(ភ្នំពេញ)៖ កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ដោយសហការជាមួយកម្លាំង នគរបាលខេត្តបាត់ដំបង បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលមានម្នាក់ជាប្រធានសាខាធនាគារអេស៉ីលីដា ក្រុងបាត់ដំបង និង៥នាក់ទៀត ជាបុគ្គលិកធនាគារអេស៉ីលីដា ក្រុងបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក អ៉ិន​ ចាន់នី ប្រធានធនាគារអេស៉ីលីដា ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដោយប្តឹងជនសង្ស័យទាំង៦រូបពីបទ «រំលោភលើសេចក្តីទុកចិត្តដោយអភិបាលការងារ» ប្រព្រឹត្តទៅកាលពីឆ្នាំ២០១៤-២០១៥ ដែលមានទំហំទឹកប្រាក់ ប្រមាណជាង១លានដុល្លារអាមេរិក។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ខាងលើ មាន៥នាក់ជាបុគ្គលិកធនាគារអេស៉ីលីដាក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួន នៅសាខាធនាគារ នៅក្រុងបាត់ដំបង និងម្នាក់ទៀត ដែលជាប្រធានសាខាត្រូវបានឃាត់ខ្លួន នៅរាជធានីភ្នំពេញ។

ជនសង្ស័យទាំង៦នោះរួមមាន៖ ១៖ ឈ្មោះ ស៉ីវ សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ, ២៖ ឈ្មោះ ឡេវ ឆាយ ភេទប្រុស អាយុ៣៨ឆ្នាំ, ៣៖ ឈ្មោះ បឿន សំណង់ ភេទប្រុស អាយុ៣៧ឆ្នាំ, ៤៖ ឈ្មោះ ជា សិលា ភេទប្រុស អាយុ៣៤ឆ្នាំ, ៥៖ ឈ្មោះ ញឹក សារ៉ន អាយុប្រុស អាយុ៣៦ឆ្នាំ, ៦៖ ឈ្មោះ ឈន ទឹន ភេទប្រុស អាយុ៣៨ឆ្នាំ ដែលសុទ្ធសឹងជាអ្នករស់នៅក្នុងខេត្តបាត់ដំបង។

ពាក់ព័ន្ធករណីឃាត់ខ្លួននេះ លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៉ីលីដា បានថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះថា ធនាគារអេស៉ីលីដា ពិតជាបានប្តឹងទៅសមត្ថកិច្ច ឲ្យឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នោះ ប្រាដកមែន។

លោកបានបញ្ជាក់ទៀតថា បណ្តឹងឲ្យឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញភាពមិនប្រក្រតីជាច្រើន ក្នុងធនាគារអេស៉ីលីដា ក្រុងបាត់ដំបង ដោយភាពមិនប្រក្រតីនោះមាន ដូចជាបញ្ហាទំហំឥណទាន និងការបន្លំឯកសារសាធារណៈជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ កំពុងឃាត់ខ្លួននៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ មេជួញដូរគ្រឿងញៀនសារភាពថា បានបង់លុយ ៧ពាន់ដុល្លារ និងម៉ូតូមួយគ្រឿង ជាថ្នូរបានរួចខ្លួន, តែមន្រ្តី​បដិសេធថា មិនបាន​ទទួលនោះឡើយ

(ភ្នំពេញ)៖ ជនសង្ស័យមុខសញ្ញាចែកចាយគ្រឿងញៀនដ៏ធំ និងសកម្មម្នាក់ បានសារភាពថា ធ្លាប់បានបង់លុយចំនួន ៧ពាន់ ដុល្លារ និងម៉ូតូ Zommer-X មួយគ្រឿង ជូននគរបាលការិយាល័យក១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីជាថ្នូរនឹងការដោះលែងរូបគេឲ្យ មានសេរីភាពឡើងវិញ។ តែប្រធានការិយាល័យ​ប្រឆាំងគ្រឿងញៀនក១ បានច្រានចោលការចោទប្រកាន់ និងអះអាងថា មន្រ្តីរបស់ខ្លួនគ្មាននរណាម្នាក់យកលុយពីជនសង្ស័យរូបនេះឡើយ។

ជនសង្ស័យជួញដូរ និង ចែកចាយគ្រឿងញៀន ដ៏សកម្មម្នាក់ឈ្មោះ នែម រតនៈ អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជាថ្មី នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដោយរឹបអូសបានវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់។

