(ភ្នំពេញ)៖ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជាហើយ ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ យន្តហោះរបស់លោកប្រធានាធិបតី បានចូលចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៨៖៣៥នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កំពុងទទួលបដិសណ្ឋាកិច្ចស្វាគមន៍ចំពោះការមកដល់របស់ប្រធានាធីបតី និងគណៈប្រតិភូឡាវ។

បន្ទាប់ពីជួបធ្វើបដិសណ្ឋារកិច្ចរួចរាល់ដោយមន្រ្តីជាន់ខ្ពស់កម្ពុជា, លោក ប៊ុនញ៉ាំង វរជិត នឹងចាកចេញពីព្រលានយន្តហោះក្រុងភ្នំពេញ ទៅកាន់សណ្ឋាគារសូហ្វីតែល នៅម៉ោង៩៖១៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នាថ្ងៃដំបូងនេះ លោកប្រធានាធិបតីឡាវ នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង នៅម៉ោង១០៖៣០នាទីព្រឹក។ បន្ទាប់មកលោកនឹងទៅកាន់វិមានឯករាជ្យ ដើម្បីបំពាក់កម្រងផ្កា និង ទៅកាន់ស្តូបព្រះបរមរតនកោដ្ឋ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធផងដែរ។

ភារកិច្ចបន្ទាប់ គឺលោកប្រធានាធិបតីឡាវ នឹងជួបពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា នៅម៉ោង២៖២០នាទីរសៀល, ជួបសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភាម៉ោង២៖៥៥នាទីរសៀល និងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាម៉ោង៣៖៣០នាទីរសៀល៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ កូនទមិឡ! មុខសញ្ញាអារ-ក និងកាត់លិង្គឪពុកចិញ្ចឹមបោះចោល ​នៅស្រុកបាកាន កាលពីឆ្នាំ២០១៥នោះ ឥឡូវនេះសមត្ថកិច្ច​ចាប់បានហើយ

(ពោធិ៍សាត់)៖ មុខសញ្ញាអារ-ក​ និងកាប់ចិញ្ច្រាំលើរាងកាយជាច្រើនកន្លែង រួចកាត់លិង្គឪពុកចិញ្ចឹមបោះចោល កាលពីយប់ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០១៥កន្លងទៅ នៅក្នុងភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្ដពោធិ៍សាត់ រួចវេចបង្វិច​គេចខ្លួននោះ ឥឡូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៧។

សេចក្ដី​រាយការណ៍​ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហាក់ ហ៊ន អាយុ៧៤ឆ្នាំ ជាឪពុកចិញ្ចឹម រីឯជនដៃ​ដល់មានឈ្មោះ ត្រឹង បូរី អាយុ២៨ឆ្នាំ ជាកូនចិញ្ចឹម រស់នៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះ មានស្រុកកំណើត​នៅខេត្ដព្រះវិហារ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះត្រូវបានជនដៃដល់ប្រើកាំបិតអារ-ក ដាច់បំពង់ខ្យល់ កាប់ទៅលើដើមទ្រូងរយះ២កន្លែង ចាក់ពោះធ្លាយចេញពោះរៀន និងកាត់លិង្គបោះចោល រួចជនដៃដល់បានវេចបង្វិចគេចខ្លួនបាត់រយៈពេល២ឆ្នាំ ទើបតែថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ​សមត្ថកិច្ចស្រុកបាកានឃាត់ខ្លួនបាន។

សេចក្តីរាយការណ៍បន្តថា មូលហេតុដែលធ្វើឲ្យជនដៃដល់ហ៊ានប្រព្រឹត្តអំពើមនុស្សឃាតដូច្នេះ ពីព្រោះជនដៃដល់តែង​តែផឹកស៊ីស្រវឹង ហើយជានិច្ចជាកាល។​

បច្ចុប្បន្ន សមត្ថកិច្ច បាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនជនដៃដល់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]