ឥណ្ឌា៖ ស្រ្តីជាម្តាយជនជាតិឥណ្ឌាម្នាក់ ទីបំផុតអាចថើបស្វាមីជាទីស្រលាញ់របស់ខ្លួនបានជាលើកដំបូង បន្ទាប់ពីទទួលបានការវះកាត់ យកដុំសាច់ពកចេញ ដែលដុះលើខ្ទង់ច្រមុះរបស់គាត់បានដោយជោគជ័យ។

អ្នកស្រី Noorkhi Bai មានអាយុ៣២ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងតំបន់ដាច់ស្រយ៉ាល Badwani នៃប្រទេសឥណ្ឌា បានទទួលរងការនូវជំងឺម្យ៉ាង ដែលវិវឌ្ឍន៍ទៅជាសាច់ដុះដ៏ធំមួយ នៅលើខ្ទង់ច្រមុះរបស់គាត់ អស់រយៈ៣ឆ្នាំកន្លងមកហើយ ដែលមានប្រវែងជាង៧សង់ទីម៉ែត្រ ហើយវាថែមទាំងបានដុះរីករាលដាលយ៉ាងលឿន ស្ទើតែទៅចាក់លើផ្ទៃមុខរបស់គាត់ទៀតផង។

ដោយសារតែ រូបរាងដ៏អាក្រក់នេះហើយ ទើបធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍ ក្នុងគ្រួសាររបស់អ្នកស្រី Noorkhi ចាប់ផ្តើមមានភាពរង្គោះរង្គើ ហើយថែមទាំងធ្វើឲ្យគាត់ ក្លាយទៅជាមនុស្សម្នាក់ ដែលឃ្លាតឆ្ងាយពីសង្គម និងត្រូវបានគេរើសអើងនៅក្នុងភូមិថែមទៀតផង។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងដែរថា គ្រួសាររបស់អ្នកស្រី Noorkhi ពុំមានប្រាក់សម្រាប់ចំណាយលើថ្លៃព្យាបាលវះកាត់ ទើបធ្វើឲ្យគាត់ត្រូវបង្ខំចិត្ត រស់នៅទាំងសភាពបែបនេះដោយក្តីអាម៉ាស មើលថែទាំកូនៗតូចៗចំនួន២នាក់ ក្នុងគ្រួសារផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងក្តី វាជារឿងដ៏រីករាយមួយ ខណៈកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកស្រី Noorkhi ត្រូវបានទទួលបានការវះកាត់ ដោយឥតគិតថ្លៃ ពីសំណាក់មន្ទីរពេទ្យរដ្ឋមួយ ក្នុងទីក្រុង Indore ផងដែរ។

អ្នកស្រី Noorkhi បាននិយាយប្រាប់សារព័ត៌ឲ្យដឹងថា «សម្រាប់ពួកយើង អ្វីដែលសំខាន់ចាំបាច់ ដែលជាបញ្ហាប្រឈមចម្បងនោះគឺ ធ្វើយ៉ាងណាដើម្បីធានាឲ្យបានថា អាចផ្តល់អាហារឲ្យបានគ្រប់គ្រាន់ ២ដងក្នុងមួយថ្ងៃ សម្រាប់កូនរបស់ពួកយើង និងខ្លួនពួកយើងផ្ទាល់ដើម្បីទទួលទាន។ ហើយនេះក៏ជាមូលហេតុមួយ ដែលធ្វើឲ្យខ្ញុំសុខចិត្តរស់នៅ ទាំងក្តីអាម៉ាសបែបនេះ ក្នុងចំណោមមនុស្សជាច្រើន ដោយសារតែគ្មានប្រាក់ដើម្បីវះកាត់ផងដែរ»

អ្នកស្រីបន្តថា «ខ្ញុំត្រូវបានគេចាត់ទុកថាដូចមនុស្សក្រៅសង្គមម្នាក់។ សូម្បីតែប្តីរបស់ខ្ញុំផ្ទាល់ ក៏គាត់មិនចង់និយាយរកខ្ញុំដែរ។ ប៉ុន្តែឥលូវនេះ ដុំសាច់មួយនេះលែងមានទៀតហើយ ប្តីរបស់ខ្ញុំគាត់ក៏ចាប់ផ្តើមស្រលាញ់ខ្ញុំវិញ ហើយថែមទាំងយកចិត្តទុកដាក់ ព្រួយបារម្ភលើរូបខ្ញុំច្រើនជាងពីមុនផងដែរ»

គួរឲ្យដឹងដែរថា អ្នកស្រី Noorkhi Bai បានទៅសម្រាកព្យាបាលវះកាត់ នៅមន្ទីរពេទ្យ Maharaja Yashwantrao ក្នុងទីក្រុង Indore កាលពីកំឡុងខែមករា កន្លងទៅ។ ដោយខាងគ្រូពេទ្យរកឃើញថា ដុំសាច់នោះបានបំផ្លាញនូវជាលិកាទន់ នៅផ្នែកខាងក្រោមច្រមុះរបស់គាត់។ យោងតាមវេជ្ជបណ្ឌិតវះកាត់ លោក Manish Kaushal បានឲ្យដឹងថា បានចំណាយពេលក្នុងប្រតិបត្តិវះកាត់ ត្រឹមតែ៩០នាទីតែប៉ុណ្ណោះ ដោយដុំសាច់នោះមានប្រវែង៧.៥សង់ទីម៉ែត្រ។

អ្នកស្រី Noorkhi ត្រូវបានខាងគ្រូពេទ្យអនុញ្ញាត ឲ្យត្រលប់ទៅផ្ទះវិញក្រោយពីសម្រាកព្យាបាលអស់ពេលជាងមួយសប្តាហ៍ បន្ទាប់ពីវះកាត់រួច។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះ វាបានបន្សល់នូវស្លាកស្នាមតូចៗ នៅលើមុខរបស់អ្នកស្រី Noorkhi  ។ ប៉ុន្តែអ្នកស្រី Noorkhi បាននិយាយថា គាត់មិនមានពេលវេលា ដែលត្រូវមកគិតគូរលើរឿងអ៊ីចឹងទេ ព្រោះថាគាត់ត្រូវបានការងារផ្ទះជាច្រើនទៀត ដើម្បីរកស៊ីចិញ្ចឹមជីវិតក្នុងគ្រួសារ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ? 

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]