ភ្នំពេញ៖ ទិវាបុណ្យនៃក្តីស្រលាញ់ ឬមានឈ្មោះជាភាសាអង់គ្លេសថា «Valentine’s Day» គឺជាពិធីបុណ្យឈប់សម្រាកខាងប៉ែកអឺរ៉ុបមួយ ដែលតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បីជាការជូនឬដោះដូរ នូវវត្ថុអនុស្សារីយ៍ពិសេសៗ ជាមួយនឹងមនុស្សជាទីស្រលាញ់ គ្រួសារ មិត្តភក្តិ បងប្អូន គូស្នេហ៍ជាដើម រួមមានដូចជា ស្ករសូកូឡា ផ្កា តុក្កតា របស់របរប្រើប្រាស់ និងកាដូផ្សេងៗទៀតជាច្រើនទៅតាមចំណូលចិត្តរៀងៗខ្លួន ដើម្បីបង្ហាញពីទឹកចិត្តនៃការស្រលាញ់ រវាងគ្នានិងគ្នាមួយ។

បើយើងក្រឡេកមកមើលប្រទេសកម្ពុជាយើងវិញ ក្រោយពីពិធីបុណ្យ Valentine’s Day បានហូរចូលមកដល់ស្រុកយើងមក គេសង្កេតឃើញថា បានឆក់យកចិត្តយុវវ័យខ្មែរយើង មួយចំនួនឲ្យជ្រួលជ្រើម ខណៈអ្នកខ្លះបែរឲ្យនិយមន័យខុស នៃពិធីបុណ្យនេះថាជា ពិធីបុណ្យសង្សារទៅវិញ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការផ្សព្វផ្សាយជាច្រើន ដើម្បីបង្កើនការយល់ដឹង តាមរយៈវិទ្យុ ទូរទស្សន៍ ឬបណ្តាញសង្គមផ្សេងៗជាច្រើនមក យុវវ័យខ្មែរយើងបច្ចុប្បន្នមានការរិះគិត ផ្លាស់គំនិត និងបានយល់កាន់តែច្បាស់ពីពិធីបុណ្យមួយនេះ  ហើយយុវវ័យមួយចំនួន ឲ្យតែដល់ថ្ងៃពិសេស ១៤កុម្ភៈ តែងតែទិញនូវវត្ថុអនុស្សាវរីយ៍មួយចំនួន ជូនទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេ ដើម្បីបង្ហាញពីក្តីស្រលាញ់ ក្នុងសេចក្តីថ្លៃថ្នូរមួយផងដែរ។

ដោយសារតែឱកាសនៃពិធីបុណ្យ Valentine’s Day ខិតជិតចូលនឹងមកដល់នៅថ្ងៃស្អែកនេះ ១៤ កុម្ភៈ ក្រុមការងារ Khmerload យើង ក៏បានធ្វើការសម្ភាសន៍សាកសួរមតិយោបល់ និងការយល់ឃើញផ្ទាល់ ពីសំណាក់យុវវ័យខ្មែរយើងមួយចំនួន  ដើម្បីចង់ដឹងថា តើវត្ថុអនុស្សាវរីយ៍អ្វីដែលល្អ បូករួមទាំងមានអត្តន័យល្អៗ ដែលយើងគួរទិញជូនសម្រាប់ មនុស្សជាទីស្រលាញ់ ក្នុងទិវានៃក្តីស្រលាញ់ផងដែរ។

(រូបភាពតំណាង)
(រូបភាពតំណាង)

