ខេត្តសៀមរាប ៖ យុវជន៣នាក់ បានជិះម៉ូតូបុករថយន្ត ដឹកស៊ីម៉ង់ត៍ពីក្រោយខ្ទាតចូលទៅក្រោមកង់ កិនអូសប្រហែលជាង២០០ម៉ែត្រ បណ្តាលឱ្យស្លាប់ម្នាក់ដោយដាច់ខ្លួនជា២កំណាត់ ដែលជាអ្នកជិះពីក្រោយគេបង្អស់ ចំណែក២នាក់ទៀតបានខ្ទាតចេញពីកង់រថយន្តរងរបួសធ្ងន់ និងស្រាល ។
គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកុម្ភៈ នៅផ្លូវបំបែក(ផ្លូវក្រវាត់ក្រុង) ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍និយាយថា ម៉ូតូបានទៅបុករថយន្តដឹកស៊ីម៉ង់ត៍ពីក្រោយទាំងកំរោល ដែលសង្ស័យពួកគាត់ទាំង៣នាក់ទើបចេញពីផឹកស៊ីនៅកន្លែងណាមួយ ។
ករណីគ្រោះថ្នាក់នេះ ប្រហែលជាអាចអ្នកបើកបររថយន្តមិនបានដឹងទេថាមានអ្នកម៉ូតូជិះមកបុករថយន្តរបស់ខ្លួនពីក្រោយេ ។ ចំណែកឯអ្នកជិះម៉ូតូទាំង៣នាក់ ក៏អាចស្រវឹងផងដែរ ទើបជិះម៉ូតូទៅបុកទទឹងខ្លួនរថយន្តដឹកស៊ីម៉ង់ត៍បែបនេះ ។ មន្ត្រីនគរបាលចរាចរណ៍ខេត្តប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់មាន ១-ឈ្មោះ ឡាំ ចំរ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកបើកម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១IN ៤៨០១ របួសស្រាល ២-ឈ្មោះ ឡាំ ទុយ ភេទប្រុស អាយុ៣០ឆ្នាំ អង្គុយកណ្តាល របួសធ្ងន់ និង ៣-ឈ្មោះ ឡាំ លី ភេទប្រុស អាយុ២៨ឆ្នាំ អង្គុយក្រោយ ស្លាប់ដាច់ខ្លួនជាពីរ។ អ្នកទាំង៣នាក់ជាបងប្អូននឹងគ្នា មានទីលំនៅ ភូមិមមាញ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ។
ប្រភពព័ត៌មានបញ្ជាក់ថា ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានចុះទៅដល់ព្រមទាំងឃាត់ខ្លួនអ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៍ ឈ្មោះ ឡុង សីឡា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។ រថយន្តនេះម៉ាកហុីណូ ពណ៌ខៀវ ចង្កូតស្តាំ ពាក់ផ្លាកលេខ ៣PRV ០០០៧ ៕
ប្រភព៖ កោះសន្តិភាព
ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖
បាត់អស់ប្រាក់ខែ រស់ដោយសារឡើងត្នោត
ខេត្តកំពង់ឆ្នាំង ៖ អតីតសេនាជនពិការម្នាក់និងក្រុមគ្រួសារ ដង្ហោយរកជំនួយគ្រាដែលគ្រួសារគាត់កំពុងជួបការលំបាកខ្វះខាតដល់កហើយក្នុងជីវភាពប្រចាំថ្ងៃ ។ ពិសេសទៀតនោះគាត់បានអះអាងថា គាត់បានលក់ប្រាក់ខែរបបជនពិការឱ្យគេត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ តែពេលនេះជាង១០ឆ្នាំទៅហើយ ពេលទៅសួរគេ ស្រាប់តែគេថា ឈ្មោះគាត់ត្រូវគេលុបចោលតាំងពីយូរមកហើយធ្វើឱ្យគាត់អស់ព្រលឹងរលីង ។
ដោយសារស្ថានភាពគ្រួសារកាន់តែលំបាករូបគាត់និងក្រុមគ្រួសារ សូមអំពាវនាវដល់ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយស្រាវជ្រាវឈ្មោះឱ្យគាត់ផង ថាតើពិតជាត្រូវបានគេលុបឈ្មោះមែនឬយ៉ាងណា ? ម្យ៉ាងវិញទៀត សូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់គ្រួសារគាត់ផង ព្រោះរស់សព្វថ្ងៃពឹងលើមុខរបរឡើងត្នោតធ្វើទឹកត្នោតជូរលក់ និងខែវស្សាដើរស៊ីឈ្នូលគេពិតជាលំបាកដល់កម្រិតហើយ ។
