អ្នកប្រាកដជាធ្លាប់ ទទួលទានកាហ្វេ ឬអាហារណាមួយ ដែលក្តៅហួសពីការស្មាន រហូតបណ្តាលឲ្យមាត់ និងអណ្តាតរបស់អ្នករលាក។ ជួនកាល វាអាចបណ្តាលឲ្យឡើងពកៗ លើអណ្តាត បណ្តោះអាសន្នថែមទៀតផង។

អាការៈរលាកអណ្តាតនេះ មិនកើតឡើងរហូតនោះទេ ប៉ុន្តែប្រសិនបើអ្នកចង់បំបាត់ការឈឺចាប់ និងពន្លឿនឲ្យឆាប់ជាសះស្បើយ អ្នកអាចអនុវត្តវិធីមួយចំនួន ដូចខាងក្រោមនេះ ៖

១. ទឹកត្រជាក់

ប្រសិនបើមិនជារលាកធ្ងន់ធ្ងរទេនោះ ទឹកត្រជាក់ ឬទឹកកក អាចជួយសម្រាលការរលាក បានយ៉ាងឆាប់រហ័ស។ អ្នកគ្រាន់តែទទួលទានទឹកត្រជាក់មួយកែវ ដើម្បីបញ្ចុះសីតុណ្ហភាពរលាក លើផ្ទៃអណ្តាត និងធ្វើឲ្យមាត់មានជាតិទឹកគ្រប់គ្រាន់ (ដើម្បីមានលំហូរទឹកមាត់គ្រប់គ្រាន់ ការពារបាក់តេរី កុំឲ្យជ្រៀតចូល បរិវេណរលាកបន្ថែមទៀត)។ ជាពិសេស តមអាហារ និងភេសជ្ជៈក្តៅសិន រហូតទាល់តែជាសះស្បើយ។

២. ទទួលទានអាហារទន់ និងត្រជាក់

អ្នកគួរស្វែងរកអាហារបែប ទន់ និងត្រជាក់ មកទទួលទានលេងៗ បន្ថែមក៏បាន។ អាហារដែលងាយនឹងបរិភោគ រួមមានដូចជា ដំណាប់ផ្លែឈើ ឬយ៉ាអួ ពីព្រោះអាហារទាំងនេះ អាចជួយបន្ធូរបន្ថយ បរិវេណរលាកលើអណ្តាតបាន។ ជាពិសេស នៅពេលទទួលទានរួច កុំភ្លេចទទួលទានទឹកថែមមួយកែវផង ពីព្រោះ កាកសំណល់ជាប់នឹងអណ្តាត អាចធ្វើឲ្យរលាកកាន់តែខ្លាំង។

៣. ដកដង្ហើមតាមមាត់

ក្នុងករណីរលាក និងឈឹខ្លាំង អ្នកគួរលាអណ្តាតចេញមកក្រៅ រួចធ្វើការដកដង្ហើមតាមមាត់វិញ ទើបជាការប្រសើរ។ នៅខណៈពេលដែលអ្នកដក ដង្ហើមតាមមាត់ ខ្យល់ត្រជាក់ នឹងមានលំហូរចូលមកក្នុងមាត់ ប៉ះនឹងផ្ទៃអណ្តាត ដែលអាចជួយសម្រាល ការឈឺចាប់របស់អ្នកបាន។ អ្នកអាចបន្ត ដកដង្ហើមតាមមាត់មួយសន្ទុះ រហូតមានអារម្មណ៍ថា ធូរស្រាល សឹម

៤. ទឹកអំបិល

U.S. National Library of Medicine បានណែនាំឲ្យ ខ្ពុរមាត់នឹងទឹកអំបិលបន្ថែម នៅពេលដែលអណ្តាតដែលរលាក លែងសូវឈឺចាប់។ អ្នកគ្រាន់តែលាយអំបិល ១ ភាគ ៨ នៃស្លាបព្រាបាយ ជាមួយនឹងទឹកក្តៅឧណ្ណៗ ប្រមាណជា ២៤០ មីលីលីត្រ រួចយកវាមកខ្ពុរ ក្នុងមាត់មួយសន្ទុះ សឹមខ្ជាក់ចេញ។ នេះក៏ដោយសារតែ អំបិលគឺជាថ្នាំសម្លាប់មេរោគបែបធម្មជាតិ ដែលអាចបន្ធូរបន្ថយការឈឺចាប់ ហើម និងរលាកបាន។ 

៥. ស្ករ

មនុស្សមួយចំនួន ប្រហែលជាដឹងហើយថា ស្ករ ក៏អាចជួយបំបាត់ការឈឺចាប់បានដែរ។ អ្នកគ្រាន់តែរោយស្ករ លើបរិវេណអណ្តាត ដែលរលាក រួចទុកវាឲ្យរលាយជាការស្រេច។ ប៉ុន្តែអ្វីដែលអ្នកគួរចងចាំគឺ ត្រូវកំណត់បរិមាណស្ករ ឲ្យបានត្រឹមត្រូវ ពីព្រោះបើអ្នកប្រើប្រាស់បរិមាណច្រើនពេក វាអាចធ្វើឲ្យប៉ះពាល់ដល់ធ្មេញរបស់អ្នក ជាមិនខាន។

