ប្រវត្តិសាស្រ្ត របស់មនុស្សជាតិយើង មានចំនួនច្រើន និងវិសាលភាពធំធេងណាស់ ហេតុនេះ សូម្បីតែ អ្នកជំនាញខាងផ្នែកប្រវត្តិសាស្រ្ត ក៏ជួនកាល មិនដឹងពីអាថ៌កំបាំងបានទាំងអស់ដែរ។ វត្ថុបុរាណមួយចំនួន ដែលត្រូវបានគេរកឃើញ ក្នុងអំឡុងពេលស្រាវជ្រាវ បានចោទជាសំនួរមិនអាចបកស្រាយបាន ជាច្រើន ដល់អ្នកជំនាញ។

ហេតុនេះ គេហទំព័រ Bright Side ក៏បានចងក្រងនូវ វត្ថុបុរាណពីប្រវត្តិសាស្រ្ត ដែលរកឃើញជាច្រើនឆ្នាំមកហើយ តែអ្នកបុរាណវិទូ នៅតែមិនអាចពន្យល់បកស្រាយបាន ដូចខាងក្រោមនេះ ៖

១. ដុំថ្មរាងស្វ៊ែរ នៅប្រទេស Costa Rica

ដុំថ្មរាងស្វ៊ែរ (ឬជាថ្មរាងដូចបាល់) នៅឯប្រទេស Costa Rica មានប្រមាណជាជាង ៣០០ ដុំថ្ម ស្ថិតនៅតំបន់ Diquís Delta លើកោះ Isla del Caño ។ ដុំថ្មទាំងនោះមានទំហំចាប់ពី ២ សង់ទីម៉ែត្រ រហូតជាង ២ ម៉ែត្រក៏មាន ជាពិសេស អាចមានទម្ងន់រហូតដល់ទៅ ១៥ តោន។ កាលពីខែមិថុនា ឆ្នាំ ២០១៤ តំបន់ដុំថ្មរាងស្វ៊ែរទាំងនេះ ត្រូវបានចាត់ចូលជា តំបន់បេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO ថែមទៀតផង។

អាថ៌កំបាំងរបស់ដុំថ្មទាំងនេះ មិនត្រឹមតែរូបរាងស្វ៊ែររបស់វាប៉ុណ្ណោះទេ សូម្បីតែប្រភព និងគោលបំណង របស់វា ក៏នៅតែមិនទាន់មានអ្នកស្វែងយល់បាននៅឡើយដែរ។ គេបានធ្វើការប៉ាន់ស្មានថា វាអាចជាតំណាងឲ្យសាកសព មនុស្សរស់នៅទីនោះ ពីជំនាន់មុន ឬអាចជាសញ្ញាសម្គាល់ទឹកដី របស់កុលសម្ព័ន្ធផ្សេងគ្នា។ 

២. Baghdad Battery (ថ្មសាក Baghdad)

ថ្មសាក Baghdad (ឬថ្មសាក Parthian) គឺជាសំណុំវត្ថុបុរាណចំនួន ៣ ត្រូវបានគេរកឃើញរួមគ្នា ដែលមានដូចជា ថូធ្វើពីសេរ៉ាមិចមួយ បំពង់លោហៈមួយ និងឆ្អឹងដែកមួយ កាលពីទសវត្សឆ្នាំ ១៩៣០។ ជាក់ស្តែង ថូនោះមានកម្ពស់ប្រមាណជា ១៣០ មីលីម៉ែត្រ ដោយមានលេចបំពង់ដែក (បំពង់លោហៈ) ច្រែះស៊ីចេញពីមាត់ថូ និងមានស៊ីឡាំងស្ពាន់មួយ ជាប់នៅខាងក្នុងនោះ រួមទាំងមានឆ្អឹងដែក ក្នុងស៊ីឡាំងស្ពាន់នោះផង។