ការឃាត់ខ្លួនជាថ្មីនៅផ្ទះជួលក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនៅថ្ងៃម្សិលមិញនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនក្រាមសថ្លា ហៅម៉ាទឹកកកចំនួន ៩កញ្ចប់ធំ និង ៨កញ្ចប់តូច ប៊ិចកាំភ្លើង ១ដើម មានគ្រាប់ ១គ្រាប់ និងវត្ថុតាងវិចខ្ចប់មួយចំនួនផងដែរ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមច្បាប់។

លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ទទួលបន្ទុកព្រហ្មទណ្ឌបញ្ជាក់ថា មុខសញ្ញាជួញដូររូបនេះ ជាមុខសញ្ញាដែលធ្លាប់ជាប់ពន្ធធនាគារម្តងរយៈពេល២ឆ្នាំពាក់ព័ន្ធការជួញដូរគ្រឿងញៀនផងដែរ។ ការចាប់ខ្លួននេះ កម្លាំងនគរបាលខណ្ឌ មានជ័យ បានប្រើពេលតាមដានអស់ជាច្រើនថ្ងៃ។

ក្រោយឃាត់ខ្លួន នៅចំពោះមុខនគរបាលខណ្ឌមានជ័យជនសង្ស័យរូបនេះ បានអះអាងថា កាលពីសប្តាហ៍មុន រូបគេត្រូវបាននគរបាលការិយាល័យក១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាប និងចាប់គេម្តងហើយនៅមុខហាងនំប៉័ងបាយ័ន ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ ដោយដកហូតបានថ្នាំញៀនចំនួន ៥ហ៊ុន។ តែរូបគេត្រូវបាននគរបាលដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីបានបង់ប្រាក់ជូននគរបាលចំនួន ៧០០០ដុល្លារអាមេរិក និងម៉ូតូ Zommer-X មួយគ្រឿង។

ឆ្លើយតបការចោទប្រកាន់នេះ លោក អ៉ិន សុង ប្រធានការិយាល័យក១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានច្រានចោលទាំងស្រុង នូវការចោទប្រកាន់នេះ។ លោក អ៉ិន សុង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ កម្លាំងរបស់លោកពិតជាបានចាប់ខ្លួនជនសង្ស័យពិតប្រាកដមែន តែរកមិនឃើញមានថ្នាំញៀននោះទេ។

លោក អ៉ិន សុង បានបញ្ជាក់ថា បន្ទាប់ពីការឃាត់ខ្លួនកម្លាំងរបស់លោកបានធ្វើតេស្តទឹកនោមរកឃើញថា ជនសង្ស័យមានផ្ទុកសារធាតុ ញៀនក្នុងខ្លួន ហើយមានសំណូមពរពីសាមីខ្លួនផងនោះ ទើបលោកបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់មណ្ឌលបន្សាបគ្រឿងញៀននៅគ្រាំងធ្នង់ ដោយមានការឯកភាពពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ផងដែរ។

ដែលឡែកម៉ូតូវិញ គឺត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅភរិយារបស់ជនសង្ស័យផងដែរ មិនបានយកនោះទេ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អ៉ិន សុង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំង និងបោសសំអាតការជួញដូរគ្រឿងញៀននៅកម្ពុជា។ យុទ្ធនាការនេះមានរយៈពេល ៦ខែ គិតចាប់ពីខែមករា នេះតទៅ។ យុទ្ធនាការដែលបានអនុវត្តន៍រយៈប៉ុន្មានថ្ងៃមកនេះ ការជួញដូរគ្រឿង ញៀនរាប់រយករណី និងជនជាប់ពាក់ព័ន្ធរាប់ពាន់នាក់ហើយត្រូវបានឃាត់ និងឃុំខ្លួន។

យុទ្ធនាការនឹងមិនបានទទួលជោគជ័យឡើយ ប្រសិនបើជាមានមន្រ្តីកម្ចាត់គ្រឿងញៀនមួយចំនួនមិនមានឆន្ទៈក្នុងការអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ហើយមានការស៊ីសំណូកយកលុយពីជនជួញដូរថ្នាំញៀន ដូចការអះអាងរបស់ជនសង្ស័យខាងលើមែននោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]