ថៃ៖ យោងតាមការឱ្យដឹងពីអ្នកចាត់ការផ្ទាល់ខ្លួន របស់កំពូលតារាស្រីនាង Chompoo Araya បានបង្ហាញប្រាប់ថា បច្ចុប្បន្នតារាស្រីរូបនេះ កំពុងតែមានផ្ទៃពោះជាលើកទី២ បានប្រមាណជា៦សប្តាហ៍ហើយ បន្ទាប់ពីបានរលូតកូនជាលើកដំបូងរបស់ខ្លួន កាលពីកំឡុងខែធ្នូ ចុងឆ្នាំ២០១៦ កន្លងទៅ។

រឿងនេះពិតជាធ្វើឱ្យនាង Chompoo Araya និងស្វាមីរំភើបចិត្តយ៉ាងខ្លាំង ញញឹមបិទមាត់មិនជិតនោះទេ ព្រោះក្តីប្រាថ្នារបស់ពួកគេទាំងពីរនាក់ថា ចង់បានកូននឹងគេនោះ បានសមដូចបំណងហើយ។

ក្រោយមក ពេលដំណឹងនេះ បានផ្សព្វផ្សាយចេញទៅក្រៅ បានធ្វើឱ្យបណ្តាអ្នកគាំទ្ររបស់នាង Chompoo Araya ទាំងអស់ពិតជាមានភាពសប្បាយរីករាយណាស់ ហើយពួកគេក៏បាននាំគ្នាផ្ញើក្តីរលឹក និងផ្ញើសារជូនពរដល់នាង និងកូននៅក្នុងផ្ទៃ សូមឱ្យមានសុវត្ថិភាព សុខភាពល្អ ទាំងអស់គ្នាផងដែរ។

ទន្ទឹមនឹងនេះដែរ លោក Nott visrut ដែលជាស្វាមីក៏បានថែរក្សា ថ្នាក់ថ្នមនាង Chompoo Araya យ៉ាងល្អឥតខ្ចោះមិនឱ្យខ្វះចន្លោះនោះទេ។ ជាពិសេស លោកក៏រំពឹងទុកជាមុនផងដែរថា កូនរបស់ខ្លួននាលើកនេះ គឺកូនប្រុស ព្រោះថាលោកមានជាប់ខ្សែជាជនជាតិចិន ដូច្នេះការទទួលបានកូនប្រុសជាលើកដំបូង គឺជារឿងមួយដ៏ល្អប្រសើរបំផុតនៅក្នុងគ្រួសារ៕ 

Chompoo Araya និងស្វាមី

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់កាលពីលើកមុនវិញ ទោះជា Chompoo Araya និងស្វាមី ខូចចិត្តខ្លាំង ពេលបាត់បង់កូនដោយអចេតនាក៏ដោយ ក៏ពួកគេទាំងពីរនាក់នៅតែមិនអស់សង្ឃឹមដែរ។

ជារឿងដ៏ជូរចត់ជាទីបំផុតសម្រាប់ តារាសម្តែងស្រីនាង Chompoo Araya និងលោក Not Visaravuth ដែលពួកគេបានបាត់បង់នូវកូនជាទីស្រលាញ់បាត់ទៅហើយគ្មានថ្ងៃវិលត្រឡប់ ក្រោយនាង Chompoo Araya បានរលូតកូនដោយអចេតនា។

ក្រោយការបាត់បង់ដ៏ធំធេង នៅក្នុងជីវិតនាលើកនេះ នាងបានបង្ហាញប្រាប់ថា ពួកគេទាំងពីរនាក់ពិតជាខូចចិត្តខ្លាំងណាស់ និងមានការសោកស្តាយជាពន់ពេក ប៉ុន្តែទោះបីជាជួបរឿងអកុសលយ៉ាងនោះក្តី ក៏លោក Not Visaravuth ជាស្វាមីនៅតែមិនចុះចាញ់នោះដែរ ព្រោះនៅមិនទាន់ហួសពេលទេ សម្រាប់ការយកកូន ហើយលោកថែមទាំងបានអះអាងទៀតថា មិនរាថយដាច់ខាត នៅក្នុងរឿងនេះ។ មិនតែប៉ុណ្ណោះលោកក៏បានទម្លាយថា នឹងមានបំណងយកកូនប្រុសស្រី ឱ្យបានមួយក្រុមទាត់បាល់តែម្តង ដោយមិនព្រមចុះចាញ់ ឧបសគ្គតូចធំនានានោះឡើយ។

ក្រៅពីនេះ ទាក់ទងនឹងរឿងកូននេះ លោក Not Visaravuth ក៏បានប្រាប់ឱ្យដឹងជាសាធារណៈផងដែរថា ពេលដឹងថា Chompoo មានកូនដំបូង គឺពិតជាសប្បាយចិត្តណាស់រកអ្វីមកផ្ទឹមគ្មាន ហើយកាន់តែបារម្ភពីសុខភាពភរិយាជាខ្លាំង និងជារឿយៗតែងតែមើលថែទាំដិតដល់ជានិច្ច។ 

ក្រោយមកនៅពេលដឹងថារលូតកូនទៅ លោកក៏បាននិយាយលួងលោមលើកកម្លាំងចិត្តឱ្យ Chompoo រឹងមាំឡើងវិញមិនដែលឃ្លាតឆ្ងាយឡើយ និងទៅពិគ្រោះជាមួយគ្រូពេទ្យយ៉ាងទៀងទាត់។

ណែកឯរឿងដែលលេចឮកាលពីពេលកន្លងទៅថាមានការហាមឃាត់រឿងថតល្ខោននោះគឺលោក Not Visaravuth បានថ្លែងថា មិនមែនជាការពិតទេព្រោះ Chompoo ខ្លួនឯងផ្ទាល់ជាមនុស្សមានភាពទទួលខុសត្រូវ ក្នុងរឿងការងារច្បាស់លាស់ណាស់ នាងអាចបែកចែកបានថា រវាងគ្រួសារ និងការងារ តើមួយណាមានសារៈសំខាន់ចាំបាច់មុនគេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]