ឥណ្ឌា៖ ក្មេងប្រុសជនជាតិឥណ្ឌា ម្នាក់ បានកើតអាការៈចម្លែក ដោយយំមានចេញឈាម ចាប់តាំងពីគេមានអាយុ ១០ឆ្នាំមកម្ល៉េះ ហើយត្រូវបានគេដាក់ងារឲ្យថា “Stigmata Boy” ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្មេងប្រុសរូបនេះមានឈ្មោះថា Akhilesh Raghuvanshi អាយុ១៣ឆ្នាំ រូបគេបានកើតមានអាការៈដ៏អាថ៍កំបាំងបំផុត ដែលធ្វើឲ្យមានឈាមហូរចេញតាមភ្នែកទាំងគូ ត្រចៀក មាត់ ជើង ហើយសូម្បីតែតាមរន្ធសសៃសក់ក៏មានឈាមហូរចេញដែរ រហូតដល់ជាង១០ដងឯណោះក្នុងមួយថ្ងៃ។

ស្ថានភាពដ៏ឈឺចាប់របស់ Akhilesh ដែលមានឈាមហូរស្រក់ក្រហមច្រាល ដូចមុតកាំបិតនេះ បានធ្វើឲ្យគេមានការអស់កម្លាំងជាខ្លាំង និងថែមទាំងឈឺក្បាលប្រកាំងយ៉ាងខ្លាំងទៀតផង។ ដំបូងឡើយឪពុកម្តាយរបស់ក្មេងប្រុសរូបនេះ បានគិតថា កូនខ្លួនប្រហែលជាមានជំងឺខ្វះជាតិទឹក នៅពេលដែលគេបានចាប់ផ្តើមចេញឈាមពីច្រមុះជាលើកដំបូង កាលពី៣ឆ្នាំមុន ប៉ុន្តែមិនយូរប៉ុន្មានពួកគាត់បានដឹងថា ស្ថានភាពគឺធ្ងន់ធ្ងរជាងនេះទៅទៀត។ 

ប្រភពព័ត៌មានបានឲ្យដឹងថា សូម្បីតែក្រុមគ្រូពេទ្យ ក៏មិនអាចរកឃើញពីមូលហេតុ ដែលឈាមបន្តហូរចេញពីរាងកាយរបស់ក្មេងប្រុស Akhilesh នេះដែរ។ ពួកគេគិតថា ស្ថានភាពរបស់ក្មេងប្រុសនេះ គឺវាស្រដៀងទៅនឹងជំងឺដ៏កម្រមួយ ឈ្មោះ Haemolacria ដែលវាបណ្តាលឲ្យអ្នកជំងឺ យំមកមានលាយឈាមពាក់កណ្តាល។

ក្មេងប្រុស Akhilesh ដែលរស់នៅក្នុងទីក្រុង Ashoknagar រដ្ឋ Madhya Pradesh ត្រូវបានក្រុមគ្រូពេទ្យមកពីវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលទូទាំងប្រទេសឥណ្ឌា ធ្វើការសិក្សាស្រាវជ្រាវពីស្ថានភាពជំងឺ ប៉ុន្តែពួកគេនៅតែមិនអាចបញ្ជាក់ពីរោគវិនិច្ឆ័យណាមួយជាផ្លូវការបាន។ ក្មេងប្រុសនេះពិតជាអស់សង្ឃឹមជាខ្លាំងក្នុងការ រកការព្យាបាលណាមួយឲ្យបានជាសះស្បើយ។

Akhilesh បានរៀបរាប់ថា “ឈាមបានហូរចេញតាមរាងកាយរបស់គេសឹងគ្រប់កន្លែង ហើយមានអារម្មណ៍ថាក្តៅនៅពេលដែលឈាមហូរចេញតាមត្រចៀក។ វាអាចកើតឡើងម្តង ឬជាង១០ដងក្នុងមួយថ្ងៃ ប៉ុន្តែបន្ទាប់ពីនោះមកវានឹងឈប់ ហើយលែងកើតមានក្នុងរយៈពេលជាច្រើន មុនពេលវាកើតឡើងម្តងទៀត”។

ក្មេងប្រុសរូបនេះបន្តថា “នៅក្នុងរយៈពេលប្រមាណ១៥ថ្ងៃ កន្លងទៅនេះ ឈាមបានហូរស្ទើតែរាងរាល់ថ្ងៃតែម្តង វាមិមានការឈឺចាប់នោះទេ ប៉ុន្តែវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា អស់កម្លាំង និងឈឺក្បាលទៅវិញ”។

គួរបញ្ជាក់ថា បន្ទាប់ពីគ្រូពេទ្យជាច្រើននៅក្នុងប្រទេសឥណ្ឌា មិនអាចព្យាបាលបាន ឪពុករបស់ក្មេងប្រុសរូបនេះ នៅតសល់តែក្តីសង្ឃឹមចុងក្រោយមួយ ដោយលោកបានអំពាវនាវឲ្យគ្រូពេទ្យនៅទូទាំងពិភពលោក មេត្តាជួយព្យាបាលស្ថានភាពជំងឺរបស់កូនប្រុស របស់គាត់ផង៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]