវវេងស្រេង ស្រាប់តែពេលមកដល់ ចំណុចកើតហេតុ ក៏ជួប​គ្រោះថ្នាក់ចរាចរណ៍តែម្តង ដោយបុកជាមួយរថយន្តបាញ់ស៊ីម៉ង់ត៍ រហូតកិនបែកក្បាលគួរឲ្យ អាណិតយ៉ាងខ្លាំង។

បន្ទាប់ពីទទួលបានព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍ ដ៏មិននឹកស្មានដល់ និងដ៏រន្ធត់នេះ ក្រុមអ្នកកាសែតរួមអាជីព បានចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំ និងសូមបួងសួងវិញ្ញាណក្ខន្ធលោក ស្រូយ នីកា ទៅកាន់សុគតិភព៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ នារីបំរើខារ៉ាអូខេ២នាក់ វាយតប់គ្នា ដោយសារតែនិយាយឌឺដងរឿងធ្វើការ, ម្នាក់ចូលប៉ុស្តិ៍ ម្នាក់ទៀតដាច់ស្លឹកត្រចៀកម្ខាង

(ភ្នំពេញ)៖ នារីបំរើខារ៉ាអូខេ២នាក់ ទាស់ពាក្យសំដីគ្នាបង្កចេញជាជម្លោះវាយតប់ និងខាំដាច់ស្លឹកត្រចៀកម្ខាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលកំពុងសប្បាយ រត់ជាន់ជើងគ្នាព្រោងព្រាត កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅហាខារ៉ាអូខេភេសជ្ជៈតន្ត្រី KTV តាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

គូរជម្លោះដែលបានដាច់ស្លឹកត្រចៀកម្ខាងឈ្មោះ ម៉ុន ចាន់ឌឿន អាយុ៣០ឆ្នាំ មុខរបរអ្នកចំរៀងស្នាក់នៅ ផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីម្ខាងទៀតឈ្មោះ ស្រី ពេជ្រ អាយុប្រហែល២៩ឆ្នាំ ស្នាក់នៅ បន្ទប់ជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នៅមុនពេលកើតហេតុភាគីទាំងសងខាង បាននិយាយឌឺដងគ្នារឿងធ្វើការជារៀងរាល់ថ្ងៃ រហូតឈានទៅដល់ប្រើហិង្សាដាក់គ្នាទៅវិញទៅមក ធ្វើឲ្យភាគីម្ខាងរងរបួសផ្នែកត្រចៀកម្ខាង បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលកំពុងអង្គុយផឹកស៊ីនាំគ្នាចោមរោមមើល និងបុគ្គលិកនាំគ្នាជួយចាប់បំបែក។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងឃាត់ភាគីម្ខាងមកសួនាំនៅប៉ុស្តិ៍ ខណៈភាគីម្ខាងទៀតចូលពេទ្យ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]