ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ នេះ ស្ថិត​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត មានធ្វើ​សន្និ​សីទកាសែត​​បង្ហាញមុខ​ក្រុម​ចោរប្លន់​៣​នាក់ ​ក្នុង​ចំណោម​៨​នាក់ ដែល​កម្លាំងចាប់ខ្លួន​បាន ក្រោយ​​ធ្វើ​សកម្មភាព​នៅ​តាម​បណ្តា​​ខេត្ត​ជា​​​ច្រើន ហើយ​បាន​អស់លក្ខណ៍​ត្រឹម​​ប្លន់​អាជីវករ​លក់​មាស និង​ប្តូរ​ប្រាក់​នៅ​ខាងលិច​ផ្សារ​ធំ ក្រុង​កំពង់ចាម ។

​​ការ​បង្ហាញមុខ​ក្រុម​ចោរប្លន់​​នេះ គឺ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ឯ ម កុសល ស្នងការ​នគរបាល​ខេត្ត ដោយ​លោក​បាន​សន្យា​ថា នឹង​តាម​ប្រមាញ់​ចាប់​បក្សពួក​ ដែល​កំពុង​គេចខ្លួន​នោះទៀត​ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​សុខ ស៊ីនួន អាយុ​៥៦ឆ្នាំ មាន​ទីលំនៅ​នាង​គ​ង្ហី​ង សង្កាត់​សំបួរមាស ក្រុង​កំពង់​ចាម ២-​ឈ្មោះ​ស្រី សំ​អឿ​ន អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​៣-​ឈ្មោះ​ពៅ សំ​អឿ​ន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ពន់​សាំង ខណ្ឌ​ព្រែក​ព្នៅ ក្នុង​នោះ​ត្រូវ​កម្លាំង​ដកហូត​រថយន្ត​២​គ្រឿង​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​​ចាប់ខ្លួន​ក្រុម​ចោរប្លន់​ទាំង​៣​នាក់​ខាងលើ​នោះ ​ពួកគេ​ឆ្លើយ​សារភាព​ថា កន្លង​មក ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​នៅ​តាម​បណ្តា​ខេត្ត​ដូច​ជា ១-​ខេត្តកំពង់ចាម ២-​នៅ​ទឹកឈូ ខេត្តកំពត ៣-​ខេត្តពោធិ៍សាត់ ៤-​កំពង់សោម (២​លើក​) ៥-​ខេត្ត​កំពង់ធំ (២​លើក​) ៦-​ខេត្តសៀមរាប (២​លើក​) និង​ខេត្តព្រះវិហារ ក្នុង​ឆ្នាំ​២០១៧ នេះ ។

ចុង​ក្រោយ ក្រុម​ចោរ​ទាំងនេះ​ គឺ​បាន​ប្លន់​អ្នកលក់​មាស​យីហោ «​សុខ ល​ក្ខិ​ណា​» ស្ថិត​នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដោយ​យក​កាបូប​ដាក់​គ្រឿងអលង្ការ ក្នុង​នោះ រួម​មាន​ប្រាក់​ដុល្លារ​៣,០០០​ដុល្លារ​, ប្រាក់​រៀល​លាន​រៀល​, ប្រាក់​បាត​ចំនួន​១០​ម៉ឺន​បាត​, ទូរស័ព្ទ​ដៃ​៤​គ្រឿង និង​គ្រឿងអលង្ការ​មួយ​ចំនួន​ទៀត ។

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ជិត​ដល់​ថ្ងៃ​ចូល​រោងការ នារី​វ័យក្មេង​ចិត្ត​ស្លុយ​...

