ភ្នំពេញ៖ បើនិយាយពីចំណីអាហារ សម្រាប់ទទួលទាន មិនថាបែបសម្រន់ ឬអាហារប្រភេទណានោះទេ ឲ្យតែមានរសជាតិឆ្ងាញ់ គឺមិនខ្វះអ្នកចង់សាកល្បង ទទួលទានឡើយ។ ជាពិសេស សព្វថ្ងៃនេះ មនុស្សគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ មានការនិយមទទួលទានអាហារខាងក្រៅច្រើន ដោយសារចង់ភ្លក់ ចង់សាក របស់ដែលឆ្ងាញ់ ហើយតម្លៃសមរម្យទៀត។

ទន្ទឹមនឹងនេះដែរ អាកាសធាតុត្រជាក់ៗ លក្ខណៈធ្លាក់ខ្យល់បែបនេះ ប្រសិនបើបានទទួលទានស៊ុបមិនដឹងជាល្អប៉ុណ្ណាទេ។ យើងជឿជាក់ថា អ្នកទាំងអស់គ្នា ប្រាកដជាធ្លាប់ដឹងធ្លាប់ឮហើយ នូវស៊ុបក្តាមម្តុំបាក់ទូក កាលពីយូរណាស់មកហើយ។ ប៉ុន្តែ ផ្ទុយទៅវិញ ថ្ងៃនេះយើងនឹងនាំប្រិយមិត្តអ្នកអាន ឲ្យងាកមក ស៊ុបក្តាម ល្បីប្រចាំតំបន់សាលាសន្ធរម៉ុកវិញម្តង ដែលទទួលបានការគាំទ្រ និងភាពល្បីល្បាញ ពីអ្នកទទួលទានខ្លាំង មិនចាញ់តំបន់ផ្សេងៗឡើយ។

គួរបញ្ជាក់ផងដែរថា ស៊ុបក្តាមនេះមិនមែនជាស៊ុប ដែលទទួលទានក្នុងឆ្នាំងធំ ដូចជាស៊ុបធម្មតាដទៃទៀតដែលមានបន្លែ មានសាច់ រួមគ្នានោះទេ។ វាគឺជាស៊ុប មួយប្រភេទ ដែលមានសាច់ក្តាម ពងទា ផ្សិត សរសៃល្អិតៗ ដែលត្រូវបានគេលាយបញ្ជូលគ្នា ជាមួយគ្រឿងផ្សំផ្សេងទៀត ដើម្បីបង្កើតបានជាស៊ុប។ ជាពិសេស វាកាន់តែមានរសជាតិឆ្ងាញ់មួយកម្រិត ថែមទៀត ដោយទទួលទានជាមួយ ពងក្រួច និងស្បែកជ្រូកបំពង។ 

ដោយសារតែចង់ដឹងអំពីសេចក្តីលម្អិតបន្ថែម ពីតូបលក់ស៊ុបក្តាមនេះ បានកាន់តែជ្រាបច្បាស់ជូនប្រិយមិត្ត ក្រុមការងារ Khmerload បានចុះទៅធ្វើការសាកសួរ សំភាសន៍បងស្រី ដែលជាម្ចាស់តូបស្រាប់ កាលពីថ្មីៗនេះផងដែរ។ តោះទៅតាមដានទាំងអស់គ្នា!

មកជួបជាមួយនឹង បងស្រីម្ចាស់តូបលក់ស៊ុបក្តាមសន្ធរម៉ុក ដែលមានឈ្មោះថា “ហ័រ” បាននិយាយរៀបរាប់ថា ៖ ខ្ញុំគឺជាម្ចាស់តូបលក់ស៊ុបក្តាមនេះ ជាមួយបងស្រីឈ្មោះប៊ុនលី ដែលបានបើកលក់ប្រមាណជា ៥ ឆ្នាំមកហើយ។ អ្នកដែលមកទិញ ភាគច្រើនតែងតែសរសើរថា ឆ្ងាញ់ជាប់មាត់ និងតម្លៃសមរម្យ សឹងតែគ្រប់ៗគ្នាតែម្តង។” 

រូបភាព៖ បងស្រី ហ័រ
រូបភាព៖ បងស្រី ហ័រ

សម្រាប់តម្លៃរបស់ស៊ុបក្តាមបងស្រី មានចាប់ពី ២០០០៛ រហូតដល់តម្លៃ ៥០០០៛ ទៅតាមទំហំប្រអប់កំប៉ុង និងខុសគ្នាទៅតាមការបន្ថែមចំនួន ពងក្រួច និងស្បែកជ្រូកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បងស្រីមានលក់ជាភេសជ្ជៈគ្រប់ប្រភេទ រួមមានដូចជា ទឹក ទឹកផ្លែឈើ តែក្រូចឆ្មារ តែបៃតង កាហ្វេ និងគ្រឿងកំប៉ុងគ្រប់មុខ ទៀតផង។