ក្រោយពេលពិសោធន៍ អ្នកជំនាញប៉ាន់ស្មានថា វាអាចជាថ្មសាកពីបុរាណ ដែលអាចផលិតចរន្តអគ្គិសនីបាន ១ វ៉ុល។ ប៉ុន្តែ ក៏មានមតិផ្សេងបានលើកឡើងថា វាសម្រាប់ធ្វើអគ្គិសនីវិភាគ លើមាស។ ជាងនេះទៅទៀត ថ្មីៗនេះ គេបែរជាអះអាងថា វាជាឧបករណ៍រក្សាទុកគម្ពីរទៅវិញ ដោយគ្មានគំនិតមួយណា ច្បាស់លាស់ទាល់តែសោះ។

៣. សំណៅឯកសារ Voynich

សំណៅឯកសារ Voynich គឺជាសៀវភៅមានរូបគំនូរ និងមានអក្សរសរសេរដៃ ដែលគ្មានអ្នកដឹងថា ជាអក្សរអ្វីឡើយ។ យោងតាមសន្លឹកឯកសារនោះ គេបានសន្និដ្ឋានថា វាត្រូវបានសរសេរតាំងពីអំឡុងសតវត្សតី ១៥ (ឆ្នាំ ១៤០៤ ដល់ ១៤៣៨) និងមិនពេញរូបរាងទេ ដោយសំណៅឯកសារនេះ មាននៅសេសសល់តែ ២៤០ សន្លឹកប៉ុណ្ណោះ។ អក្សរទាំងនោះ ត្រូវបានសរសេរពីឆ្វេងទៅស្តាំ ហើយភាគច្រើនមានរូបភាព ភ្ជាប់ជាមួយ។

ភាសា រូបភាព និងនិមិត្តសញ្ញា ក្នុងសំណៅឯកសារនោះសុទ្ធតែចម្លែក និងមិនអាចបកស្រាយបាន សូម្បីតែអ្នកនិពន្ធ ក៏គ្មានអ្នកស្គាល់ដែរ។ តួអក្សរនីមួយៗ របស់ឯកសារនោះ មានភាពខុសប្លែកយ៉ាងខ្លាំង ដោយគ្មានលក្ខណៈត្រង់ណា ដែលស្រដៀងទៅនឹងអក្សរភាសាណាមួយទាល់តែសោះ។ វាអាចចាត់ចូលជាសំណៅឯកសារ ដែលមានអាថ៌កំបាំងជាងគេលើលោក ពីព្រោះមកទល់នឹងពេលនេះ មិនទាន់មាននរណាម្នាក់ អាចបកស្រាយអក្សរទាំងនោះបានឡើយ។ 

៤. រូបចម្លាក់មាស សល់ពីអាណាចក្រ Inca

គេបានរកឃើញរូបចម្លាក់មាស រូបរាងដូចជាសត្វ ដ៏ចម្លែក នៅឯទ្វីបអាមេរិកខាងត្បូង។ វាជារឿងលំបាក ក្នុងការកំណត់អាយុរបស់មាស ប៉ុន្តែ គេជឿជាក់ថាវាត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ ៥០០ ទៅ ៨០០។

ពីដំបូង អ្នកជំនាញ បានគិតថា វាជារូបតំណាងឲ្យសត្វបក្សី ប៉ុន្តែក្រោយមក ពួកគេគិតថាវាជា ឧបករណ៍ដែលអាចហោះហើរបាន របស់មនុស្សសម័យនោះ ប៉ុន្តែ គួរឲ្យសោកស្តាយពួកគេ មិនអាចស្វែងរកភស្តុតាង ឬអំណះអំណាងច្បាស់ការណាមួយ មកបញ្ជាក់បានល្អិតល្អន់នោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ១៩៩៦ អ្នកផលិតតួយន្តហោះ ជនជាតិអាល្លឺម៉ង់ឈ្មោះ Algund Eeboom និង Peter Belting បានបញ្ជាក់ថា រូបចម្លាក់នោះប្រហែលជាម៉ាស៊ីនហោះហើរពិតមែនហើយ ដោយពួកគេបានបង្កើតម៉ាស៊ីនហោះហើរនោះឲ្យធំ និងបំពាក់ដោយម៉ាស៊ីន រួមជាមួយប្រព័ន្ធត្រួតពិនិត្យទៀតផង។ 

