ចិន៖ លោក ជេក ម៉ា ដែលជា ស្ថាបនិកក្រុមហ៊ុន អាលីបាបា (Alibaba) បាននិយាយថា ចំណងមិត្ដភាពតែមួយគត់ ដែលគាត់បានបង្កើតជាមួយនឹងក្រុមគ្រួសារជនជាតិអូស្ត្រាលីមួយ ដែលមានរយៈពេល ៣០ឆ្នាំមកហើយ មានឥទ្ធិពលយ៉ាងជ្រាលជ្រៅលើជីវិតរបស់គាត់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក ជេក ម៉ា បានបរិច្ចាគលុយចំនួន ២០លានដុល្លារ ទៅកាន់សាកលវិទ្យាល័យ University of Newcastle ក្នុងរដ្ឋ New South Wales ប្រទេសអូស្រ្តាលី កាលពីដើមខែនេះ ដើម្បីបង្កើតកម្មវិធីផ្តល់អាហាររូបករណ៍នៅក្នុងសាកលវិទ្យាល័យមួយនេះ ដ៏ដូចជាការគោរពចំពោះមិត្ដភាពរបស់លោកផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា មិត្តភាពរវាងលោក ជេក ម៉ា និងលោក David Morley បានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ១៩៨០ តាមរយៈការជួបគ្នាដោយចៃដន្យមួយ ក្នុងអំឡុងពេលដំណើរកម្សាន្តរបស់ក្រុមគ្រួសារលោក David Morley ទៅកាន់ប្រទេសចិន។ 

លោក David Morley បាននិយាយថា “កាលនោះខ្ញុំបានស្នាក់នៅក្នុងសណ្ឋាគារមួយ ខ្ញុំបានដើរចេញមកលេងនៅក្នុងសួន ក្បែរបឹងមួយ ពេលនោះហើយដែលខ្ញុំបានឃើញលោក ម៉ា កំពុងតែហាត់និយាយភាសាអង់គ្លេស ជាមួយនឹងជនបរទេសជាច្រើននាក់ទៀត”។

ប៉ុន្តែចំណងមិត្តភាពដែលធ្វើឲ្យមានឥទ្ធិពលយ៉ាងយូរមកលើលោក ម៉ា នោះគឺលោក Ken Morley ដែលជាឪពុករបស់លោក David Morley ទៅវិញទេ ដែលក្នុងរយៈពេលជាច្រើនឆ្នាំ លោកបានក្លាយទៅជាសាស្រ្តាចារ្យ និងជាអ្នកណែនាំមនុស្សឲ្យមើលទៅកាន់ពិភពលោក នៅក្នុងពន្លឺផ្សេងៗពីគ្នា។

ចំណងមិត្តភាពនោះ បាននាំលោក ម៉ា ទៅកាន់ទីក្រុង Newcastle ប្រទេសអូស្រ្តាលី ដែលជាការធ្វើដំណើរក្រៅប្រទេស លើកដំបូងបំផុតរបស់លោក នៅក្នុងឆ្នាំ១៩៨៥។ វាជាបទពិសោធន៍ដែលលោកបាននិយាយថា ជាការផ្លាស់ប្តូរទស្សនៈរបស់លោកចំពោះពិភពលោកកាលពីសម័យនោះ។ លោក ម៉ា និងលោក David នៅបន្តទំនាក់ទំនងយ៉ាងជិតស្និតជាមួយគ្នា រហូតដល់ពេលដែលលោក Ken Morley បានទទួលមរណៈភាពនៅក្នុងឆ្នាំ២០០៤។

លោក ជេក ម៉ា បាននិយាយថា “ខ្ញុំសង្ឃឹមថា ខ្ញុំអាចក្លាយជាមនុស្សម្នាក់ ដែលថ្ងៃណាមួយដូចជា លោក Ken Morley ដែលតែងតែផ្តល់ជំនួយ និងការគាំទ្រ ទៅកាន់យុវវ័យទាំងអស់ បើទោះជាលោកមិនធ្លាប់ស្គាល់ពួកគេក៏ដោយ ដូចជាពេលដែលខ្ញុំបានជួបគាត់នៅតាមផ្លូវអ៊ីចឹង”។

ប្រភពព័ត៌មានបានបន្តថា មហាសេដ្ឋីលំដាប់ពិភពលោក រូបនេះ បានត្រឡប់ទៅកាន់ទីក្រុង Newcastle ជាមួយនឹងការបរិច្ចាគលុយចំនួន ២០លានដុល្លារដល់សាកលវិទ្យាល័យ University of Newcastle ដើម្បីបង្កើតកម្មវិធីផ្តល់អាហាររូបករណ៍។ កម្មវិធីផ្តល់អាហាររូបករណ៍នេះ នឹងផ្តល់ជាពន្លឺដ៏ភ្លឺសម្រាប់មនុស្សរាប់រយនាក់ ដូចជាអ្នកជោគជ័យវ័យក្មេង រួមទាំងសិស្សជនជាតិដើមភាគតិច ដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុផងដែរ។

លោកស្រីសាស្រ្តាចារ្យ Caroline McMillen ដែលជាអធិការបតី និងជានាយករង នៃសាកលវិទ្យាល័យ Newcastle បានឲ្យដឹងថា “អាហាររូបករណ៍នេះ នឹងផ្លាស់ប្តូរជីវិតយុវជនវ័យក្មេងជាច្រើន នៅពេលដែលពួកគេចូលទៅសិក្សាក្នុងអាហាររូបករណ៍មួយនោះ ពួកគេនឹងមានការជួយបង្ហាត់បង្ហាញ។​  សាស្រ្តាចារ្យ មកពីទូទាំងពិភពលោក នឹងនាំពួកគេ ទៅនិយាយអំពីអ្វីដែលធ្វើឱ្យមានភាពខុសគ្នាមួយ ក្នុងអាជីពរបស់មេដឹកនាំ”៕ 

ប្រភព៖ CGTN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]