ថៃ៖ ពស់វែកជាសត្វមានពិសដ៏សាហាវម្យ៉ាង ដែលមនុស្ស សត្វ ខ្លាចខ្លាំងបំផុត ជាពិសេសនៅពេលដែល ដើរចូលទៅក្នុងតំបន់ព្រៃស្តុកៗ។ ពស់វែកមានច្រើនប្រភេទច្រើនសណ្ឋានខុសៗគ្នា ហើយវាក៏រស់នៅក្នុងតំបន់ខុសពីគ្នាដែរ។

យ៉ាងណាមិញ ស្ដេចពស់វែកម្យ៉ាង ដែលមានសម្បុរស ដែលភាគច្រើនពស់នេះសម្បូររស់នៅក្នុងព្រៃនៃប្រទេសឥណ្ឌា ប្រទេសចិនភាគខាងត្បូង និងនៅអាស៊ីអាគ្នេយ៍យើងប៉ុណ្ណោះ ដែលពស់ប្រភេទនេះបញ្ចេញពិស ៧មីលីលីត្ររាល់ពេលដែលវាចឹកម្ដងៗ ដែលបរិមាណពិសនេះអាចធ្វើឲ្យមនុស្ស ២០នាក់ ឬដំរីមួយស្លាប់បាន។ ពស់ប្រភេទនេះ កម្រប្រទះឃើញណាស់ដោយវាព្យាយាមរត់គេចពីមនុស្ស តែវាកាចសាហាវខ្លាំងនៅពេលដែលយើងបំពានទៅលើវា។

ផ្ទុយទៅវិញ ទោះបីជាពស់ប្រភេទនេះកាចសាហាវយ៉ាងណា ក៏វាមិនអាចយកឈ្នះមនុស្សបានដែរ។ ដោយកាលពីពេលថ្មីនេះ បុរសជនជាតិថៃម្នាក់ត្រូវបានគេកោតសរសើរពីភាពក្លាហាន និងតិចនិកក្នុងការចាប់ពស់កំណាចនេះបាន ដោយប្រើប្រាស់ដៃទទេ។

តាមរយៈឃ្លីបវីដេអូដែលបានបង្ហោះ ពស់វែកយក្សនេះត្រូវបានគេប្រទះឃើញវារចូលទៅក្នុងភូមិ មួយក្នុងខេត្ត Saraburi ភាគកណ្ដាលប្រទេសថៃ ដែលពស់នេះបានបង្ក ការភ័យខ្លាចដល់អ្នកភូមិ។ ក្រោយមកអ្នកភូមិក៏បានហៅ បុរសអ្នកជំនាញចាប់ពស់ម្នាក់ ដើម្បីមកចាប់ពស់កំណាចនេះយកចេញពីក្នុងភូមិ។ បុរសអ្នកចាប់ពស់នោះ បានមកដល់ជាមួយនឹង ដែកវែងម្យ៉ាងសម្រាប់ចាប់ពស់ ប៉ុន្តែពេលមកដល់ បុរសនោះបានចាប់ពស់នោះ លើកចុះលើកឡើង និងរត់លេងឆ្វែលចុះ ឆ្វែលឡើងជិត៥នាទីទម្រាំចាប់ពស់នោះដាក់ក្នុងការ៉ុង។

បុរសអ្នកចាប់ពស់ នោះក៏បាននិយាយមកកាមេរ៉ាថា ពស់ប្រភេទនេះថ្វីត្បិតតែវាមានភាពសាហាវមែន តែវាមិនរហ័សដូចពស់តូចៗទេ ដូចនេះយើងអាចចាប់វាមួយៗបាន។ លើសពីនេះ លោកក៏បានបញ្ជាក់ទៀតថា ពស់ប្រភេទនេះអាចមានប្រវែងដល់ទៅ ៥.៥ម៉ែត្រឯណោះ ដែលវាជាពស់ដែលធំជាងគេក្នុងចំណោមពស់ដែលមានពិស។