ជួបជាមួយនឹង កញ្ញា ឈាង ម៉េង វ័យ២៣ឆ្នាំ បច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នៅសាលាឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ បានប្រាប់មកកាន់ក្រុមការងារ Khmerload ឲ្យដឹងថា «បើតាមខ្ញុំធ្លាប់បានដឹង និងធ្លាប់បានអាននូវអត្តបទខ្លះៗ នៅលើគេហទំព័រមួយចំនួន ចំពោះវត្ថុអនុស្សាវរីយ៍ ឬហៅថាកាដូ ដែលយើងគួរទិញជូនជាអំណោយ ទៅកាន់មនុស្សជាទីស្រលាញ់ មិនថាតែគូស្នេហ៍ គ្រួសារ ឬមិត្តភក្តិ ក្នុងថ្ងៃទិវាបុណ្យនៃក្តីស្រលាញ់ “Valentine’s Day” រួមមានដូចជា៖ ទានក្រអូប (តំណាងឲ្យពន្លឺនៃក្តីស្រលាញ់ មិនចេះសបសូន្យ) ស្ករគ្រាប់ ឬស្ករសូកូឡា (តំណាងឲ្យភាពផ្អែមល្ហែម និងការស្រលាញ់) កាតជូនពរ ព្រោះគ្រប់នូវទិវាទាំងអស់មិនថាឡើយ ចូលឆ្នាំថ្មី ខួបកំណើត ឬបុណ្យគ្រីស្មាស់ គឺគេតែងតែជូនជាកាតជូនពរជានិច្ច ដែលមិនអាចបំភ្លេចបាន។ វានឹងបង្ហាញពីអ្វីដែលអ្នកចង់និយាយ ទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក នោះក៏ដោយសារតែមនុស្សមួយចំនួនតូច គឺពួកគេមានការអៀនខ្មាសច្រើន ក្នុងការសារភាពដោយផ្ទាល់មាត់ ដូច្នេះកាតជូនពរគឺពិតជាសំខាន់ខ្លាំងណាស់គ្រប់ទិវាទាំងអស់។ មិនថាអ្នកសរសេរជាពាក្យជូនពរ ឬជាពាក្យស្រលាញ់ឡើយ ពួកគេនឹងចងចាំនូវពាក្យសម្តីរបស់នាងជានិច្ច។ មួយវិញទៀតនោះគឺ តុក្កតា ព្រោះថាតុក្កតា ក៏ជាវត្ថុអនុស្សាវរីយ៍ដ៏ល្អមួយផងដែរ។ បើអ្នកទិញតុក្កតាកាន់តែធំ សមល្មមដែលអាចអោបបាន នោះវានឹងកាន់តែពិសេសទៅទៀត។ ព្រោះនៅពេលដែលមនុស្សជាទីស្រលាញ់របស់អ្នក បានបីត្រកងអោបថើបវា ពួកគេច្បាស់ជានឹកអ្នកជាពុំខាន»

រូបភាពតំណាង៖ ទានក្រអូប
រូបភាពតំណាង៖ ស្ករសូកូឡា

ក្នុងនោះផងដែរ កញ្ញា ម៉េង ក៏បានប្រាប់នូវវត្ថុអនុស្សាវរីយ៍ ដែលមិនគួរទិញជូនមនុស្សជាទីស្រលាញ់ ក្នុងទិវានៃក្តីស្រលាញ់ផងដែរ រួមមានដូចជា៖ នាឡិកាដៃ ស្បែកជើង និងទឹកអប់ជាដើម-ល-។ ដោយកញ្ញាបានលើកឡើងថា វាជារបស់មួយប្រភេទ ដែលអាចធ្វើឲ្យមនុស្សជាទីស្រលាញ់ ឃ្លាតចេញឆ្ងាយពីខ្លួនអ្នក នៅថ្ងៃណាមួយជាក់ជាពុំខាន ខណៈមនុស្សមួយចំនួនក៏មានជំនឿទៅលើវាផងដែរ។

កញ្ញា បានបន្ថែមថាចុងក្រោយថា «...លើសពីនេះ យើងក៏អាចជូននូវវត្ថុអនុស្សាវរីយ៍ ជាលក្ខណៈច្នៃប្រឌិតបង្កើតវាឡើងដោយដៃរបស់យើងផ្ទាល់ ជាអំណោយជូនមនុស្សជាទីស្រលាញ់បានផងដែរ ដូចជា កាតជូនពរ ឬខ្សែដៃក្រងចាក់ចេញជាឈ្មោះជាដើម ។ ជាក់ស្តែង សម្រាប់ខ្ញុំ ខ្ញុំតែងតែច្នៃធ្វើជាកាតជូនពរ (កាត់បិតពីក្រដាស) ផ្ទាល់ដៃរបស់ខ្ញុំ ដោយរំលេចនូវសារល្អៗទៅកាន់មនុស្សដែលខ្ញុំជូនឲ្យ។ ការធ្វើបែបនេះ ខ្ញុំជឿជាក់ថា ពួកគេនឹងកាន់តែចងចាំយើងនៅក្នុងចិត្ត ហើយជាពិសេសពួកគេច្បាស់ជារក្សាទុកវា បានយ៉ាងល្អជាងអ្វីទាំងអស់។ ថ្ងៃណាមួយពួកគេយកវាមកមើល ច្បាស់ជានឹករលឹកដល់យើងវិញជាពុំខាន។ យ៉ាងហោចណាស់ ក៏គិតថាមានយើងម្នាក់ចាំជូនពរ នូវពាក្យល្អសម្រាប់គេផងដែរ។ អ្វីដែលខ្ញុំបានលើកឡើងខាងលើនេះ គ្រាន់តែជាទស្សនៈយល់ឃើញរបស់ខ្ញុំមួយ និងធ្លាប់បានដឹងបានលឺតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់នោះ ខ្ញុំជឿជាក់ថា វាស្ថិតនៅលើចិត្តរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ»

