ជប៉ុន៖ លោក Masaya Nakamura ស្ថាបនិកដ៏ល្បីឈ្មោះនៃវីដេអូហ្គេម Pac-Man របស់ក្រុមហ៊ុន Bandai Namco បានទទួលមរណភាពហើយ ក្នុងវ័យ៩១ឆ្នាំ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនខាងលើ។ តែទោះជាយ៉ាងណាខាងក្រុមហ៊ុន មិនបានធ្វើអត្ថាធិប្បាយពីមូលហេតុនៃការស្លាប់ ឬព័ត៌មានលម្អិតផ្ទាល់ខ្លួនផ្សេងឡើយ ដោយខាងគ្រួសាររបស់គាត់ សុំមិនឲ្យបញ្ចេញ។

សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះថា ពិធីបុណ្យសព របស់លោក Masaya Nakamura និងភ្ញៀវដែលចូលរួមក្នុងពិធី ត្រូវរៀបចំឡើងតាមបែបឯកជន សម្រាប់គ្រួសារ ប៉ុន្តែពិធីគោរពវិញ្ញាណខន្ធដាច់ដោយឡែកមួយ​ផ្សេងទៀត សម្រាប់ឲ្យមនុស្សទូទៅចូលគោរព ត្រូវបានគេគ្រោងទុក។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក Masaya Nakamura ដែលជាបិតាហ្គេម Pac-Man រូបនេះ បានធ្វើជាទីប្រឹក្សាកិត្តិយសរបស់ក្រុមហ៊ុន Bandai Namco រហូតដល់ពេលលោកទទួលមរណភាពកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។ 

លោកត្រូវបានគេស្គាល់ថា ជាបិតារបស់ហ្គេម Pac-Man ដោយសារវាស្នាដៃធំបំផុតក្នុងវិស័យហ្គេមរបស់លោក ដែលផ្ដើមចូលទីផ្សារដោយក្រុមហ៊ុន Bandai Namco ។ ហ្គេមមួយនេះបានទទួលការគាំទ្រពីអ្នកលេងជាច្រើនជុំវិញពិភពលោករហូតមកដល់បច្ចុប្បន្ន ដោយមានអ្នកលេងដល់ទៅជាង ១ម៉ឺនលានដងទៅហើយ។

ជាមួយនឹងការលេងបែបសាមញ្ញ តែមានមានការទាក់ទាញ ហ្គេម Pac-Man ក៏ត្រូវបានជាប់ឈ្មោះក្នុងសៀវភៅកំណត់ត្រាពិភពលោក ដែលជាហ្គេមដំណើរការលើម៉ាស៊ីនហ្គេមដាក់កាក់ មានអ្នកលេងច្រើនបំផុត បើទោះជាវាមិនមែនជាហ្គេមបែកកាប់ចាក់ ឬវាយប្រហារក៏ដោយ។

គួរបញ្ជាក់ថា លោក Masaya Nakamura គឺជាស្ថាបនិករបស់ក្រុមហ៊ុនហ្គេម Namco ហើយលោកបានចុះបញ្ចីក្រុមហ៊ុនមួយនេះ នៅក្នុងឆ្នាំ១៩៨០។ ចំណែកឯហ្គេម Pac-Man ដ៏ល្បីល្បាញ ត្រូវបានដាក់លក់នៅក្នុងឆ្នាំ ១៩៨០ ដោយប៉ាន់ប្រមាណថា មានអ្នកលេងដល់ទៅជាង ១ម៉ឺនលានដង៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]