៦. ទឹកឃ្មុំ

ទឹកឃ្មុំ ក៏ជាឱសថធម្មជាតិ ដែលអាចជួយការពារបាក់តេរី រួមទាំងបំបាត់អាការៈរលាក ហើម និងឈឹចាប់ បានយ៉ាងមានប្រសិទ្ធភាព ជាពិសេស គឺវាមានសមត្ថភាពព្យាបាលរបួស បានយ៉ាងឆាប់រហ័ស។ អ្នកគ្រាន់តែ លាបទឹកឃ្មុំ នៅត្រង់បរិវេណ អណ្តាតដែលរលាក រួចទុកចោលឲ្យកាន់តែយូរ គឺកាន់តែល្អ។ ក្នុងមួយថ្ងៃអ្នកអាចអនុវត្ត ២ ទៅ ៣ ដងក៏បាន។

៧. វីតាមីន E

បើនិយាយពីបញ្ហារលាក វីតាមីន E ក៏អាចជួយបានដែរ។ ធម្មជាតិរបស់វីតាមីន E គឺជួយ សម្រួលការឈឺចាប់ ជាពិសេស វាជួយពន្លឿនឲ្យឆាប់ជាសះស្បើយ ដោយធ្វើឲ្យជាលិកាអណ្តាត លូតលាស់ឡើងវិញ។ អ្នកគ្រាន់តែយកថ្នាំគ្រាប់វីតាមីន E មកកាត់ជាពីរ រួចយកទឹករបស់វាទៅលាប ឬបន្តក់ លើបរិវេណរលាក លើផ្ទៃអណ្តាតរបស់អ្នក។ អ្នកអាចអនុវត្ត ២ ឬ “៣ ដង ក្នុងមួយថ្ងៃ ដើម្បីទតួលបានប្រសិទ្ធភាពជាទីគាប់ចិត្ត។

៨. ថ្នាំដុសធ្មេញរសជាតិជីអង្កាម

ជីអង្កាម ក៏ជាឱសថធម្មជាតិ ដ៏ល្អមួយដែរ សម្រាប់យកមកដោះស្រាយបញ្ហារលាកអណ្តាត។ នេះក៏ដោយសារតែវាមានផ្ទុកទៅដោយ សារធាតុម៉ង់តុល ដែលអាចជូយឲ្យសរសៃប្រសាទប្រែជាត្រជាក់ ស្ពឹក និងបន្ធូរបន្ថយការរលាក ជាពិសេស វាមានសមត្ថភាពការពារបាក់តេរីទៀតផង។ អ្នកគ្រាន់តែយកថ្នាំដុសធ្មេញណាមួយ ដែលមានរសជាតិជីអង្កាម មកលាបលើបរិវេណរលាក របស់អណ្តាត រួចលាអណ្តាតរបស់អ្នកចេញក្រៅ រហូតស្ងួតជាតិថ្នាំ សឹមខ្ពុរមាត់លាងជាមួយទឹកត្រជាក់ ជាការស្រេច។ ជាងនេះទៅទៀត អ្នកអាចទំពារស្ករកៅស៊ូហិរៗ តាមការចូលចិត្តបន្ថែមក៏បាន។ 

*** បញ្ហារលាកអណ្តាត អាចធ្វើឲ្យជាលិកាអណ្តាត មានការឈឺចាប់ និងពិបាកទទួលទានអាហារ។ ហេតុនេះ ដើម្បីការពារកុំឲ្យរលាក កាន់តែខ្លាំង និងឆាប់ជាសះស្បើយ អ្នកគួរចងចាំគន្លឹះមួយចំនួនបន្ថែមទៀត ដូចខាងក្រោមនេះ ៖

• ចៀសវាងការញ៉ាំអាហារ ដែលមានជាតិអាស៊ីត ដូចជា ប៉េងប៉ោះ និងផ្លែក្រូច

• ចៀសវាងអាហារ និងភេសជ្ជៈក្តៅ

• ចៀសវាងអាហារ ដែលអាចបណ្តាលឲ្យមុតអណ្តាតរបស់អ្នក ដូចជា នំបន្ទះដំឡូង (chips) ឬគ្រាប់ធញ្ញជាតិ

• ចៀសវាងអាហារ ដែលមានរសជាតិហិរខ្លាំង ពីព្រោះវានឹងបណ្តាលឲ្យរីករាលដាលបរិវេណរលាក៕ 

ប្រភព៖ Colgate | Top 10 Home Remedies

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]