រូបភាព៖ កញ្ញា ឈាង ម៉េង
រូបភាពតំណាង៖ តុក្កតា
រូបភាពតំណាង៖ កាតជូនពរ

ដោយឡែក ជួបជាមួយនឹងបងប្រុស ហុង វ័យ២២ឆ្នាំ និស្សិតអក្សរសាស្រ្តអង់គ្លេសវិញ ក៏បានថ្លែងឲ្យដឹងដែរថា ផ្កាកុលាប គ្រឿងអលង្ការ និងកាបូប គឺពិតជាល្អបំផុត ដែលគួរទិញជូនមនុស្សជាទីស្រលាញ់របស់ខ្លួន។

«សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា ការជូនផ្កាកុលាប គឺជារឿងល្អមួយដែរ។ វាទូទៅ ទៅហើយដែលរៀងរាល់ឆ្នាំនៃពិធីបុណ្យ ទិវានៃក្តីស្រលាញ់ ឬហៅថា Valentine’s Day យុវវ័យជាច្រើនតែងទិញផ្កាកុលាប ធ្វើជាកាដូមួយជូនមិត្តស្រី ឬអ្នកពិសេសណាម្នាក់។ ឯអ្នកលក់វិញ ក៏មានច្រើនហូរហែដែរ មិនថាតែនៅស្រុកយើង ឬនៅស្រុកគេឡើយ គឺសឹងតែចាក់គេតែម្តង។ ព្រោះថា ផ្កាកុលាប អាចជាសេចក្តីតំណាងមួយ បញ្ជាក់ពីការស្រលាញ់ (I LOVE YOU) ចំពោះស្នេហាយុវវ័យ។ លើកលែងតែផ្កាអីផ្សេង អាហ្នឹងក៏ខ្ញុំមិនដឹងច្បាស់ដែរ»

បងប្រុស ហុង បានបន្តទៀតថា «...ដោយឡែក គ្រឿងអលង្ការតែងកាយ (ចិញ្ចៀន ក្រវិល ឬខ្សែ.ក) ក៏ល្អសម្រាប់ធ្វើជាកាដូ ជូនមនុស្សជាទីស្រលាញ់បានផងដែរ។ កន្លងមក ខ្ញុំធ្លាប់លឺគេនិយាយថា ទិញគ្រឿងអលង្ការជូនមនុស្សដែលខ្លួនស្រលាញ់ គឺមិនល្អ ខណៈអ្នកខ្លះថាអញ្ចេះអ្នកខ្លះថាអញ្ចុះ តែតាមពិតគ្មានទេ សូម្បីតែនៅស្រុកគេក៏គេទិញជូនមិត្តស្រីគេ ឬមនុស្សជាទីស្រលាញ់របស់គេផងដែរ។ ចុះសម្រាប់ឪពុកម្តាយមួយចំនួន ទិញធ្វើជាកាដូជូនកូនៗរបស់ពួកគេ ម្តេចមិនឃើញព្រាត់ប្រាសទៅណា!។ អ្វីដែលសំខាន់នោះ គឺស្ថិតទៅលើចិត្តរបស់យើងតែប៉ុណ្ណោះ។ ចំពោះកាបូប (កាបូបលុយ ឬកាបូបស្ពាយ) ក៏ល្អម្យ៉ាងដែរ ហើយបច្ចុប្បន្នក៏កំពុងតែពេញនិយមថែមទៀតផង។ វាអាចតំណាងឲ្យពាក្យជូនពរ ទៅកាន់អ្នកទទួលអំណោយថា ឲ្យមានលុយកាក់ហូរហៀរ ហូរចូលច្រើនៗផងដែរ»

