ភ្នំពេញ ថ្ងៃទី2 កុម្ភៈ៖ ក្រុមយុវជន និងសហគ្រិនវ័យក្មេងប្រកបដោយភាពច្នៃប្រឌិតចំនួន3ក្រុម កំពុងស្វែងរកដំណោះស្រាយបញ្ហាសង្គមកម្ពុជា លើកស្ទួយអាជីវកម្មក្នុងស្រុក និងជុំរុញយុវជនខ្មែរ ឲ្យឈានទៅសម្រេចក្ដីសុបិនរបស់ខ្លួននៅពេលក្លាយជាជ័យលាភីក្នុងកម្មវិធី Cellcard Lab រៀបចំដោយ សែលកាត និង Impact Hub

គំនិតផ្ដួចផ្ដើមដែលជួយលើកស្ទួយយុវជនខ្មែរក្នុងការប្រែក្លាយគំនិតអាជីវកម្មសង្គមរបស់ខ្លួនក្លាយជាការពិត នៅពេលនេះបានបញ្ចប់ជាស្ថាពរនៃការប្រកួតប្រជែងជុំទី1 ដោយ គម្រោងអាជីវកម្ម DoyDoy, Chelsy and Sweet Life ជាជ័យលាភី ។ ក្រុមទាំងបីបានឈ្នះរង្វាន់ជាប្រាក់សុទ្ធ និងអត្ថប្រយោជន៍ផ្សេងៗពីក្រុមហ៊ុនទូរស័ព្ទក្នុងការជួយគាំទ្រគំនិតអាជីវកម្មរបស់ពួកគេមានវត្តមានលើទីផ្សារ។

ជ័យលាភីលេខ 1 បានទៅលើ DoyDoy ដែលជាគម្រោងរបស់និស្សិត ឯម ច័ន្ទរិទ្ធកុរ មកពីវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ រិទ្ធកុរ បានពន្យល់អំពីតម្រូវការចាំបាច់សម្រាប់ល្បែងក្មេងលេងដើម្បីអភិវឌ្ឍបញ្ញាស្មារតី ដូច្នេះហើយទើប រិទ្ធកុរ បង្កើតនូវឧបករណ៍ល្បែងផ្គុំរូបដែលមានតម្លៃសមរម្យ សុវត្ថិភាព និងគួរឲ្យចូលចិត្តដោយតភ្ជាប់បំពង់បឺតជារូប3D។

រិទ្ធកុរ លើកលើងថា “ជាមួយ DoyDoy ខ្ញុំសង្ឃឹមថានឹង កុមារកម្ពុជាទាំងអស់អាចលេងល្បែងនេះដើម្បីជួយអភិវឌ្ឍជំនាញ និងគំនិតច្នៃប្រឌិតដល់ពួកគេ” ។ កុរបានបន្តទៀតថា “សព្វថ្ងៃមានល្បែងក្មេងលេងច្រើនណាស់ ប៉ុន្តែវាមានតម្លៃថ្លៃ ហើយហួសពីសមត្ថភាពគ្រួសារកម្ពុជាពិសេសអ្នកនៅតំបន់ជនបទ” ។

“ពួកគេខ្លះគ្មានសូម្បីតែរបស់លេងនៅសាលារៀនផង ហើយជាមួយ DoyDoy ខ្ញុំសង្ឃឹមថានឹងផ្លាស់ប្ដូរស្ថានភាពនេះ”។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ច័ន្ទរិទ្ធកុរ ដែលជាជ័យលាភីឈ្នះរង្វាន់ជាសាច់ប្រាក់ $5,000 និងអត្ថប្រយោជន៍ប្រើប្រាស់សេវាទូរស័ព្ទ និងអ៉ីនធើណិតឥតគិតថ្លៃមួយឆ្នាំ។

