មនុស្សគ្រប់ៗរូប កើតមកសុទ្ធតែមានអំណោយ និងទេពកោសល្យធម្មជាតិរៀងៗខ្លួន។ ប៉ុន្តែ អ្វីដែលខុសគ្នាពិតប្រាកដគឺ សមត្ថភាពក្នុងការអភិវឌ្ឍភាពវ័យឆ្លាតរបស់មនុស្ស។ មនុស្សដែលមានភាពវ័យឆ្លាត អាចអនុវត្តន៍ កិច្ចការងារទាំងឡាយ បានទាំងបរិមាណ ទាំងប្រសិទ្ធភាព។

ហេតុនេះ យើងគួរមកតាមដាន និងស្រង់យកតម្រាប់តាម ចំនុចមួយចំនួន ដែលអ្នកឆ្លាត ធ្វើខុសពីមនុស្សធម្មតា មកអនុវត្តដូចខាងក្រោមនេះ ៖ 

១. ពួកគេមិនមែនរៀនតែពីសៀវភៅ

មនុស្សយើងតែងបែងចែក ពេលណាដែលត្រូវរៀន ពេលណាដែលមិនត្រូវរៀន ដាច់ដោយឡែកពីគ្នា។ ជាធម្មតា គឺពេលរៀន គឺគ្រាន់តែជាពេលក្នុងសាលា ក្នុងកន្លែងការងារ ដែលត្រូវការផ្តោតអារម្មណ៍ និងគិតច្រើន។ ប៉ុន្តែ ផ្ទុយទៅវិញ សម្រាប់អ្នកឆ្លាត មិនគិតយ៉ាងដូច្នោះទេ។ ពួកគេប្រើប្រាស់ពេលវេលាទាំងអស់ ដើម្បីរៀន មិនថាតែ អ្នកជុំវិញ អាហារថ្មី វប្បធម៌ថ្មី របៀបរបប តូនាទី ឬប្រវត្តិកិច្ចការងារណាមួយឡើយ គឺពួកគេទាញយកមកសិក្សាទាំងអស់។ នេះហើយ ទើបគេនិយាយថា ពិភពលោក គឺជាប្រភពនៃចំណេះដឹង ដ៏ទូលំទូលាយ។

២. ពួកគេពូកែសង្កេត

មនុស្សឆ្លាត តែងមើលពិភលោកក្នុងន័យ ចង់ដឹង ចង់ឃើញ ពីនេះពីនោះយ៉ាងខ្លាំង។ ងាយៗ ដោយពួកគេសង្កេត និងចងចាំនូវអ្វីៗគ្រប់យ៉ាងទីនេះ ម៉ោងនេះ និងត្រៀមខ្លួនរួចរាល់ជាច្រេច ដើម្បីសង្កេតមើលការផ្លាស់ប្តូរផ្សេងៗជុំវិញនោះ។ ដោយសារតែបែបនេះហើយ ពួកគេមិនចូលចិត្តនិយាយច្រើនទេ ប៉ុន្តែពួកគេជំនួសដោយ ការនឹកឃើញសួរសំនួរជាច្រើន លើការផ្លាស់ប្តូរទាំងនោះវិញ។

៣. ពួកគេមិនខ្លាចភាពបរាជ័យ

មនុស្សជាច្រើនតែងខ្លាច នូវភាពបរាជ័យ ដោយម្នាក់ៗព្យាយាមធ្វើយ៉ាងណា កុំឲ្យកើតមានកំហុស ឬមិនធ្វើអ្វីសោះតែម្តងក៏មាន។ ផ្ទុយទៅវិញ អ្នកដែលឆ្លាត គឺពួកគេផ្លាស់ប្តូរពាក្យថា “បរាជ័យ” ទៅជា “មេរៀន” វិញ។ គ្មានអ្វីដែលប្រសើរជាង ការរៀន ពីការសាកល្បង ពីបទពិសោធន៍ និងពីការសង្កេតនោះទេ។ បើវិធីមួយហ្នឹងមិនជោគជ័យ យើងសាកវិធីថ្មីផ្សេងទៀត! ជាការពិតណាស់ ជួនកាលមេរៀនខ្លះ ត្រូវដួលជាមុនសិន ទើបអាចឡើងដល់កំពូលបាន។

៤. ពួកគេមិនស្តាប់អារម្មណ៍ភ័យខ្លាចរបស់ខ្លួនឡើយ

នៅរាល់ពេលត្រូវសម្រេចចិត្តធ្វើអ្វីមួយ អ្នកណាៗ ក៏តែងមានអារម្មណ៍ ឬអាចនិយាយបានថា ជាកូនចិត្ត ដែលបង្ហើរមកថា “ធ្វើមិនកើតទេ” ឬ “ធ្វើចឹងប្រាកដជាខុស” ជាក់ជាមិនខាន។ យើងយល់ថា វាអាចជាអារម្មណ៍ ដែលផ្តល់សញ្ញាមកឲ្យខ្លួនអ្នក ប៉ុន្តែវាក៏ហាក់ដូចជា កំពុងតែបំផ្លាញ និងរារាំង គោលបំណងរបស់អ្នកទៅវិញទេ។ មនុស្សឆ្លាត មិនបណ្តោយឲ្យអារម្មណ៍ទាំងនោះ មកបង្អាក់ បំភ័យអ្វី ដែលពួកគេចង់ធ្វើឡើយ ពីព្រោះពួកគេជឿថា ប្រសិនបើមិនចាប់ឱកាសទេ ពួកគេនឹងខកចិត្ត ស្តាយក្រោយ ពុំខានឡើយ។ 