៥. Genetic disc (ថាសលោហៈ និយាយពីហ្សែនមនុស្ស)

វត្ថុបុរាណមួយនេះ ត្រូវបានរកឃើញ នៅឯព្រំដែនទឹកដី Colombia និងត្រូវបានគេដាក់ឈ្មោះថា “Genetic disc” ។ ថាសលោហៈនេះ មានអង្កត់ផ្ចិត ២៧ សង់ទីម៉ែត្រ និងមានម៉ាស ប្រមាណជា ២ គីឡួក្រាម។ ចំណេះដឹងរបស់មនុស្ស ពិតជាមិននឹកស្មានថា មានតាំងពី ៦០០០ ឆ្នាំមុនទាល់តែសោះ ទាំងដែលមនុស្សសម័យឥលូវ អាចមើលឃើញការវិវឌ្ឍទាំងនោះ បានដោយសារមីក្រូទស្សន៍តែប៉ុណ្ណោះ។

ថាសលោហៈនោះ បានបង្ហាញអំពីដំណើរ និងការអភិវឌ្ឍន៍ នៃអំប្រ៊ីយ៉ុងរបស់មនុស្ស ដោយមានរូបក្បាលមនុស្សច្បាស់ៗតែម្តង។ លើសពីនេះទៅទៀត ថាសលោហៈនោះ មិនត្រូវបានដឹងថា ត្រូវបានធ្វើឡើងក្នុងគោលបំណងអ្វីឡើយ ជាពិសេស វាផ្សំឡើងដោយលោហៈធាតុម្យ៉ាង ដែលមានភាពរឹងមាំខ្លាំង រហូតមិនមានអ្នកណាអាចបកស្រាយបានថា វាត្រូវបានផលិតឡើងយ៉ាងដូចម្តេចទេ។ 

៦. ម៉ាស៊ីន Antikythera

ម៉ាស៊ីន Antikythera គឺដូចជាគ្រឿងកុំព្យូរទ័របុរាណមួយ ដែលគេជឿថាប្រើសម្រាប់ សង្កេតមើលចលនារបស់ផ្កាយ និងភព ជាពិសេសវាក៏ជាឧបករណ៍កំណត់ ការប្រកួតកីឡាអូឡាំពិក ពីសម័យបុរាណផងដែរ។ ឧបករណ៍នេះ ត្រូវបានបង្កើតឡើងនៅជំនាន់ក្រិចបុរាណ ប្រមាណជា ១០០ ឆ្នាំមុនគ.ស និងត្រូវបានគេរកឃើញនៅក្នុងនាវាបាក់បែកមួយ នៅជិតកោះ Greek ក្នុងឆ្នាំ ១៩០១។ អ្នកវិទ្យាសាស្រ្ត បាននិយាយថា វាផ្សំឡើងពី ស្ពឺធ្វើពីលង្ហិន ចំនួន ៣០ និងរុំព័ទ្ធដោយប្រអប់ឈើពីក្រៅ និងមានការរៀបចំផលិតឡើងយ៉ាងស្មុគ្រស្មាញ។

តែទោះជាយ៉ាងណាក៏ដោយ ការខ្វែងគំនិតគ្នា គឺនៅតែមាន ដោយអ្នកជំនាញមួយចំនួន នៅតែបន្តស្វែងរកមូលហេតុ និងអំណះអំណាង ដែលមនុស្សសម័យបុរាណ អាចមានសត្ថភាពផលិតឧបករណ៍ ដ៏ស្មុគ្រស្មាញនេះបានដោយរបៀបណាផងដែរ៕

ប្រភព៖ Bright Side | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]