រាជធានីភ្នំពេញ ៖ អ្នកនិពន្ធជើងចាស់មានឈ្មោះល្បីតាំង ពីអំឡុងទសវត្ស៦០មក គឺលោកតាព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានទទួលមរណភាពហើយក្នុងវ័យ៨១ឆ្នាំ កាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ថ្ងៃអាទិត្យ ១៦ កញ្ញា  ។ សពរបស់លោកតាត្រូវក្រុមគ្រួសារ យកទៅបញ្ចុះនៅស្រុកគិរីវង់ ខេត្តតាកែវ ជាស្រុកកំណើតរបស់គាត់ ។

បើតាមកញ្ញា មៀច ធីតារ័ត្ន ជាកូនស្រីច្បងរបស់លោកតាព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ ប្រាប់កោះសន្តិភាពតាមទូរស័ព្ទឱ្យដឹងថា កន្លងមកគាត់កើតជំងឺលើសឈាម និងជំងឺបេះដូង តែគាត់ថែរក្សាសុខភាពបានល្អណាស់ ។ ជាអកុសលមុនពេលលោកតា ព្រឹទ្ធាចារ្យស្លាប់បានរអិលជើងដួលធ្វើឱ្យ បាក់ឆ្អឹងភ្លៅ និងធ្វើឱ្យស្ពៀតសរសៃឈាមខួរក្បាល ។ ទោះស្ថិតក្រោមការសង្គ្រោះនិងព្យាបាល ដោយយកចិត្តទុកដាក់ពីក្រុម គ្រូពេទ្យជំនាញក៏ដោយក៏លោក ព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ នៅតែមិនអាចជួយសង្គ្រោះបាន គឺគាត់លាចាកលោកបន្សល់ទុកតែភាព សោកស្តាយសម្រាប់ក្រុមគ្រួសារ និងសង្គមទាំងមូល។

ពេលនេះសពរបស់លោកតាព្រឹទ្ធាចារ្យត្រូវក្រុម គ្រួសារយកទៅបញ្ចុះនៅស្រុកគិរីវង់ ខេត្តតាកែវ ។ កាលពីថ្ងៃសុក្រ ទី ២១ កញ្ញា ក្រុមគ្រួសាររបស់លោកតា ព្រឹទ្ធាចារ្យបានប្រារព្ធពិធីបុណ្យខួបគំ រប់៧ថ្ងៃនៅផ្ទះរបស់គាត់ផ្ទាល់ក្នុងបុរីពិភពថ្មី ផ្លូវលេខ២០១១ ផ្ទះលេខ១៤២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយនឹងបញ្ចប់នៅវេលាថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១២ ។
លោកតាព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ កើតថ្ងៃពុធ ខែអស្សុជ ឆ្នាំវក ត្រូវនឹងគ្រឹស្តសករាជ១៩៣២ នៅភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ  ឪពុកឈ្មោះមៀច អ៊ូច និងម្តាយឈ្មោះអ៊ុង នាង ជាពូជពង្សកសិករ ។ កាលពីនៅកុមារលោកតាព្រឹទ្ធាចារ្យសិក្សានៅវត្តព្រះធាតុ រួចបន្តទៅសាលាបឋមសិក្សាគិរីវង់ទន្លាប់ ខេត្តតាកែវ ។

គ្រាបន្ទាប់មកលោកតាព្រឹទ្ធាចារ្យបានបញ្ចប់ ការសិក្សានៅសារមធ្យមសិក្សាភ្នំពេញ និងបានបម្រើការងារជាគ្រូបង្រៀន រួចជាសាស្រ្តាចារ្យមធ្យមសិក្សាភាសាបារាំង-ខ្មែរ ។ក្នុងមួយជីវិតលោកតាព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ ពេញចិត្តនឹងវប្បធម៌ ប្រពៃណី និងអក្សរសាស្រ្ត ។ ស្នាដៃ និងការងាររបស់លោកតា ព្រឹទ្ធាចារ្យរួមមាន នាឆ្នាំ១៩៩៧ និពន្ធរឿង កំហុសអ្នកណា និងសៀវភៅទំនៀមទំលាប់«ក្រមុំចូលម្លប់» ។ឆ្នាំ ១៩៩៤-១៩៩៩ និពន្ធចងក្រងសៀវភៅកម្រងឯកសារ ស្តីពីប្រពៃណី និងទំនៀមទំលាប់ខ្មែរ ភាគ១ចេញផ្សាយពីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ។

ឆ្នាំ១៩៩៤ ជាសមាជិកគណៈកម្មការនិពន្ធទស្សនាវដ្តី កម្ពុជសុរិយា ។
ឆ្នាំ២០០២ និពន្ធចងក្រងការសិក្សាប្រៀបធៀបអាពាហ៍ពិពាហ៍បួនបែបរបស់ខ្មែរ ។
ឆ្នាំ២០០៤ និពន្ធចងក្រងរឿងខ្លីៗសម្រាប់កុមារ ភាគ១ និងសរសេរភាគ២ បញ្ចប់ ។
ឆ្នាំ២០០៧ សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ តាមអនុក្រឹតលេខ១៨ អនក្រ/បក ចុះថ្ងៃទី៥ មីនា ២០០៧ ។
ឆ្នាំ ២០០៧ ចេញផ្សាយជាថ្មីកម្រងឯកសារ ស្តីពីប្រពៃណី និងទំនៀមទំលាប់ខ្មែរ ភាគ១ បោះពុម្ភលើកទី៣ ពីគ្រឹះស្ថានបោះពុម្ភផ្សាយ អង្គរ ។
ឆ្នាំ២០០៨ និពន្ធសៀវភៅកម្រងឯកសារ ស្តីពីប្រពៃណី និងទំនៀមទំលាប់ខ្មែរ ភាគ២ និងភាគ៣ ចេញផ្សាយពីគ្រឹះស្ថានបោះពុម្ពផ្សាយ អង្គរ ។

ឆ្នាំ២០០១ និពន្ធសៀវភៅកម្រងឯកសារ ស្តីពីប្រពៃណី និងទំនៀមទំលាប់ខ្មែរ ភាគ៤ចេញផ្សាយពីគ្រឹះស្ថានបោះពុម្ភផ្សាយអង្គរ ។
ចំពោះគ្រឿងឥស្សរិយយស គឺលោកតាព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ ទទួលមេដាយមាសការងារនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០១ ។ 
ពេល នេះលោកតាព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ លាចាកលោកទៅហើយ តែស្នាដៃរបស់គាត់នៅតែមានជីវិតបំរើសង្គមផ្នែកអក្សរសាស្ត្រ និងប្រពៃណី ទំនៀមទំលាប់ ធ្វើឱ្យគេចងចាំ និងនឹកដល់គុណបំណាច់ចំពោះសង្គមរបស់គាត់ជានិច្ច ៕ 

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]