ចង់ដឹងពីវិធីសាស្ត្រចាប់ពស់របស់បុរសនោះ យ៉ាងណា ទស្សនាវីដេអូខាងក្រោម៖  

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ជ្រូកមួយក្រុម ព្រួតគ្នាសម្លាប់សត្វពស់កំណាចមួយក្បាល ដែលហ៊ានលេបកូនរបស់វា (មានវីដេអូ)

ថៃ៖ ពស់ជាសត្វកាចសាហាវមួយប្រភេទ ដែលវាមានកំលាំងក្នុងការតតាំងជាមួយសត្រូវយ៉ាងខ្លាំងក្លា និងជាពិសេសអាចមានសមត្ថភាពក្នុងការរកចំណីបានយ៉ាងងាយស្រួល។ យ៉ាងណាមិញ សត្វជ្រូកជាសត្វស្លូតមួយប្រភេទ បើប្រៀបធៀបជាមួយពស់ សត្វជ្រូក ប្រាកដជាសត្វដែលកើតមកសម្រាប់ជាចំណីពស់ស្រាប់បាត់ទៅហើយ ដោយវាគ្មានកំលាំងតតាំងជាមួយពស់ទេ ជាពិសេសពស់ថ្លាន់នេះតែម្ដង។

ផ្ទុយទៅវិញ ហេតុការណ៍ដ៏អស្ចារ្យមួយបានកើតឡើង ខណៈដែលក្រុមសត្វជ្រូកព្រៃមួយក្រុម បានប្រយុទ្ធតតាំងជាមួយពស់ថ្លាន់យក្សមួយក្បាល ដែលវារចូលមកក្នុងទឹកដីរបស់ក្រុមជ្រូកនោះ ដែលហេតុការណ៍នេះត្រូវបានថតជាប់ដោយមនុស្សមួយក្រុម ប៉ុន្តែមិនដឹងថាហេតុការណ៍នេះបានកើតឡើងនៅកន្លែងណាឲ្យពិតប្រាកដនោះទេ គ្រាន់តែដឹងថាអ្នកកាន់កាមេរ៉ា និងបក្សពួកជាជនជាតិថៃ ដោយពួកគេបាននិយាយគ្នាជាភាសាថៃក្នុងឃ្លីបវីដេអូ។

យោងតាមឃ្លីបវីដេអូ ក្រុមជ្រូកដែលមានគ្នាប្រមាណ ៨ក្បាលបានឡោមព័ទ្ធសត្វពោះនោះយ៉ាងជុំជិត តាំងពីក្បាលដល់កន្ទុយ ហើយបើក្រឡេកមើលទៅសត្វពស់នោះវិញ ពោះរបស់វាប៉ោង មួយកំណាត់ដែលទ្រង់ទ្រាយនោះ ប្រាកដណាស់ថាជាកូនជ្រូកដែលវាបានលេបចូលទៅ ហើយប្រហែលជាក្រុមជ្រូកខឹងនឹងវាខ្លាំងណាស់ហើយ បានជាព្រួតគ្នាខាំមិនសំចៃមាត់។

យ៉ាងណាមិញ ក្រុមអ្នកថតវីដេអូ ហាក់ដូចជាសាទរជាមួយចំណាត់ការរបស់ក្រុមជ្រូកដែលបានសងសឹកយ៉ាងសមចិត្តទៅលើពស់កំណាចនោះ ហើយក្រុមជ្រូកប្រហែលជាទទួលបានជ័យជំនះ ព្រោះនៅចុងបញ្ចប់នៃឃ្លីបវីដេអូ មានជ្រូកមួយក្បាលបានខាំគ្រវី ក្បាលពស់ថ្លាន់នោះយ៉ាងសាហាវ ហាក់បីដូចជាបញ្ចេញកំហឹងទៅលើពស់នោះ ដែលបានលេបត្របាក់សមាជិករបស់វា៕

ចង់ដឹងថាចំណាត់ការរបស់ក្រុមជ្រូកទៅលើពស់កំណាចនោះ យ៉ាងណាទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]