ជ័យលេភីលេខ 2 បានទៅលើក្រុម Chelsy’s Chhlat ជាគម្រោងមួយដែលជួយជំរុញឲ្យយុវជនកម្ពុជាចូលរួមកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក និងថែរក្សាបរិស្ថានតាមរយៈការប្រើប្រាស់ដបបត់ចម្រុះពណ៌ប្រកបដោយភាពច្នៃប្រឌិតអាចដាក់ទឹកបានឡើងវិញ។ ពូ ឈីងឈីង និង ញ៉ែម ចាន់ចាវ របស់ក្រុមឆ្លាត បានឈ្នះរង្វាន់សាច់ប្រាក់ $3,000 និងអត្ថប្រយោជន៍ប្រើប្រាស់សេវាទូរស័ព្ទ និងអ៉ីនធើណិតឥតគិតថ្លៃមួយឆ្នាំ។

“យើងមិននឹកស្មានថាពួកយើងបានឈ្នះឡើយដោយសារ បេក្ខភាពក្រុមចុងក្រោយរបស់ មានដំណោះស្រាយ និងគំនិតច្នៃបង្កើតថ្មីប្លែកពីគេ ប៉ុន្តែបន្ទាប់ពីទទួលបានដំបូន្មាន និងការណែនាំដំបូងពីវាគ្មិនបណ្ដុះបណ្ដាលរបស់ Cellcard Lab ពិតជាបានជួយជំរុញយើងអនុវត្តគំនិតអាជីវកម្មរបស់យើងកាន់តែប្រសើរ” នេះការលើកឡើងរបស់អ្នកទាំងពីរ។

គម្រោង Sweet Life កើតចេញពីគោលបំណងក្នុងការលើកកម្ពស់ការរស់នៅឲ្យប្រកបដោយសុខុមាលភាពតាមរយៈការដាំបន្លែសរីរាង្គនៅផ្ទះ។ ដើម្បីដោះស្រាយបញ្ហានេះ សៅ សិរីសុធា និង សៅ សុម៉ាឡែន បានផ្ដល់នូវការរចនា និងដំឡើងកសិដ្ឋានបន្លែខ្នាតតូចមួយនៃ និងផ្ដល់នូវវគ្គបណ្ដុះបណ្ដាល និងទស្សនកិច្ចកសិដ្ឋានដើម្បីលើកទឹកចិត្តឲ្យមានការទទួលទានបន្លែដែលគ្មានជាតិគីមី។

“Cellcard Lab ជាឱកាសដ៏ល្អបំផុត ដែលផ្ដល់នូវជំនាញ គំនិតស៊ីជម្រៅ ដើម្បីប្រែក្លាយគំនិតមួយឲ្យទៅជាអាជីវកម្មដែលមិនត្រឹមតែទទួលបានជោគជ័យនោះទេ ថែមទាំងផ្តោតលើនិរន្តរភាពទៀតផង”។ នេះជាការលើកឡើងរបស់ដៃគូទាំងពីរដែលបានឈ្នះរង្វាន់សាច់ប្រាក់ $2,000 និងអត្ថប្រយោជន៍ប្រើប្រាស់សេវាទូរស័ព្ទ និងអ៉ីនធើណិតឥតគិតថ្លៃមួយឆ្នាំ។ អ្នកទាំងពីរបានបន្ថែមថា “ការឈ្នះនេះនឹងកាន់តែជួយជំរុញយើងឲ្យសម្រេចគោលដៅក្នុងការផ្ដល់ឲ្យប្រជាពលរដ្ឋកម្ពុជាងាកមកទទួលទានបន្លែស្រស់ៗដែលមិនប៉ះពាល់ដល់សុខភាព ពីកសិដ្ឋានរបស់ពួកគាត់ប្រចាំថ្ងៃ”។

