រាជធានី​ភ្នំពេញ ៖ ទីបំផុត បុរស​អ្នកបើកបរ​រថយន្ត​ ដឹក​ស៊ីម៉ង់ត៍​ជើង​ខ្លាំង​ ដែល​បាន​ធ្វើ​ទារុណកម្ម វាយ​ធ្វើបាប និង​ប៉ុនប៉ង​ចាក់​សម្លាប់ ព្រមទាំង​គំរាម​ថា នឹង​តាម​ធ្វើ​ស៊ី​(​សម្លាប់​ចោល​)​ស្ត្រី​ម្នាក់​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ចាប់ខ្លួន​បាន​ហើយ​កាលពី​វេលា​ម៉ោងជាង​ ១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់​ពី​រត់គេច​ខ្លួន​ អស់​រយៈពេល​ជាង​១២​ម៉ោង ។

ស្ត្រី​រង​គ្រោះ​​ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា រវាង​នាង​និង​ជន​ដៃដល់​ជា​មនុស្ស​ស្គាល់គ្នា ដោយ​នាង​បាន​ហៅ​គាត់​ ឲ្យ​មក​នៅ​ក្បែរ​បានជា​គ្នា​ទៀត​ផង ហើយ​កន្លង​មក​មិន​ដែល​មាន​ទំនាស់​គ្នា​ទាល់តែ​សោះ ប៉ុន្តែ​មិនដឹង​ថា​ជន​នោះ​ខឹង និង​មាន​គំនុំ​អ្វី​ជាមួយ​នាង​តាំងពី​ពេល​ណា​មក​ទេ​ទើប ធ្វើបាប​នាង​បែប​នេះ ។

ប៉ុន្តែ​ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​ ប្រាប់​សមត្ថកិច្ច​ថា មិនមែន​នៅ​សុខ​ៗ​ខ្លួន​ទៅ​វាយ​នាង​ដោយ​គ្មាន​ រឿង​ទៅ​កើត​នោះ​ទេ គឺ​មុន​ពេល​កើតហេតុ ដោយសារ​តែ​នាង​ម្នាក់​នោះ​និយាយដើម​ បរិហារកេរ្តិ៍​ខ្លួន​មិន​ឈប់ ហើយ​នៅ​ពេល​ដឹងខ្លួន​ថា ត្រូវ​ស្ត្រី​នោះ​និយាយ​បរិហារកេរ្តិ៍​បែប​នេះ ខ្លួន​ខឹង​ខ្លាំង​ណាស់​ក៏​បាន​ទៅ​សួរនាំ និង​បបួល​នាង​ដើម្បី​ទៅ​ជជែក​គ្នា​នៅ​ប៉ុស្ដិ៍​ប៉ូលិស​ចោម​ចៅ រក​ខុស​ត្រូវ ស្រាប់តែ​ពេល​នោះ​ស្ត្រី​ខាងលើ​បាន​ជេរ​ម្រ៉ា​យ​ខ្លួន​ឥត​សំចៃមាត់​ ហើយ​ថែម​ទាំង​និយាយ​ថា​ «​ឯង​ឪ​អញ​មែន បាន​បបួល​អញ​ទៅ​ប៉ុស្ដិ៍​ប៉ូលិស?​» ដែល​សម្ដី​នោះ​បាន​ដុត​បញ្ឆេះ​ កំហឹង​ឲ្យ​ខ្លួន​រឹតតែ​ខឹង​ខ្លាំង​ថែម​ទៀត រហូត​អត់ទ្រាំ​មិន​ បាន​ក៏​បាន​វាយ​តែ​ម្ដង ប៉ុន្តែ​ខណៈនោះ​ស្ត្រី​ម្នាក់​នេះ ក្រញៅ​បណ្ដាល​ឲ្យ​រូបគេ​មុត​ ក្រចក​ដាច់​សាច់​ផ្ទៃមុខ ទើប​រូបគេ​ទាញ​យក​កូន កាំបិត​ប្រុង​ចាក់​សម្លាប់​តែ​ម្ដង។

គួរ​បញ្ជាក់​ថា ហេតុការណ៍​ខាងលើ​នោះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ដែល​ជា​ជន​រង​គ្រោះ​នោះ​ឈ្មោះ អ៊ឹម ស្រី​ម៉ៅ អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ស្រងែ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ប្តី​ឈ្មោះ ចិន ស៊ី​ម អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ ។

