សារព័ត៌មាន Insider បានចុះផ្សាយថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧នេះថា ក្រុមហ៊ុន Samsung បានប្រកាសពីលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួន ទៅលើទូរស័ព្ទ Galaxy Note 7 ដែលតែងតែផ្ទុះថា ការរចនាថ្មទូរស័ព្ទមិនត្រឹមត្រូវ និងការប្រញាប់ប្រញាល់ក្នុងការបញ្ចេញជំនាន់ថ្មីនៃទូរស័ព្ទ បានបណ្តាលឲ្យឧបករណ៍មួយចំនួនរបស់ទូរស័ព្ទឡើងកម្តៅ ហើយក៏ផ្ទុះតែម្តង។

តាមរយៈការឡើងកម្តៅរបស់ទូរស័ព្ទ ដែលឈានដល់មានការផ្ទុះ បានធ្វើឲ្យក្រុមហ៊ុនអេឡិចត្រូនិចយក្ស របស់កូរ៉េខាងត្បូង មួយនេះ ប្រមូលយកទូរស័ព្ទ Galaxy Note 7 ចូលរោងចក្រវិញទាំងអស់។

ក្រុមហ៊ុន Samsung បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវ និងវិស្វកររបស់ Samsung ប្រមាណ៧០០នាក់ បានធ្វើតេស្តលើទូរស័ព្ទ Galaxy Note 7 ចំនួន ២០០.០០០គ្រឿង និងថ្មជាង៣០.០០០ដុំ ដើម្បីស្វែងរកកំហុសឆ្គងលើទូរស័ព្ទ Note 7។ 

យោងតាមរបាយការណ៍ធ្វើតេស្ត ជាលទ្ធផល ចម្លើយដ៏ខ្លីបានបង្ហាញថា ថ្មរបស់ Galaxy Note 7 មានទំហំធំពេក សម្រាប់ទូរស័ព្ទមួយនេះ វាបង្កើតឲ្យមានចន្លោះកៀកគ្នាខ្លាំងរវាងថ្ម និងឧបករណ៍មួយចំនួនរបស់ទូរស័ព្ទ ដែលបណ្តាលឲ្យឡើងកម្តៅខ្លាំង។ Samsung ក៏បានផ្លាស់ប្តូរថ្ម របស់ក្រុមហ៊ុនផ្គត់ផ្គង់ផ្សេង និងបាននិយាយថា ថ្មរបស់ Galaxy Note 7 មានចំណុចខូចដែលបណ្តាលឲ្យវាឡើងកម្តៅ។

របាយការណ៍ខាងលើ បានបន្តឲ្យដឹងទៀតថា ថ្មរបស់ Galaxy Note 7 នៅជ្រុងខាងលើផ្នែកខាងស្តាំ កោងមកផ្នែកខាងឆ្វេងខ្លាំង បណ្តាលឲ្យ អេឡិចត្រូតអវិជ្ជមាន ផ្អៀងទៅប៉ះនឹងប៉ូលអេឡិចត្រូតផ្សេងទៀត។ មួយវិញទៀត ចុងរបស់អេឡិចត្រូតអវិជ្ជមាន គឺស្ថិតនៅទីតាំងមិនត្រឹមត្រូវ ក្នុងផ្នែកកោងនៃថ្ម ដែលវាគួរស្ថិតនៅក្នុងតំបន់រាបស្មើ។

ហើយមូលហេតុចម្បង ដែលបណ្តាលឲ្យមានការឡើងកម្តៅខ្ពស់មួយទៀត គឺស្ថិតនៅចំណុចផ្សារ របស់អេឡិចត្រូតវិជ្ជមាន ដែលមានសភាពខ្ពស់។ ទឹកផ្សារនោះ បានប៉ះផ្ទាល់ជាមួយឧបករណ៍បែងចែកថាមពល ហើយបណ្តាលឱ្យផ្ទាំងវិជ្ជមាន ប៉ះផ្ទាល់ជាមួយនឹងអេឡិចត្រូតអវិជ្ជមាន ទើបបង្កឲ្យឡើងកម្តៅខ្លាំង៕ 

ប្រភព៖ BusinessInsider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]