Cellcard Lab ជាកម្មវិធីគំរូអាជីវកម្មមួយដែលមានរយៈពេល6សប្ដាហ៍សម្រាប់សហគ្រិនវ័យ18-30ឆ្នាំដែលចង់ប្រែក្លាយគំនិតអាជីវកម្មសង្គមរបស់ខ្លួនឲ្យទៅជាឱកាសក្លាយជាអាជីវកម្មពិតប្រាកដ និងនាំយកផលិតផលរបស់ខ្លួនដល់ទីផ្សារផងដែរ។ Cellcard Lab ប្រកាសជ័យលាភីទាំងបីរៀងរាល់ត្រីមាសនៃអាជីវកម្ម។

Cellcard Lab ក៏ផ្ដល់ជូនបេក្ខភាពចុងក្រោយទាំងអស់នូវការហ្វឹកហ្វឺន វគ្គសិក្ខាសាលា និងការគាំទ្រអាជីវកម្ម ដោយវាគ្មិនល្បីៗ។ ទាំងនេះរួមមាន អ្នកដឹកនាំកម្មវិធី Cellcard ChangeMaker លោក ញឹម ឈុននី, Maelle Barbancon អ្នកសម្របសម្រួលមកពី Friends International’s technical និង Laura Smitheman សហស្ថាបនិក Impact Hup Phnom Penh

ទាំងបីចំណុច ផ្ដោតសំខាន់ទៅលើការជួយដល់បេក្ខភាពជុំចុងក្រោយបង្កើនគំរូអាជីវកម្មរបស់ខ្លួន ផ្ដល់នូវការបង្កើតក្រុម និងដំបូន្មានច្នៃប្រឌិត និងជួយសហគ្រិនក្នុងការអនុវត្ត និងប្រតិបត្តិលើគំនិតទាំងនោះឲ្យកាន់តែប្រសើរឡើង។ ជាការផ្ដល់រង្វាន់បន្ថែម ក្រុមទាំងប្រាំបីចុងក្រោយអាចប្រើប្រាស់សាលសហកិច្ចការបស់ Hub

លោក ឡាសស្លូ បារតា នាយកពាណិជ្ជកម្ម ក្រុមហ៊ុន សែលកាត បានអបអរសាទរដល់ជ័យលាភី និងបានថ្លែងថា ទោះបីជាពួកគេនៅក្មេង ប៉ុន្តែពូកគេបានបង្ហាញពីសមត្ថភាព គំនិតច្នៃប្រឌិត និងបានឆ្លុះបង្ហាញពីការប្ដេជ្ញាចិត្តដ៏រឹងមាំក្នុងការនាំយកគំនិតរបស់ខ្លួនឲ្យលេចចេញលទ្ធផលជាផ្លែផ្កា និងឥទ្ធិពលដ៏ល្អមួយ។

ថ្លែងក្នុងឱកាសនោះដែរ លោកបានបញ្ជាក់ថា “ ស្តង់ដារទាំងមូលដែលទទួលបានគឺស្ថិតក្នុងលំដាប់ខ្ពស់ដែលកំពុងឆ្លើយតបយ៉ាងពេញលេញទៅនឹងវគ្គដំបូងរបស់ Cellcard Lab ហើយបង្ហាញថាទេពកោសល្យកម្រិតណាដែលយើងរង់ចាំទទួលបាននូវការផ្ដល់ឱកាសមួយសម្រាប់ខ្លួន”។  លោកបន្តទៀតថា "ផ្អែកលើកត្តានេះ និងសុទិដ្ឋិនិយមដែលបានបង្ហាញតាមរយៈសិក្ខាកាមរបស់យើងក្នុងការខិតខំព្យាយាមបង្កើតនូវអ្វីថ្មីប្លែក យើងមានជំនឿចិត្តថាយុវជនសព្វថ្ងៃ នឹងដើរតួនាទីសំខាន់ក្នុងការលើកស្ទួយអាជីវកម្ម និងបរិយាកាសសហគ្រាសនៅកម្ពុជានាអនាគត”។

សម្រាប់ព័ត៌មានបន្ថែមអំពី Cellcard Lab សូមចូលទៅកាន់ http://www.cellcard.com.kh/en/cellcard-lab/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]