រូបភាពតំណាង៖ ផ្កាកុលាប

និស្សិតរូបនេះ បានបញ្ជាក់បន្ថែមចុងក្រោយទៀតថា «សម័យនេះទៅហើយ បើរវល់តែគិតច្រើនពេក រឿងល្អមិនល្អនោះ អ្នកលក់គេលក់លែងដាច់អស់ហើយ ខ្វះអីអ្នកទិញឲ្យគូស្នេហ៍ម៉ាកានើ មិនទាំងដែលឃើញកើតស្អីផង។ ដូចដែរអ្វី ដែលខ្ញុំបាននិយាយរៀបរាប់ពីខាងលើនេះអ៊ីចឹង រឿងសំខាន់គឺស្ថិតនៅលើចិត្តយើងតែប៉ុណ្ណោះ បើចិត្តយើងថាល្អគឺអ្វីៗវានឹងប្រសើរឡើងហើយ ហើយបើយើងគិតថាស្រលាញ់ គឺការស្រលាញ់ក៏នៅតែកើតមានដែរ។ ហើយខ្ញុំក៏សង្កេតឃើញដែរថា ការស្រលាញ់គ្នារបស់គូស្នេហ៍យុវវ័យនាពេលបច្ចុប្បន្ននេះ គឺតែងតែជោគជ័យ រហូតបានកាន់ដៃគ្នាចូលជ័យត្រឹមត្រូវ រួមរស់ជាមួយគ្នាផងដែរ»

រូបភាព៖ បងប្រុស ហុង

មិនខុសគ្នាប៉ុន្មានពីកញ្ញា ម៉េង និងបងប្រុស ហុង ដែលបានរៀបរាប់ខាងលើនេះឡើយ។ សម្រាប់បងប្រុស ហៀង ជាបុគ្គលិកបម្រើការនៅស្ថាប័នឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា សម្រាប់គាត់គឺវាជារឿងធម្មតាបំផុត ក្នុងការទិញកាដូជូនមិត្តស្រីរបស់គាត់។

«សម្រាប់ថ្ងៃ Valentine’s Day ខ្ញុំគិតថាមិនសូវសំខាន់ប៉ុន្មាន ដូចថ្ងៃខួបកំណើតរបស់នាងឡើយ។ ប៉ុន្តែ ជាមិត្តប្រុសគេទៅហើយ បើអត់អីឲ្យនាងដូចជាមិនសូវទំនងដែរ។ ម្យ៉ាងវិញ ចំពោះមិត្តស្រីខ្ញុំ គេក៏មិនសូវចេះចង់បានអីដែរ បានត្រឹមនៅក្បែរគ្នា ឬជិះម៉ូតូដើរលេងជាមួយគ្នា រួចចូលញ៉ាំអីតិចតួច នៅថ្ងៃពិសេសេៗចឹងទៅ ជាការស្រេច»

បងប្រុស ហៀង បន្តថា «បើនិយាយពី Valentine’s Day កាលពីឆ្នាំមុន ខ្ញុំចាំបានថាធ្លាប់ទិញ «ស្ករសូកូឡា» ឲ្យមិត្តស្រីខ្ញុំ ព្រោះពេលជិះតាមផ្លូវមក ខ្ញុំឃើញគេលក់ច្រើនក៏ចូលទិញតែម្តងទៅ។ ចំណែកឯអត្តន័យ ខ្ញុំក៏មិនដឹងច្បាស់ប៉ុន្មានដែរ ហើយខ្ញុំក៏មិនសូវជឿប៉ុន្មាន ទៅលើរឿងចឹងៗនោះទេ សំខាន់ពួកយើងចេះយល់ចិត្តគ្នាទៅបានហើយ។ តែយ៉ាងណា សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា ស្ករសូកូឡា វាអាចមានន័យពិសេសមួយ ដែលមកផ្តល់នូវភាពជិតស្និទ្ធ ផ្អែមល្ហែម ស្អិតរមួតចំពោះគូស្នេហ៍ អាចនៅឋិតថេរជាមួយគ្នាផងដែរ។ ដោយឡែក បើចំពោះឆ្នាំនេះវិញ ខ្ញុំក៏មិនទាន់មានគម្រោង ថានឹងត្រូវទិញអ្វីឲ្យមិត្តស្រីឡើយ» ៕

រូបភាព៖ បងប្រុស ហៀង

ចុះសម្រាប់ប្រិយវិញ មានបានត្រៀមកាដូ ឬវត្ថុអនុស្សាវរីយ៍អ្វីខ្លះ ទុកជូនមនុស្សជាទីស្រលាញ់ របស់ខ្លួនហើយឬនៅ?   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]