រុស្ស៊ី៖ ក្រុមនិស្សិតជនជាតិរុស្ស៊ីមួយក្រុម បានបង្កើននូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃការបើកចាក់ បន្ទាប់ពីសាស្រ្តាចារ្យសាកលវិទ្យាល័យមួយរូប បានរកឃើញថា ពួកគេបានយកសំណៅឯកសារ (ព្រីយ៉ុង) ចូលទៅក្នុងថ្នាក់ពេលប្រឡង ដែលគេជឿថា ជាសំណៅឯកសារទុកបើកចាក់ធំបំផុតក្នុងលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល។

ប្រភពព័ត៌មានបានឲ្យដឹងថា និស្សិតមួយក្រុមនេះ សិក្សានៅសាកលវិទ្យាល័យរដ្ឋ Voronezh ប្រទេសរុស្ស៊ី ពួកគេប្រើប្រាស់ក្រដាស់បិទលម្អជញ្ជាំង ដើម្បីរៀបចំធ្វើជាសំណៅឯកសារទុកបើកចាក់ លើការប្រឡងមុខវិជ្ជា រូបវិទ្យានុយក្លេអ៊ែរ ដែលមានប្រវែងដល់ទៅ ៣,៧ម៉ែត្រឯណោះ។ សំណៅឯកសារដ៏ធំមួយនេះ បានសរសេរលម្អិតអំពីចម្លើយ នៃសំណួរចំនួន ៣៥សំណួរ លើមុខវិជ្ជា រូបវិទ្យានុយក្លេអ៊ែរ ដែលសាស្ត្រាចារ្យរបស់ពួកគេបានប្រាប់ថា អាចនឹងចេញនៅពេលប្រឡង។ 

ប្រភពព័ត៌មានបន្តថា រូបភាពនៃក្រដាស់ព្រីយ៉ុង ប្រវែងជិត៤ម៉ែត្រនេះ ត្រូវបានគេបង្ហោះ និងចែកចាយបន្តពេញបណ្តាញអ៊ីនធើណេត ដោយមានសរសេរអក្សរថា “សាស្រ្តាចារ្យរបស់ពួកយើង បានប្រាប់ថា ពួកយើងនឹងមិនអាចប្រឡងជាប់នូវមុខវិជ្ជានេះទេ បើសិនមិនបានបើកចាក់នោះ”។

តាមរយៈរូបភាពបានបង្ហាញថា និស្សិតមួយក្រុមនេះ កំពុងតែកាន់ក្រដាស់ព្រីយ៉ុងរបស់ពួកគេ ខណៈលោកសាស្រ្តាចារ្យម្នាក់ដែលបានចាប់ពួកគេ កំពុងតែពិនិត្យមើលសំណៅឯកសារនោះ។ ពួកគេបាននិយាយថា សំណៅមួយនេះ ពួកគេបានចំណាយពេលពេញមួយសប្តាហ៍ ដើម្បីរៀបចំវាឡើង។

តែទោះជាយ៉ាងណា គេមិនច្បាស់នោះទេថាតើ និស្សិតមួយក្រុមនោះអាចលួចបើកចាក់ក្រដាស់ព្រីយ៉ុងនោះ ដោយមិនឲ្យអនុរក្សចាប់បានដោយរបៀបណា បើក្រដាស់ព្រីយ៉ុងធំម្លឹងៗ។

យោងតាមរបាយការណ៍ពីប្រទេសរុស្ស៊ី បានបង្ហាញថា ការលួចបើកចាក់ បានរីករាលដាលជាខ្លាំង ក្នុងពេលប្រឡងថ្នាក់មហាវិទ្យាល័យ ហើយជាក់ស្តែង សាស្រ្តាចារ្យជាច្រើន មិនសូវខ្វល់ពីបញ្ហានេះនោះទេ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]