ចំណែក​ជន​ដៃដល់​ឈ្មោះ ឆេ​ង លី ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្បែរ​គ្នា ត្រូវ​ចាប់ខ្លួន​បាន​ហើយ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ហៅ​មក​នៅ​ជិត​បានជា​គ្នា បែរជា​វាយ​ធ្វើបាប​ហើយ​ប៉ុនប៉ង​ចាក់​សម្លាប់​ទៀត

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ឲ្យ​រួច​ផុត​ពី​សេចក្ដីស្លាប់ ហើយរ​ត់ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ជួយ​អន្តរាគមន៍​បន្ទាប់​ពី​នាង​ទទួល​រង​ទារុណកម្ម​វាយ​ធ្វើបាប និង​ប៉ុនប៉ង​ចាក់​សម្លាប់​ពី​បុរស​ម្នាក់​ដែល​រស់នៅ​បន្ទប់​ជួល​ជិត​គ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ឹម ស្រី​ម៉ៅ អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ស្រងែ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ប្តី​ឈ្មោះ ចិន ស៊ី​ម អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ ឆេ​ង លី ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្បែរ​គ្នា ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា នាង​និង​ជន​ដៃដល់​ជា​មនុស្ស​ស្គាល់គ្នា ដោយ​នាង​បាន​ហៅ​គាត់​ឲ្យ​មក​នៅ​ក្បែរ​បានជា​គ្នា​ទៀត​ផង ហើយ​កន្លង​មក​មិន​ដែល​មាន​ទំនាស់​គ្នា​ទាល់តែ​សោះ ប៉ុន្តែ​មិនដឹង​ថា ជន​នោះ​ខឹង ឬ មាន​គំនុំ​អ្វី​ជាមួយ​នាង​តាំងពី​ពេល​ណា​ទេ ទើប​ធ្វើបាប​នាង​បែប​នេះ ។

ស្ត្រី​រង​គ្រោះ​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ខណៈ​នាង​កំពុង​បោសសំអាត​ផ្ទះ​ដោយ​មិនដឹង​ខ្លួន ស្រាប់តែ​ជន​នោះ​ស្រែក​ឡូឡា បន្ទាប់​មក​បាន​ទាញ​អំបោស​វាយ​នាង​ទាំង​កំរោល​ដោយ​មិនដឹង​មូលហេតុ បន្ទាប់​មក​ជន​នោះ​បាន​ទាញ​យក​កូនកាំបិត​ប៉ង​ចាក់​សម្លាប់​នាង​ទៀត ប៉ុន្តែ​បាន​អ្នក​ជិតខាង​ជួយ​ទាន់ កុំ​អី​នាង​ស្លាប់​បាត់​ទៅ​ហើយ មិនតែប៉ុណ្ណោះ​ជន​នោះ​បាន​នាំ​បក្សពួក​តាម​សម្លាប់​នាង​ចោល​ថែម​ទៀត​ផង ។ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល ជន​បង្ក​បាន​បើករថយន្ត​ម៉ា​កវី​ហ្គោ ស៊េរី​ឆ្នាំ​២០១៦ គេចខ្លួន​បាត់ ព្រមទាំង​បាន​គំរាម​តាម​ទូរស័ព្ទ​ថា ទោះ​នាង​ទៅ​ដល់​ទីណា​ក៏​តាម​ធ្វើ​នាង​ស៊ី​(​សម្លាប់​នាង​ចោល​)​ដែរ និង​គំរាម​ថា និង​ដាក់​ពាក្យ​ប្ដឹង​នាង​ទៀត​ផង ។ ពិតជា​ខ្លាំង​គួរ​ឲ្យ​ខ្លាច​មែនទែន​សម្រាប់​អ្នក​ទន់ខ្សោយ​ដូច​ជា​រូប​នាង​។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ថា ក្រោយ​ពេល​ទទួល​រង​ទារុណកម្ម និង​ប៉ុនប៉ង​ចាក់​សម្លាប់​ពី​សំណាក់​ជន​ដៃដល់ ខាងលើ​នោះ​រួច ស្ត្រី​រង​គ្រោះ​បាន​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​សំណាក់​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ហើយ​ខណៈនោះ​កម្លាំង​បាន​ចុះ​ភ្លាម​ៗ ប៉ុន្តែ​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ជន​នោះ​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]