ភ្នំពេញ៖ ចំណង​ស្នេហ៍​តារាសម្តែង កញ្ញា លី ច័ន្ទសីហា និង​និស្សិត​យោធា​ ច័ន្ទ ថៃសេង​ បានឈានដល់ការភ្ជាប់​ពាក្យ​ ​អស់មួយឆ្នាំហើយ ដោយពួកគេគ្រោងរៀបចំ ថ្ងៃសំពះផ្ទឹមរៀបការ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅថ្ងៃទី៥ ខែ​ឧសភា ​ឆ្នាំ​២០១៧ខាងមុខនេះ ទោះយ៉ាងនេះក្តីក៏ពួកគេ ប្រឹងពង្រឹង និងពង្រីមុខជំនួញថ្មី ដើម្បី​ត្រៀមជីវិតគ្រួសារថ្មី។

កញ្ញា ​លី ច័ន្ទសីហា​ ជាថៅ​កែសម្អាង​ការវ័យ​ក្មេង​ បានឲ្យដឹងថា នាងទើបនឹងបើកដំណើរការ ការងារហាងលក់កាបូប ស្បែកជើង និងគ្រឿងសម្អាងថ្មីមួយ នៅផ្លូវ៣១០ ខាងជើងសារមន្ទីរជាតិទួលស្លែង។ ហាងនេះបើកដំណើរការ មិនមែនជាផ្ទះផ្ទាល់ខ្លួនទេ គឺជាផ្ទះជួលដែលនាងចាយទុន ក្នុងការរៀបចំតុបតែង និងទិញទំនិញ អស់ប្រមាណជាង ១ម៉ឺនដុល្លារអាមេរិក។

តារាសម្តែងសម្បូរទឹកភ្នែករូបនេះ បានបញ្ជាក់ថា ហាងនេះក៏ជាទីតាំងសំខាន់ ​សម្រាប់​ទទួលភ្ញៀវសម្អាងការនាង ផងដែរ។ នាងបញ្ជាក់ដែរថា ​​វាគឺជាមុខរបរ ដែលនាងស្រលាញ់យូហើយ​ដែរ ប៉ុន្តែ​កន្លងមកមិនមានឱកាសគ្រប់គ្រាន់ ក្នុងការបើក ហើយការបើក ​ដំណើរការថ្មីៗនេះ ក៏មិនមានពិធីធំដុំ​អីដែរ ព្រោះ​តែនាងទើបនឹងរៀបចំពិធីឡើងផ្ទះថ្មី និងកម្មវិធីមួយចំនួន បន្តបន្ទាប់ខ្លាចរំខានចិត្តមិត្តសិល្បៈ។

តួឯកស្រី​រឿងមរណៈមាតា លី ច័ន្ទសីហា បន្តដែរថា អនាគតស្វាមីនាង គឺពេញចិត្តខ្លាំង ចំពោះរាល់ការងាររកស៊ី ហើយក៏មាន​គម្រោង ពង្រីកមុខរបរថ្មីផងដែរ។ នាងនិងគូដណ្តឹង ចង់បើកដំណើរការភោជនីយដ្ឋាន ថ្មី​មួយទៀត ​នៅតំបន់សួនទឹកស៊ីដនី នៅតំបន់ព្រែកឯង ដែលជាសួនទឹក ​របស់អនាគតស្វាមីនាង។ ទោះបីជាមានការពង្រីកការងាររកស៊ី កាន់តែច្រើនក្តី ក៏នាងនៅតែមិនមានគម្រោង បញ្ចប់ការងារ​សម្តែង​ដែរ ​គឺនៅតែសម្តែងដដែលមិនបោះបង់ទេ​ ព្រោះនាងស្រលាញ់ពេញចិត្ត នឹងអាជីពនេះ ហើយអនាគត​ស្វាមីនាង​ ក៏មិនបានហាមឃាត់ដែរ។ អ្វីដែលនាងចង់បាន គឺក្រុមគ្រួសារ ដែលមានភាពកក់ក្តៅមួយ ពិសេសយើងចង់មាន​មុខរបរខ្លះ ដែលអាចជួយទ្រទ្រង់ជីវភាព ឲ្យបានសមរម្យ ។

សូមជម្រាបថា តារា​សម្ដែង​ លី​ ច័ន្ទ​សីហា បាន​ភ្ជាប់​ពាក្យ​​ផ្លូវ​ការ​​ ជាមួយ​គូ​ដណ្ដឹង ច័ន្ទ ថៃសេង​ កាល​ពី​ថ្ងៃ​ទី ៥​កុម្ភៈ ២០១៦ ក្នុង​នោះ ​ក៏មានរឿង​រ៉ាវ​ប៉ះ​ទង្គិច​ជាច្រើន ប៉ុន្តែចំណង​ស្នេហ៍អ្នកទាំង​ពីរ​នាក់ នៅ​តែ​បន្ត​ទៅ​មុខ ​មិន​ដែល​មាន​ចិត្ត​ ចង់​បោះ​បង់​ចោល​គ្នា​ឡើយ៕

ប្រភព៖ LookingToday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]