ខេត្តកំពង់ស្ពឺ ៖ នារី​វ័យក្មេង​ម្នាក់​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ ស្រាប់តែ​ចិត្ត​ស្លុយ​លេបថ្នាំ​កណ្ដុរ​សម្លាប់​ខ្លួន​ចោល​គូ​ដណ្តឹង ព្រោះតែ​ខឹង​ម្តាយ​ដែល​បាន​ហាមប្រាម​មិន​ឲ្យ​ដើរ​លេង ។ ករណី​លេបថ្នាំ​ធ្វើ​អត្តឃាត​នេះ​កើតឡើង​កាលពី​ម៉ោង​២ និង​១០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែកុម្ភៈ​ឆ្នាំ​២០១៧ នៅ​ភូមិ​ដីក្រហម ឃុំ​និទាន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នារី​វ័យក្មេង​រង​គ្រោះ​ឈ្មោះ ហុង រា​ញ់​ទី ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ឪពុក​ឈ្មោះ ហ៊ី សា​វី អាយុ​៤៦​ឆ្នាំ ម្តាយ​ឈ្មោះ ង៉ែត សុខុម អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

ម្តាយ​នារី​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ជា​ម្តាយ​បាន​ហាមប្រាម​កូនស្រី​មិន​ឲ្យ​ដើរ​លេង​រហេតរហូត ព្រោះ​យល់​ថា កូន​ជិត​ដល់​ថ្ងៃ​រៀប​ការ​ទៅ​ហើយ ។ ការ​ហាមប្រាម​នេះ​ក្នុង​ន័យ​ចង់​ឲ្យ​កូន​ល្អ មិន​នឹក​ស្មានថា កូន​ដាច់​ចិត្ត​ផឹកថ្នាំ​កណ្តុរ​សម្លាប់​ខ្លួន​បែប​នេះ​សោះ ។ ម្តាយ​នារី​រង​គ្រោះ​បន្ត​ថា បន្ទាប់​ពី​ដឹង​ថា កូន​ផឹកថ្នាំ​កណ្តុរ​សម្លាប់​ខ្លួន គាត់​និង​ប្តី​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ដែរ តែ​ជា​អកុសល​នាង​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

លោក​អនុសេនីយ៍ឯក ឃុន សុផល អធិការរង​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រោយ​ទទួល​ព័ត៌មាន​ថា​មាន​ករណី​អត្តឃាត​ភ្លាម លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យស​ព​ដល់​ផ្ទះ​កើតហេតុ ព្រមទាំង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុម​គ្រូ​សារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ដែល​ដឹង​រឿង​បាន​សម្ដែង​ការ​ហួសចិត្ត​គ្រប់​គ្នា​ដោយ​ម្នាក់​ៗ​លាន់មាត់​ថា គ្រាន់តែ​ឪពុក​ម្តាយ​ស្តីបន្ទោស និង​ហាម​មិន​ឲ្យ​ដើរ​លេង​ជាមួយ​មិត្តភក្តិ​ពេល​យ​ប​ព្រលប់​ប៉ុណ្ណឹង​សោះ មិន​គួរនា​រី​រង​គ្រោះ​គិត​ខ្លី​រហូត​ដល់​ថ្នាក់​ផឹកថ្នាំ​កណ្តុរ​សម្លាប់​ខ្លួន​ឡើយ ។ យ៉ាង​ហោច​ណាស់​ក៏​គួរ​អាណិត​ឪពុក​ម្តាយ​ដែល​ខំ​ចិញ្ចឹម​បីបាច់​ថែរក្សា​តាំងពី​តូច​ក្រូ​ឆ្មារ​រហូត​ដល់​ធំ​ពេញវ័យ​ដែរ បើសិន​នាង​មិន​អាណិត​គូរ​ដណ្តឹង ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា នេះ​ជា​គំរូ​អាក្រក់​សម្រាប់​ក្មេង​ស្រី​ផ្សេ​ៗ​ទៀត​នៅ​ក្នុងភូមិ ដោយ​ពួក​គាត់​និយាយ​ថា ខុស​ត្រូវ​យ៉ាងណា​សុំ​កុំ​យក​វិធី​ធ្វើ​អត្តឃាត​បែប​នេះ​មក​ផ្តាច់ជីវិត​ខ្លួនឯង វា​មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]