៥. ពួកគេធ្វើការរុករកថែម មិនឈប់ឈរ

ជាធម្មតា នៅពីក្រោយគំនិត និងទ្រឹស្តី ទាំងឡាយ គឺសុទ្ធតែមានដើមហេតុរបស់វា។ មនុស្សឆ្លាត ជាមនុស្សដែល ព្យាយាមខិតខំប្រឹងប្រែង ស្វែងយល់ពីមូលហេតុ ទាំងនោះ ថាតើហេតុអ្វីបានជាពិភពលោក កំណត់មកយ៉ាងដូច្នេះ? ពីព្រោះតែមានគំនិត ការបង្កើតថ្មី និងហេតុផលអស្ចារ្យជាច្រើនផ្សេងទៀត ដែលស្ថិតនៅជាអាថ៏កំបាំងនៅឡើយ។ ភាគច្រើន មនុស្សឆ្លាតប្រភេទពូកែជីកឫសគល់បែបនេះ នឹងក្លាយខ្លួនជាមនុស្សដ៏សំខាន់ក្នុងសង្គម ដូចជាអ្នកវិទ្យាសាស្រ្ត សេដ្ឋកិច្ចវិទូ និងអ្នកនយោបាយជាដើម។

៦. ពួកគេមិនឈប់ងាយៗឡើយ

រួមជាមួយភាពភ័យខ្លាច និងការទទួលបរាជ័យ អ្នកទាំងអស់គ្នា ប្រាកដជាឈប់បន្តដំណើរទៅមុខ ជាក់ជាមិនខានឡើយ។ យើងម្នាក់ៗ តែងនិយាយថា គួរតែធ្វើការសាកល្បង នូវអ្វីដែលថ្មីៗ ប៉ុន្តែក្រោយពីបរាជ័យ ២ ទៅ ៣ ដងរួចមក យើងក៏បែរជាឈប់ ហើយបែរជាទៅរកអ្វីផ្សេងថ្មីធ្វើទៅវិញ។ សាកគិតឡើងវិញទៅមើល ថាតើកាលពីតូចអ្នកធ្លាប់ ដួលនឹងដី ប៉ុន្មានដង ទម្រាំតែអាចដើរបាន? ហេតុនេះ ហើយទើបមនុស្សឆ្លាត មិនងាយឈប់សាកល្បងនោះទេ ដោយពួកគេបន្តភាពបរាជ័យ ជាមួយនឹងពេលវេលា ហើយជឿថាវានឹងជោគជ័យ នៅរយៈពេលខាងមុខ។

៧. ពួកគេយកចិត្តទុកដាក់លើពាក្យសម្តី ជាងមនុស្ស

ជាធម្មតាទេ មនុស្សយើងភាគច្រើន បើនិយាយជាមួយមនុស្សដែលខ្លួនមិនចូលចិត្ត ទោះបីជាគេនិយាយអ្វី ក៏ហាក់ដូចជាមិនចូលត្រចៀកសោះឡើយ។ ប៉ុន្តែ ផ្ទុយទៅវិញ ទស្សនៈរបស់មនុស្សឆ្លាត មិនដូច្នោះឡើយ។ ពួកគេមានចិត្តទូលាយ ដូច្នេះ ពួកគេទទួល និងផ្តល់តម្លៃ ឲ្យគំនិតយោបល់របស់អ្នកដទៃ និងមិនខ្វល់ខ្វាយថា មនុស្សម្នាក់នោះ ជាមនុស្សខ្លួនមិនចូលចិត្ត ឬជាមនុស្សដែលកំពុងបំផុសគំនិតអាក្រក់ មកលើអ្នកក៏ដោយ។ និយាយរួម មនុស្សឆ្លាត ផ្តោតលើប្រធានបទកំពុងពិភាក្សា មិនមែនផ្តោតលើមនុស្សដែលនិយាយមកនោះទេ។

៨. ពួកគេមិនធ្វើពុតជាចេះទេ

មនុស្សឆ្លាតមិនជាចូលចិត្តនិយាយច្រើននោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍គឺ ពពួកមនុស្សឆ្លាត មានចំណេះដឹង និងជំនាញពីខាងក្នុង ដែលគួរឲ្យគោរព។ ពួកគេទទួលស្គាល់ ថាពួកគេមានចំណេះដឹងកម្រិតណា និងមិនវាយឫកឆ្មើង ថាខ្លួនជាអ្នកចេះ អ្នកឆ្លាតនោះឡើយ។ នៅពេលណា ដែលពួកគេមិនចេះ ឬមិនយល់ ពួកគេមិនមែនធ្វើពុត ធ្វើឫកដូចជាចេះនោះទេ ផ្ទុយទៅវិញ ពួកគេសួរសំនួរ ដើម្បីស្រាយចម្ងល់ភ្លាមៗវិញតែម្តង៕ 

ប្រភព៖ ELITE DAILY | Lifehack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]