ម៉ាឡេស៊ី៖ ជនសង្ស័យសម្លាប់បងប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានប៉ូលិសម៉ាឡេស៊ីឃាត់ខ្លួនបានថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧  មានឈ្មោះថា Doan Thi Huong អាយុ២៨ឆ្នាំ មកពីប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ជនសង្ស័យត្រូវបានប៉ូលិសនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាំចេញពីអគារមួយកន្លែង ចូលទៅក្នុងរថយន្តប៉ូលិស ដោយដៃមានជាប់ខ្នោះ។  បើយោងតាមព័ត៌មានចុងក្រោយបានឲ្យដឹងថា ជនសង្ស័យជាឃាតកររូបនោះ ទំនងជាត្រូវបានមិត្តភក្តិរបស់នាងបោកបញ្ឆោតឲ្យទៅសម្លាប់បងប្រុស លោក គីម ជុងអ៊ុន ដោយបានប្រាប់នាងថា «យកថ្នាំទៅបំពុលគាត់ គ្រាន់តែជាការលេងសើចទេ» (Prank)។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បុរសម្នាក់បានស្លៀកពាក់បន្លំខ្លួនជាស្រី ចូលទៅជួយដល់ការសម្លាប់នេះ  ដោយបានចាប់ក្រៀក លោក គីម ជុងណាម ពីក្រោយ។ ស្រ្តីសង្ស័យខាងលើបានប្រាប់ប៉ូលិសថា នាងត្រូវបានមនុស្សមួយក្រុមដែលនាងមកជាមួយ ក្នុងដំណើរកម្សាន្តមកលេងទីក្រុងកូឡាឡាំពួ  បោះបង់នាងចោល បន្ទាប់ពីរូបនាងបានយកថ្នាំទៅខ្ទប់មុខលោកគីមរួចមក។

យោងតាមប្រភពរបស់ប៉ូលិសបានឲ្យដឹងថា ស្រ្តីជនសង្ស័យឈ្មោះ Doan Thi Huong នេះ អាចជាឈ្មោះក្លែងក្លាយ ហើយនាងបានប្រាប់ប៉ូលិសថា នាងត្រូវបានស្រ្តីម្នាក់ និងបុរស៤នាក់ទៀត បញ្ចុះបញ្ចូលនាងថា ឲ្យទៅលេងសើចជាមួយបុរសម្នាក់ (លោក គីម) ដោយនាងគ្មានបំណងចង់សម្លាប់  ឬប៉ះពាល់ដល់អាយុជីវិតឡើយ។ ជនសង្ស័យប្រាប់ថា ខ្លួនគ្រាន់តែគិតថា វាជាការលេងសើចមួយ (Prank) ដែលមិនមានបង្កគ្រោះថ្នាក់អ្វីតែប៉ុណ្ណោះ។

ប្រភពព័ត៌មានបន្តថា ក្រោយមកស្រ្តីម្នាក់ទៀតឈ្មោះ Siti Aishah អាយុ២៥ឆ្នាំ និងមិត្តប្រុសរបស់នាង ឈ្មោះ Muhammad Farid Bin Jalaluddin អាយុ២៦ឆ្នាំ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើនេះដែរ។ ស្របពេលដែលក្រសួងការបរទេសឥណ្ឌូនេស៊ី បានចេញមកថ្លែងថា ស្រ្តីទី២ ដែលបានឃាត់ខ្លួននោះ ជាជនជាតិឥណ្ឌូនេស៊ី។

បើយោងតាមកាសែត The New Straits Times បានចុះផ្សាយថា ស្រ្តីសង្ស័យជាឃាតករ ដែលពាក់អាវមានអក្សរ “LOL” នោះ បានពាក់ស្រោមដៃពណ៌ខ្មៅ នៅដៃខាងឆ្វេង ហើយត្រូវបានគេជឿជាក់ថា មានថ្នាំពុលនៅលើស្រោមដៃនោះ ដែលប្រើដើម្បីខ្ទប់មុខបំពុល លោក គីម៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]