អតីតសេនាជនពិការរូបនេះឈ្មោះ ឌុំ សាំង អាយុ៦៣ឆ្នាំ ប្រពន្ធឈ្មោះ គឹម យឺន អាយុ៦២ឆ្នាំ មានកូន៧នាក់ បែកមានគ្រួសារ៣នាក់ នៅក្នុងបន្ទុក៤នាក់ និងចៅកំព្រា២នាក់ ។ គ្រួសារគាត់រស់នៅក្នុងភូមិទ្រនាមពេជ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។ គាត់គ្មានដីស្រែចម្ការធ្វើទេ សព្វថ្ងៃប្រកបរបរស៊ីឈ្នួលធ្វើស្រែឱ្យគេ ដាក់មងដាក់សន្ទូច និងឡើងត្នោតធ្វើទឹកត្នោតជូរលក់ក្នុង១រដូវបានតែ៣ខែទេ ។ ក្នុង១ថ្ងៃលក់បានពី៥ពាន់រៀល ទៅ១ម៉ឺនរៀល ចិញ្ចឹមជីវិតរស់ទាំងត្រដរ នៅចុងរដូវវស្សាអត់ការងារធ្វើដាច់បាយម្តងម្កាលផងដែរ ។
អតីតសេនាជនពិការរូបនេះបានរំឭកថា នៅក្នុងឆ្នាំ១៩៨០ គាត់ត្រូវបានអាជ្ញាធរមូលដ្ឋាន ចាត់តាំងឱ្យធ្វើជាសេនាជនឃុំគោកបន្ទាយ ហើយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨៥ គាត់បានរងរបួសត្រូវគ្រាប់បេ៤០របស់ទាហានខ្មែរក្រហម នៅសមរភូមិផ្លូវដែកក្នុងស្រុកទឹកផុស ក្នុងពេលប្រយុទ្ធការពារប្រជាពលរដ្ឋទៅកាប់ព្រៃតាមផ្លូវដែក ។ ស្ថានភាពរបួសគឺបាក់ជើងឆ្វេង តឆ្អឹងដែក ដាច់កដៃឆ្វេង ខ្វាក់ភ្នែកខាងឆ្វេង បាក់ឆ្អឹងដងកាំបិតឆ្វេងតដែក និងរបួសដោយអំបែងគ្រាប់បេ៤០សុសពេញខ្លួន ។ បច្ចុប្បន្ន ភ្នែកស្តាំបានឆ្លងរបួសពីភ្នែកខាងឆ្វេង មើលឃើញតែ៤០ភាគរយប៉ុណ្ណោះ និងមានជំងឺសរសៃប្រសាទមិនសូវចងចាំ ភ្លេចមុខភ្លេចក្រោយ ។
ក្រោយពីគាត់រងរបួសនិងពិការនៅក្នុងសមរភូមិ ត្រូវបានរដ្ឋបញ្ចូលគាត់ជាសេនាជនពិការ និងបើកប្រាក់របបជនពិការបាន១ខែជាង៨ម៉ឺនរៀល ។
នៅអំឡុងឆ្នាំ២០០២ ផ្ទះគាត់បានរលំខូចខាតហើយគាត់ធ្លាក់ខ្លួនឈឺ ក៏បានលក់ប្រាក់ខែជនពិការទៅឱ្យគ្រូបង្រៀនម្នាក់រយៈពេល៣ឆ្នាំបានប្រាក់១លានរៀល ដោះស្រាយមើលជំងឺ និងជួសជុលផ្ទះ ។ ៣ឆ្នាំក្រោយមក ពេលទៅទារឯកសារពីគ្រូបង្រៀននោះវិញ គេប្រាប់ថា ឈ្មោះគាត់ត្រូវបានរដ្ឋកាត់ចោលលែងបើកប្រាក់ជនពិការបានហើយ ។ រឿងនេះគាត់បានឡើងទៅសួរមន្ទីរសង្គមកិច្ចខេត្តចំនួន២ដង តែមិនបានលទ្ធផល គាត់ស្នើសុំស្ថាប័នពាក់ព័ន្ធជួយស្រាវជ្រាវប្រាក់របបជនពិការឱ្យគាត់ផង។ គាត់ថា បើមានទេវតានៅឋានណាក៏គាត់ទៅសុំឱ្យជួយដែរ ព្រោះពេលនេះក្រដល់កហើយ ។
លោក អ៊ូ សំអុីន មេភូមិទ្រនាមពេជ បានឱ្យដឹងថា លោក ឌុំ សាំង ពិតជាសេនាជនពិការនៅសមរភូមិផ្លូវដែកពិតមែន ហើយសព្វថ្ងៃគាត់ពិតជាមានជីវភាពខ្វះខាតនិងក្រីក្រខ្លាំងណាស់។ ទាក់ទងនឹងប្រាក់ខែជនពិការនេះ លោក ចក់ កែវចំរើន មន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា ក្នុងអំឡុងឆ្នាំ២០០៥ មានសេនាជនមួយចំនួនធំ ត្រូវបានលុបឈ្មោះចេញ ក្នុងនោះខេត្តកំពង់ឆ្នាំង សេនាជនដែលត្រូវលុបឈ្មោះចេញជាង១០០
នាក់ ហើយប្រហែលជាគាត់ (ឌុំ សាំង) ត្រូវគេលុបឈ្មោះចេញដែរហើយមើលទៅ ព្រោះឈ្មោះគាត់មិនឃើញមាននៅក្នុងបញ្ជីបើកប្រាក់ខែទេ ។
គាត់ជាអតីតយុទ្ធជនការពារផ្លូវដែកមួយរូប ធ្លាក់ខ្លួនពិការ ។ វេទនាអីចឹងៗមើលគ្នាអត់ឃើញទេ ។ បាត់អស់ប្រាក់ខែប្រាក់ឧបត្ថម្ភផ្សេងៗ ដែលសព្វថ្ងៃសម្ងំរស់ដោយឡើងដើមត្នោត អត់មានបុរសណាមើលឃើញឡើយ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]