មិុកស៊ិក៖ ឃ្លីបវីដេអូដ៏សាហាវមួយ បង្ហាញពីយុវជន វ័យ១៥ឆ្នាំម្នាក់ ដកកាំភ្លើងបាញ់ គ្រូបង្រៀន និងសិស្ស៣នាក់ផ្សេងទៀត ក្រោយមកក៏បាញ់សម្លាប់ខ្លួនឯង ដែលហេតុការណ៍នេះ បានកើតឡើងនៅក្នុងសាលាបង្រៀនអាមេរិកកាំងពីរភាសា ដែលមានទីតាំងស្ថិតក្នុងភាគខាងជើងប្រទេសមិុកស៊ិក ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងនោះមានគ្រូបង្រៀនម្នាក់ និងសិស្ស៣នាក់ផ្សេងទៀត ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីរងនូវគ្រាប់កាំភ្លើងពីជនដៃដល់ ដែលត្រូវបានគេស្គាល់ថា ជាយុវជនឈ្មោះ Federico Guevara ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ប្រភេទ .22 Caliber Pistol ។

តាមសម្តីរបស់លោក Jamie Rodriguez ជាអភិបាលរដ្ឋបានបញ្ជាក់ថា យុវជនដែលហ៊ានដកកាំភ្លើងបាញ់គ្មានប្រណី ហើយបាញ់សម្លាប់ខ្លួនឯងនេះ គឺដោយសារតែរូបគេមានកង្វល់នៅក្នុងខ្លួន ឬអាចនិយាយបានថាមានជម្ងឺបាក់ទឹកចិត្ត ទើបបណ្តាលឲ្យគេហ៊ានធ្វើបែបនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ករណីនេះ កំពុងបន្តស្ថិតក្នុងការស៊ើបអង្កេតនៅឡើយទេ។

គួរឲ្យដឹងដែរថា អំពើឃាតកម្មដ៏សាហាវនេះ ត្រូវបានរៀបចំទុកមុនរួចហើយ ដោយជនដៃដល់ បានបង្កើតគំរោងរួចជាស្រេច នៅក្នុងគណនីសង្គមហ្វេសប៊ុក ដោយមានភស្តុតាងជាច្រើនបានបញ្ជាក់។ ក្នុងនោះជនដៃដល់ បានសរសេរបង្ហោះក្នុងហ្វេសប៊ុកនាយប់មុនថ្ងៃកើតហេតុថា «ថ្ងៃស្អែកខ្ញុំនឹងធ្វើការបាញ់សម្លាប់រង្គាលនៅក្នុងសាលារបស់យើង»

ចំពោះជនរងគ្រោះវិញ មានគ្រូបង្រៀនម្នាក់ អាយុ២៤ឆ្នាំ និងកូនសិស្ស២នាក់ អាយុ ១៤ និង១៥ឆ្នាំ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។ ខណៈសិស្សម្នាក់ទៀត របួសស្រាលត្រូវដៃ គេចផុតសេចក្តីស្លាប់ ហើយចំនែកជនដៃដល់វិញ បាញ់សម្លាប់ខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម៕  

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ គ្រោះថ្នាក់ចរាចរណ៍ មនុស្សដេករបួសពេញផ្លូវមិនជួយ បែរជានាំគ្នាទៅរើសលុយ ដែលគេជ្រុះទៅវិញ

វីដេអូដ៏ហួសចិត្តមួយត្រូវបានគេបង្ហោះពេញអ៊ិនធើណេត បង្ហាញពីមនុស្សមួយក្រុម បានឈប់រថយន្តនៅកន្លែងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលមានអ្នករងគ្រោះរហូតដល់ស្លាប់ ប៉ុន្តែពួកគេមិនបានឈប់ដើម្បីជួយជនរងគ្រោះទេ ផ្ទុយទៅវិញពួកគេរត់ទៅដណ្តើមគ្នារើសយកលុយ ដែលជ្រុះរាយប៉ាយពេញផ្លូវទៅវិញ។

សារព័ត៌មានដេលីម៉ែល បានចុះផ្សាយថា អ្នកដែលឃើញហេតុការណ៍នោះ បានយកទូរស័ព្ទរបស់នាងទៅថតសកម្មភាព របស់មនុស្សអាត្មានិយមមួយក្រុម ដែលកំពុងតែនាំគ្នាប្រមូលលុយនៅកន្លែងរថយន្តប៉ះទង្គិចគ្នា លើផ្លូវហាយវ៉េមួយខ្សែដែលភ្ជាប់ទីក្រុង San Felix ទៅកាន់ទីក្រុង Upata ប្រទេសវេណេហ្ស៊ុយអេឡា។

ប្រភពព័ត៌មានពីអ្នកកាសែតក្នុងតំបន់បានឲ្យដឹងថា រថយន្តមួយគ្រឿងក្នុងចំណោមរថយន្តដែលជួបគ្រោះថ្នាក់នេះ គឺពោរពេញទៅដោយលុយក្រដាស ១០០ និង ៥០ VEF (រូបិយប័ណ្ណវេណេហ្ស៊ុយអេឡា) ដែលពួកគេទំនងជាធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេស ដើម្បីទៅទិញចំណីអាហារ ទើបយកលុយទៅច្រើនយ៉ាងនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា មនុស្សមួយក្រុម ដែលបាននាំគ្នាទៅរើសលុយ ហើយមិនជួយជនរងគ្រោះនោះ ថែមទាំងបានបើកវ៉ាលី និងដោះនាឡិកាពីដៃជនរងគ្រោះម្នាក់ទៀតផង ខណៈស្រ្តីដែលថតវីដេអូនោះ បានស្រែកទៅកាន់មនុស្សដែលគ្មានបេះដូងទាំងនោះថា “ហេ! អ្នកទាំងអស់គ្នា ធ្វើខ្លួនជាមនុស្សខ្លះទៅ កុំអាក្រក់ខ្លាំងពេក”។

ប្រភពព័ត៌មានបន្តថា បុរស២នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់នេះ ហើយស្រ្តីម្នាក់បានរបួស និងត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមូលហេតុនៃគ្រោះថ្នាក់មួយនេះ គឺបណ្តាលមកពីរថយន្តមួយគ្រឿងបានបែកកង់ ហើយរេទៅបុករថយន្តមួយគ្រឿងទៀត។

គួរបញ្ជាក់ថា ប្រទេសនេះបច្ចុប្បន្នកំពុងតែជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ហើយវាបានបណ្តាលមានកង្វះខាតស្បៀងអាហារ និងរបស់ប្រើប្រាស់សំខាន់ចាំបាច់ផ្សេងទៀត។ ហើយដោយសារតែវិបត្តិមួយនេះ កង្វះម្ហូបអាហារ និងថ្នាំពេទ្យ បានបង្កឱ្យមានកុបកម្ម និងការលួចឆក់ជាច្រើន ពេញប្រទេស៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]