(ថៃ)៖ ព្រះសង្ឃខ្មែរដែលមាន​ព្រះជន្មចាប់​ពី២១ ដល់២៧វស្សា បច្ចុប្បន្នកំពុងគង់នៅក្នុងទីអារាម ប្រទេសថៃ បានជួបគ្រោះ​ថ្នាក់ចរាចរណ៍ បណ្តាលឲ្យព្រះសង្ឃ​ខ្លះបែកព្រះកេស និងខ្លះទៀតបាក់ដៃ នៅពេលដែល តុតុ​ ដែលព្រះអង្គកំពុងជិះនោះ បានជ្រុលទៅបុកជញ្ជាំងបេតុងពេញមួយទំហឹង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខេត្តនគររាជសីមា ប្រទេសថៃ។ តាមសមត្ថ​កិច្ច​ខ្មែរនៅតាមព្រំដែន បានទទួលព័ត៌មានពីតម្រួតថៃ បានឲ្យដឹងថា មុនពេលកើតហេតុ ព្រះសង្ឃទាំង៥អង្គ បាននិមន្តតាម​ម៉ូតូកង់៣ (តុតុ) ក្នុងទិសដៅទៅកាន់មហាវិទ្យាល័យ មហាចុឡាឡុងកន ដែលស្ថិតនៅចំងាយពីទីតាំងកើតហេតុ ប្រមាណ​៦គីឡូម៉ែត្រ។ លុះនៅពេលដែលម៉ូតូកង់៣ កំពុងតែបើកសុខៗ ដល់ត្រង់ចំណុចកើតហេតុ ដែលផ្លូវមានលក្ខណៈជាអក្សរតេ ស្រាប់តែម៉ូតូនោះទំនងជាមានបញ្ហា ធ្វើឲ្យម៉ូតូមិនអាចកាច់ចង្កូតបាន ក៏ត្រូវទៅមុខត្រង់ ដោយបានបុក​ទៅលើជញ្ជាំង​បេតុង​យ៉ាងពេញទំហឹង ព្រមទាំងបានរួញក្បាលម៉ូតូទាំងស្រុងផងដែរ។

ដោយឡែក អ្នកបើកបរ និងព្រះសង្ឃដែលកំពុងគង់នៅលើម៉ូតូនោះ បានហោះផ្លោងបោកព្រះកេស ទៅនឹងថ្នល់ផង និងទៅ​លើ​ជញ្ជាំងបេតុងនោះផង បណ្តាលឲ្យរងរបួសពេញផ្លូវ។ ភ្លាមៗក្រោយពេលកើតហេតុ ខណៈដែលក្រុម​តម្រួតថៃបានចុះ​មកត្រួតពិនិត្យ គេសង្គេតឃើញថា ក្នុងចំណោមព្រះសង្ឃទាំងអស់ មានព្រះសង្ឃចំនួន២ព្រះអង្គ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយបែកព្រះកេស រីឯ១អង្គទៀត បានរងរបួសរហូតបាក់ដៃស្តាំម្ខាង។ ដោយឡែក អ្នកបើកបរម៉ូតូកង់៣ ក៏បានរងរបួសយ៉ាង​ដំណំដែរដោយគេបានសារភាពថា មិនដឹងយ៉ាងម៉េច បានជាម៉ូតូនេះលែងស្តាប់ ការបញ្ជារបស់គាត់ ទើបបណ្តាលឲ្យមាន​រឿងរ៉ាវបែបនេះ។

បច្ចុប្បន្នទាំងអ្នកបើកបរ ក៏ដូចជា ព្រះសង្ឃខ្មែរទាំងអស់ បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យអស់ហើយ ដោយសមត្ថកិច្ថ​កំពុងសិក្សាទៅលើម៉ូតូកង់៣នេះថា តើបណ្តាលមកពីមូលហេតុអ្វី៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ របួសធ្ងន់៩នាក់ និងស្រាល៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តបែនដឹកដី បុករថយន្តសាំយ៉ុងពេញមួយទំហឹង នៅក្រុងតាខ្មៅ

(កណ្ដាល)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រវាងរថយន្ដបែនដឹកដី និងរថយន្ដសាំងយ៉ុង បណ្ដាលឲ្យរបួសធ្ងន់ ៩នាក់ មានស្រី ៦នាក់ និងរបួសស្រាល ៨នាក់។

ភ្នាក់ងារ Fresh News បានរាយការណ៍មកថា ករណីនេះកើតឡើងនៅផ្លូវ១០៥ មុខអនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដែលបង្កដោយរថយន្តបង្កម៉ាក ហ្វុយសូ ពណ៌​ក្រហមលាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ 3C-​2102 បើកបរពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុក​រថយន្តម៉ាកសាំងយ៉ុង ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ ​2AL-5485 បណ្ដាលឲ្យរងគ្រោះជាច្រើននាក់ គៀបជាប់នៅក្នុងរថយន្ដ។

ស្នងការនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងជាជំហានដំបូងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យរងរបួសធ្ងន់៩នាក់ មានស្រី៦នាក់ និងរបួសស្រាល ៨នាក់។ បើតាមលោកស្នងការគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តបែនដឹកដី បានជ្រុលទៅខាងឆ្វេងដៃរបស់ខ្លួន ហើយបុករថយន្តសាំយ៉ុង១២កៅអីតែម្តង។ តែក្រោយកើតហេតុ អ្នកបើករថយន្តបែនដឹកដី ត្រូវបានកម្លាំងនគរបាលរបស់លោក ចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខណ:អ្នករងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យ។

បើតាមសេចក្តីរាយការណ៍ ជនរងគ្រោះទាំងអស់ភាគច្រើនជាមនុស្សចាស់ បានមកពីបុណ្យនៅខេត្តព្រៃវែង ហើយពួកគាត់រស់នៅចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]