បច្ចុប្បន្ននេះ ការយកចិត្តទុកដាក់ ថែរក្សា ថ្នាក់ថ្នមសុខភាព គឺជារឿងសំខាន់ចាំបាច់បំផុតដែលមិនអាចធ្វេសប្រហែសបានឡើយ។ ជាពិសេសរឿងការទទួលទានម្ហូបអាហារនេះឯង បើគ្មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់នោះទេ ច្បាស់ជានាំទុក្ខមកដល់ខ្លួនមិនខាន។ 

ជឿជាក់ថា បន្លែដែលអ្នកបានទិញមកពីផ្សារពិតជាហូបទៅមិនស្និទ្ធមាត់ទេ មែនទេ ព្រោះភាគច្រើនសុទ្ធមានជាតិគីមីស្ទើរតែគ្រប់មុខ។ មានអ្នកខ្លះទៀតគិតចង់ដាំបន្លែហូបដោយខ្លួនឯងដែរ តែដីនៅផ្ទះមិនអំណោយផល និងគ្មានទីធ្លាសមល្មមនឹងអាចដាំបាន ពិសេសគឺអ្នករស់នៅក្នុងទីក្រុងតែម្តង។

ប៉ុន្តែពេលនេះអ្នកអាចនឹងអស់បារម្ភពីបញ្ហានេះ ព្រោះខ្មែរឡូតបានពាំនាំយកវិធីដាំបន្លែនៅក្នុងដបមកចែកជូនដល់ប្រិយមិត្តទាំងអស់គ្នាឱ្យបានដឹង។ មិនថាផ្ទះអ្នកតូចចង្អៀតប៉ុណ្ណាក៏អាចដាំបន្លែទទួលទានដោយខ្លួនឯងបានដែរ ដោយការដាំបន្លែនៅក្នុងដប។ វិធីដាំងាយៗ ចំណាយតិច និងចំណេញបានសុខភាពល្អ។

តោះទៅមើលសម្ភារៈ និងរបៀបដាំជាមួយគ្នា៖

១) ត្រៀមឧបករណ៍ដូចជា ដបទឹកសុទ្ធចាស់ៗ កាំបិតកាត់អេប៉ុង ឬដប និងអេប៉ុងសម្រាប់ដាំបន្លែ (អេប៉ុងដែលមានចោះរន្ធនៅកណ្តាល)។ ណែនាំឱ្យប្រើដបជ័រដែលស្អាត និងមានទំហំធំ ព្រោះងាយស្រួលដាំបន្លែបានងាយ ជាងកូនដបតូចៗ។

២) យកគ្រាប់ពូជដែល អ្នកចង់ដាំមកដាក់នៅក្នុងអេប៉ុង ដែលអ្នកបានចោះរន្ធវា ប្រមាណជា៣ ទៅ៥គ្រាប់។ ប៉ុន្តែប្រសិនបើអ្នកដាំជាប្រភេទស្ពៃ ឬសាឡាត់ គួរដាក់គ្រាប់ពូជតែ១គ្រាប់បានហើយ ដើម្បីកុំឱ្យពេលវាដុះមកប្រជ្រៀតគ្នា។ មុនដាំគួរយកគ្រាប់ទៅត្រាំទឹក ទុកចោលប្រមាណជា២ទៅ៣ម៉ោងសិន ដើម្បីឱ្យវាងាយដុះលូតលាស់ល្អ។

៣) យកអេប៉ុងដែលដាក់គ្រាប់ពូជបន្លែចូលរួចហើយ យកទៅដាក់ចូលក្នុងដបដែលបានកាត់រូច (តាមរូប) ហើយដាក់អេប៉ុងគ្រាប់ពូជលើមាត់ដបបញ្ឈរឡើងលើ ឯផ្នែកខាងក្រោមឱ្យប៉ះនឹងទឹកដែលនៅក្នុងដប។

៤) រង់ចាំឱ្យវាដុះ រយៈពេល៣ថ្ងៃ សឹមដាក់ជី AB (ជី AB គឺជាជាជីដែលប្រើសម្រាប់ដាំរុក្ខជាតិឱ្យមានការរីកលូតលាស់ ដោយមិនមានដី (Hydroponics)។ វាមាន២ប្រភេទគឺ ប្រភេទ A និងប្រភេទ B )។ ចំណែកឯការផ្សំជីនេះវិញ គឺត្រូវដាក់ឱ្យស្មើគ្នា ក្នុងសមាមាត្រ 5cc ដោយប្រើទឹក 1លីត្រ ត្រូវដាក់ជី AB ស្មើគ្នា និងយកទៅដាក់ក្នុងដបបន្លែជារៀងរាល់សប្តាហ៍ ពេលដែលទឹកក្នុងដបចាប់ផ្តើមស្រកចុះ។ ឬបើអ្នកមិនចង់ដាក់ជីនេះ បណ្តោយឱ្យវាដុះលូតលាស់តាមធម្មជាតិខ្លួនឯងក៏បាន ឱ្យតែដាក់ទឹកឱ្យវាបានដិតដល់។

៥) ឃ្លាំមើល ចាំបន្ថែមទឹកជីឱ្យបន្លែជានិច្ច និងបន្ថែមទឹកដែលនៅក្នុងកុំឱ្យរីងផុតឫសបន្លែឱ្យសោះ គឺឱ្យសមល្មម មានសភាពល្អប្រសើររហូតដល់វាធំល្មមអាចយកទៅបរិភោគបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]