សម្រាប់ទីតាំងលក់ស៊ុបក្តាមរបស់បងស្រី គឺងាយស្រួលរក មិនជាពិបាកអ្វីទេ ដោយតូបរបស់គាត់ ស្ថិតនៅខាងលិចសាលាសន្ធរម៉ុក ផ្លូវលេខ ១៣២ ផ្ទះលេខ ១៤៦ ឈៀងនឹងសាលាសកលវិទ្យាបន្តិច ឬអាចទំនាក់ទំនងបងស្រីតាមលេខទូរស័ព្ទ ០៧៧ ៥៣ ៩៥ ៩៥ ក៏បាន។ បងស្រី តែងបើកលក់ ស៊ុបក្តាម និងភេសជ្ជៈ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥ កន្លះព្រឹក រហូតទាល់តែម៉ោង ៦ ល្ងាចឯណោះ។ 

គួរបញ្ជាក់ជូនប្រិយមិត្តដែរថា កាលពីគ្រាមុនៗ ក៏មានអ្នកលក់ស៊ុបក្តាម ដូចជាបងស្រី នៅតំបន់សាលាសន្ធរម៉ុកដែរ ប៉ុន្តែមិនបានទទួលការគាំទ្រ ពីសំណាក់អ្នកទទួលទានដូចជា ស៊ុបក្តាមរបស់បងស្រី ហ័រ ឡើយ រហូតបិទឈប់លក់អស់ថែមទៀតផង។ ហើយសព្វថ្ងៃនេះ មានតែតូបស៊ុបក្តាមរបស់បងស្រីប៉ុណ្ណោះ ដែលមានលក់នៅម្តុំនោះ។ ជាងនេះទៅទៀត អ្នកដែលជាអតិថិជន របស់ស៊ុបក្តាមបងស្រី ហ័រ មានគ្រប់វ័យ ទាំងក្មេង ទាំងមនុស្សវ័យកណ្តាល និងទាំងមនុស្សចាស់ ប៉ុន្តែភាគច្រើនគឺសិស្សសាលាសន្ធរម៉ុកតែម្តង។

ក្រុមការងារយើង ក៏បានសាកសួរប្អូនប្រុសម្នាក់ឈ្មោះ “រតនៈ” ដែលបានទៅទទួលទាននៅទីនោះផងដែរ។ សិស្សថ្នាក់ទី ៩ នៃវិទ្យាល័យ ជាស៊ីមសន្ធរម៉ុកបាននិយាយរៀបរាប់ថា ៖ ខ្ញុំចូលចិត្តមកញ៉ាំស៊ុបក្តាមកន្លែងគាត់ គឺព្រោះតែឆ្ងាញ់ មិនដូចជាស៊ុបក្តាមដទៃទេ ហើយតម្លៃក៏សមរម្យ មិនថ្លៃអីទេ។ និយាយរួម ខ្ញុំញ៉ាំសឹងតែរាល់ថ្ងៃតែម្តង នៅពេលចេញពីសាលារៀន។” 

ជាចុងក្រោយ បងស្រីក៏សំណូមពរ ឲ្យប្រិយមិត្តអ្នកអាន ជាពិសេស អ្នកដែលចូលចិត្តស៊ុបក្តាម ឲ្យអញ្ជើញមកភ្លក់ស្នាដៃរបស់គាត់ មិនសាក ពិតជាមិនដឹងឡើយ! ពីព្រោះមានអ្នកមួយចំនួន តែងនិយាយថា ខ្លាចមិនឆ្ងាញ់ តែចុងក្រោយបែរជាជាប់ចិត្តសឹងតែគ្រប់ៗគ្នា ទៀតផង។

គួរបញ្ជាក់ឡើងវិញដែរថា តូបស៊ុបក្តាមរបស់បងស្រី ស្ថិតនៅខាងលិចសាលាសន្ធរម៉ុក ផ្លូវលេខ ១៣២ ផ្ទះលេខ ១៤៦ ឈៀងនឹងសាលាសកលវិទ្យា ដោយលក់ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៥ កន្លះព្រឹក រហូតទាល់តែម៉ោង ៦ ល្ងាច៕

ចុះប្រិយមិត្តវិញ ធ្លាប់បានទៅភ្លក់ ស៊ុបក្តាមប្រចាំសាលាសន្ធរម៉ុក ហើយឬនៅ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]